Connect with us

កងកម្លាំងប្រដាប់អាវុធ

អភិបាលខេត្តប៉ៃលិន ដាក់ផែនការម៉ឺងម៉ាត់ ក្នុងការបង្រ្កាបល្បែងស៊ីសងខុសច្បាប់

អភិបាលខេត្តប៉ៃលិន ដាក់ផែនការម៉ឺងម៉ាត់ ក្នុងការបង្រ្កាបល្បែងស៊ីសងខុសច្បាប់

………………………………………………………………………………………….……………………

ប៉ៃលិន៖ រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តនិងជា ប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីចាត់វិធានការចុះបង្រ្កាបបទល្មើស ល្បែងស៊ីសងខុសច្បាប់នានា ដែលមានទីតាំងក្នុងខេត្ត រាប់ទាំងមុខសញ្ញាល្បែងឆ្នោតឡូតូ និងកន្ទុយលេខ ផងដែរ តបទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានមានប្រសាសន៍ ពាក់ព័ន្ធនឹងការងារសន្តិសុខ វិធានការបង្ក្រាបល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស ។

 

ក្នុងកិច្ចប្រជុំ លោកជំទាវ បាន ស្រីមុំ បានជំរុញដល់រដ្ឋបាលក្រុង ស្រុក កងកម្លាំងទាំង៣ រួមនិងកម្លាំង ប៉ុស្តិ៍នគរបាល ត្រូវចុះស្រង់បញ្ជីឈ្មោះម្ចាស់អាជីវកម្មតូបកាហ្វេ ហាងគុយទាវ និងត្រូវធ្វើការណែនាំដល់គាត់ កុំឱ្យមានការលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ ឱ្យមានប្រសិទ្ធភាពបំផុត ជាពិសេសត្រូវពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទាក់ទងទៅនឹងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុច ឱ្យខាងតែបាន ព្រមទាំងការដោះស្រាយរាល់បញ្ហា, សំណូមពរ និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋឱ្យបាន ឆាប់រហ័ស ហើយត្រូវធ្វើផែនការសកម្មភាពប្រចាំថ្ងៃ ក្នុងការអនុវត្តន៍ បង្ក្រាបល្បែងស៊ីសងនៅមូលដ្ឋាន របស់ខ្លួន ដើម្បីរាយការណ៍ជាប្រចាំជូនប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក និង ដើម្បីស្រុករាយការណ៍ មកក្រសួងមហាផ្ទៃ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ព្រមានចាត់វិធានការចំពោះអ្នកពាក់ព័ន្ធនឹងបទល្មើសល្បែង ស៊ីសងខុសច្បាប់ទាំងអស់ ទោះជាមន្ត្រីរាជការ ឬ កងកម្លាំងមានបុណ្យស័ក្តិធំក៏ដោយ គឺត្រូវដកខ្លួនថយ ជាបន្ទាន់ ហើយដកខ្លួនជារៀងរហូត។ ចំណែកមេល្បែងខុសច្បាប់គ្រប់ប្រភេទ និងកន្លែងលបលួច លេង ល្បែងខុសច្បាប់នានា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយអ្នកញៀនល្បែងទាំងឡាយសូមមេត្តាឈប់លេងទៅ ដើម្បីសុភមង្គលក្នុងគ្រួសារ ។

ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ណែនាំដល់មេបញ្ជាការកងកម្លាំងទាំងបី និង អាជ្ញាធរក្រុង ស្រុកទាំងអស់ ត្រូវរួមគ្នាអនុវត្តកិច្ចការនេះឱ្យមានប្រសិទ្ធភាព ជាពិសេសត្រូវបង្កើនការ យកចិត្តទុកដាក់ថែមទៀត ក្នុងការលើកទឹកចិត្តដល់បងប្អូនកងកម្លាំងប្រជាការពារ ក្នុងការបំពេញកិច្ចការ រក្សាសន្តិសុខក្នុងមូលដ្ឋាន ដើម្បីបញ្ចៀសកុំឱ្យមានចោរឆក់ ចោរប្លន់ ដោយសារតែល្បែងស៊ីសង ដែលវា មិនបានចំណេញដល់សេដ្ឋកិច្ចជាតិនោះទេ ផ្ទុយទៅវិញបាននាំឱ្យប្រជាពលរដ្ឋដែលងប់ងុលនឹងល្បែង ត្រូវលក់គោលក់ក្របី ផ្ទះសំបែង និងខាតពេលវេលារកស៊ី ធ្វើឱ្យបែកបាក់គ្រួសារ និងប៉ះពាល់ដល់អនាគត កូនចៅ ដោយសារតែការចាញ់ល្បែងនេះ ។

សូមបញ្ជាក់ថា៖ តាមរយៈសារសំឡេងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ក្នុងនោះសម្តេចតេជោ បានព្រមាន ដកអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណា ដែលមិនទទួលខុសត្រូវលើតួនាទី និងបណ្តោយឱ្យ ល្បែងស៊ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន៕

Click to comment

Leave a Reply

Your email address will not be published.

Facebook