Connect with us

ព័ត៌មានជាតិ

ផលិតផលខ្មែរត្រូវបាននាំចេញទៅកាន់ទីផ្សារថ្មីនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងតាមប្រព័ន្ធឌីជីថល

(រាជធានីភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តមប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួងពាណិជ្ជកម្ម គាំទ្រចំពោះបេសកកម្មនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារថ្មីនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមរដ្ឋលេខាធិការអញ្ញើញអធិបតីក្នុងពិធី​បើកដំណើរការជាផ្លូវការនូវកម្មវិធីមួយមានឈ្មោះថា “បេសកកម្មនៃការនាំចេញទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង” ដោយប្រើប្រាស់តាមព័ត៌មានវិទ្យា ដែលត្រូវបានរៀបចំឡើងដោយសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) ក្រោមជំនួយឧបត្ថម្ភរបស់គម្រោង«កម្ពុជាហាវែស-II»។ ពិធីនេះក៏មានការអញ្ញើញចូលរួមពី ​លោក Nimish Jhaveri ប្រធាន​គម្រោងកម្ពុជាហាវែស-II លោកម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ព្រមទាំងលោកឧកញ៉ា លោក លោកស្រីវាគ្មិន តំណាងអង្គការ សមាគម និងសហគ្រាសកម្ពុជា សរុបប្រមាណ ៦៥នាក់។

ឯកឧត្តម​រដ្ឋលេខាធិការបានសម្តែងនូវការអបអរសាទរ និងគាំទ្រចំពោះសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ដែលបានអភិវឌ្ឍន៍ខ្លួនប្រកបដោយមោទនភាព ក្នុងការផ្តួចផ្តើមរៀបចំកម្មវិធីជំរុញការនាំចេញ​ផលិតផលដោយប្រើប្រាស់ប្រពន្ធ័ព័ត៌មានវិទ្យា ស្របតាមបរិបទ​ឧស្សាហកម្មជំនាន់ទី៤ ដែលពិភពលោកកំពុងអនុវត្ត នាពេលបច្ចុប្បន្ននេះ ។

ឯកឧត្តមបានលើកឡើងថា៖ បេសកកម្មនេះ គឺជាក្តីសង្ឃឹមមួយដែលជួយផ្សព្វផ្សាយ និងនាំឱ្យពិភពលោកបានស្គាល់ទំនិញកម្ពុជាលើឆាកអន្តរជាតិកាន់តែច្រើនឡើងថែមទៀត ​និងជាស្ពានតភ្ជាប់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម រវាងពាណិជ្ជករ ផលិតករកម្ពុជា ជាមួយអ្នកទិញនៅមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ក្រុមហ៊ុន និងសហគ្រាសកម្ពុជាទាំង២៥ក្រុមហ៊ុនថា៖ ដើម្បីទទួលជោគជ័យលើបេសកកម្មនេះ និងរក្សាដៃគូពាណិជ្ជកម្ម និងទីផ្សារដែលទទួលបាន ។ ផលិតករកម្ពុជាគួរយកចិត្តទុកដាក់ជាពិសេសក្នុងការផលិតទំនិញ ដោយឈរលើគោលការណ៍ចំនួន ៤ គឺ  ៖

១. ទំនិញត្រូវមានគុណភាពខ្ពស់

២.ទំនិញត្រូវមានសុវត្ថិភាព និងស្តង់ដារអនាម័យ

៣.ទំនិញត្រូវមានសំបកវេចខ្ចប់ត្រូវតែមានសោភ័ណភាព និងមានព័ត៌មានគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់ ។

៤.ទំនិញត្រូវមានតម្លៃសមរម្យ ដើម្បីទាក់ទាញអ្នកបញ្ជាទិញ និងចូលរួមប្រកួតប្រជែងលើទីផ្សារជាមួយដៃគូប្រកួតប្រជែងរបស់យើង។​

 “បេសកកម្មនៃការនាំចេញទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង” គឺជាការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាមួយ រៀបចំឡើងដើម្បីជំរុញក្រុមហ៊ុន សហគ្រាសកម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចូលរួមពិព័រណ៍ឌីជីថលក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិផលសរីរាង្គ និងធម្មជាតិនៅឌុយបៃ​។ ​

បេសកកម្មនេះ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានជ្រើសរើសក្រុមហ៊ុន និងសហគ្រាសកម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកពីវិស័យម្រេច និងគ្រឿងទេស អង្ករ បន្លែ និងផ្លែ​ឈើ ផលិតផលកសិ-ពាណិជ្ជកម្មកែច្នៃ ដូចជាដំណាប់ស្វាយក្រៀម ទឹកឃ្មុំ និងគ្រាប់ធញ្ញជាតិដទៃទៀត។ល។ ដើម្បីមកចូលរួមជាគម្រោងសាកល្បង​ដោយជ្រើសរើសយកទីផ្សារតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង ​ជាទីផ្សារគោលដៅ ។​

ទីផ្សារមួយនេះមានអំណាចនៃការទិញធំ និងកំពុងមានតម្រូវការម្ហូបអាហារសុវត្ថិភាពនាំចូលជាច្រើន ។ ហើយបើតាមការរំពឹងទុក បេសកកម្មនេះនឹងជួយបើកផ្លូវឱ្យក្រុមហ៊ុន សហគ្រាសកម្ពុជា បានស្គាល់ទីផ្សារអន្តរជាតិកាន់តែច្រើន និងធ្វើឱ្យពាណិជ្ជករកម្ពុជា មានទំនាក់ទំនងជាមួយដៃគូបញ្ជាទិញពីបរទេសកាន់តែច្រើន ។​

ម្យ៉ាងវិញទៀត បេសកកម្មមួយនេះ នឹងជួយធ្វើឱ្យក្រុមហ៊ុន សហគ្រាសកម្ពុជា មានគំនិតច្នៃប្រឌិត ក្នុងការរៀបចំកម្មវិធីអភិវឌ្ឍន៍ផលិតផល និងអភិវឌ្ឍក្រុមហ៊ុន និងមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការចូលរួមធ្វើពាណិជ្ជ កម្មអន្តរជាតិ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook