Connect with us

កងកម្លាំងប្រដាប់អាវុធ

សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដល់ទឹកដីនៃទីក្រុងញូវយ៉កសហរដ្ឋអាមេរិកហើយ

សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដល់ទឹកដីនៃទីក្រុងញូវយ៉កសហរដ្ឋអាមេរិកហើយ

………………………………………………………………………………………………………………………………………………..

បន្ទាប់ពីធ្វើការហោះហើរអស់រយៈពេលប្រមាណជា២២ម៉ោង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទៅដល់ទឹកដីនៃទីក្រុង ញូវយ៉កសហរដ្ឋអាមេរិកហើយ ដើម្បីចូលរួមមហាសន្និបាតលើកទី៧៧ នៃអង្គការសហប្រជាជាតិ។ សម្ដេចតេជោបានទៅដល់ទីក្រុងញូវយ៉កនៅម៉ោងប្រមាណ ៦ល្ងាចថ្ងៃទី២១ ខែកញ្ញា ម៉ោងនៅក្រុងញូវយ៉ក ត្រូវនឹងម៉ោង ៥.០៣នាទី ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ម៉ោងនៅរាជធានីភ្នំពេញ។

តាមសេចក្ដីប្រកាសព័ត៌មាន នារសៀលថ្ងៃទី១៩ ខែកញ្ញា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា សម្ដេចតេជោនាយក រដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (មសអសប) ក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា»។

សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងថា ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន នឹងឡើងធ្វើសេចក្ដីថ្លែងការណ៍ជាតិរបស់ កម្ពុជា ដោយ សម្ដេចនឹងលើកឡើងពីតួនាទីស្ថាបនា របស់កម្ពុជាក្នុងកិច្ចគាំទ្រពហុភាគីនិយមផ្អែកលើគោលការណ៍ច្បាប់ រួមមាន ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសុខភាពជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី គោលនយោបាយឌីជីថលនិងសេដ្ឋកិច្ចបៃតង ក៏ដូចជាការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានិងកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាក្នុងការកាត់បន្ថយជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែងថែមទៀតផង។

សូមបញ្ជាក់ថា ក្រៅពីការអញ្ជើញចូលរួមក្នុងមហាសន្និបាតនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏នឹងត្រូវបំពេញទស្សនកិច្ចផ្លូវការនៅ សាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិ របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ផងដែរ ដោយការធ្វើដំណើរ នេះគិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នេះ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook