Connect with us

កងកម្លាំងប្រដាប់អាវុធ

សាខា ក.ប.ប ខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារក្នុងឱកាសបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ

សាខា ក.ប.ប ខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារក្នុងឱកាសបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ

…………………………………………………………………………………………………………………………………………………….

កំពង់ឆ្នាំង ៖ ដើម្បីធានាសុវត្ថិភាពចំណីអាហារ នៅក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សាខា ក.ប.ប ខេត្តកំពង់ឆ្នាំងដឹកនាំដោយលោក ចាន់ ដារ៉ាវុឌ្ឍ អនុប្រធានសាខា ក.ប.ប បានសហការ ជាមួយមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំង និង អាជ្ញាធរក្រុងកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានចុះត្រួតពិនិត្យមើលគុណភាពទំនិញ ដែលកំពុងដាក់លក់នៅតាមផ្ទះ និងស្តង់លក់នានាក្នុងក្រុង កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

លោក ចាន់ ដារ៉ាវុឌ្ឍ អនុប្រធានសាខា ក.ប.បខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ការចុះត្រួតពិនិត្យគុណភាព ទំនិញនេះ គឺស្របពេលដែលពិធីបុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌមកដល់ ដែលប្រជាពលរដ្ឋទូទៅបាន ទិញ គ្រឿងឧបភោគ បរិភោគ របស់របរដែលវេចខ្ចប់ជាស្រេចយកទៅវត្ត ពិសេសរណ្តាប់សម្រាប់ ប្រគេន ព្រះសង្ឃ ។ ការចុះពិនិត្យទំនិញនេះ គឺដើម្បីរកមើលទំនិញដែលខូចគុណភាព ផុតកំណត់រយៈពេល ប្រើប្រាស់ ដែលអាជីវករនៅតែបន្តដាក់លក់ ដោយផ្តោតសំខាន់ទៅលើទំនិញ ដែលវេចខ្ចប់ជាស្រេច ដាក់ក្នុងសាដកសម្រាប់ព្រះសង្ឃ ភេសជ្ជៈ អាហារកំប៉ុងផងដែរ បន្លែ ប្រហិត និងគ្រឿងសមុទ្រ ។

លោកអនុប្រធានសាខាបានឱ្យដឹងទៀតថា នៅក្នុងឱកាសបុណ្យនានា អាជីវករមួយចំនួនតូច តែងតែបន្លំ យករបស់ខូចគុណភាពទៅវេចខ្ចប់ ឬ ដាក់ចូលក្នុងសាដកលក់ជូនប្រជាពលរដ្ឋ។ដើម្បីធានាគុណភាពទំនិញវេចខ្ចប់ទាំងនេះ សាខាក.ប.ប បានចុះពិនិត្យមើល ទីតាំងលក់ដូរមួយចំនួន ដែលមានលក់សាដកន និង កាដូអនុស្សាវរីយ៍ ។ជាលទ្ធផលនៃការត្រួតពិនិត្យ អាជីវករមានការយល់ដឹងច្រើនអំពីសុវត្ថិភាពចំណីអាហារដែលមានគុណភាព និងរៀបទុកដាក់ទៅតាមប្រភេទទំនិញបានល្អ ។

លោកអនុប្រធានសាខាក.ប.ប ខេត្តកំពង់ឆ្នាំង ក៏បានធ្វើការអំពាវនាវដល់អាជីវករទាំងអស់ ត្រូវយល់ដឹងអំពី សុវត្ថិភាពចំណីអាហារដែលយកទៅដាក់លក់ឱ្យប្រជាពលរដ្ឋ យកទៅប្រើប្រាស់ ឬ បរិភោគ ។ រាល់ការដាក់តាំងលក់ទំនិញ ត្រូវតែជាទំនិញដែលមានគុណភាព អនាម័យ និង រៀបចំបានត្រឹមត្រូវ ទៅតាម ប្រភេទទំនិញនីមួយៗផងដែរ ធានាឱ្យបានអំពីសុវត្ថិភាពខ្ពស់ ដើម្បីឱ្យប្រជាពលរដ្ឋដែលយកទៅប្រើប្រាស់ មានសុខភាពល្អ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook