Connect with us

ព័ត៌មានជាតិ

អាជ្ងាធរ កំពុងពន្លឿនដំណើរការសាងសង់ព្រលានយន្តហោះបែកចានបាត់ដំបងឡើងវិញ

រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា ព្រលានយន្តហោះបែកចានខេត្តបាត់ដំបង បានចាប់ផ្តើមកំណត់ទីតំាង ដាំបង្គោល កំណត់ព្រំដីនិងចុះបញ្ជីកម្មសិទ្ធិដីធ្លី ដើម្បីឈានទៅជួសជុលឡើងវិញនាពេលខាងមុខនេះ ឆ្លើយតប ទៅនឹងតម្រូវការដឹកជញ្ជូនផ្លូវអាកាសក្នុងស្រុក ។

ថ្លែងក្នុងសន្និសីទសារព័ត៌ មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដនៅខេត្ដបាត់ដំបង កាលពីថ្ងៃទី២៥ ខែមករា លោក សឿម ប៊ុនរិទ្ធិ អភិបាលរង ខេត្តបាត់ដំបងបានមានប្រសាសន៍ថា រដ្ឋបាលខេត្តកំពុងធ្វើការមួយជំហានហើយ ជាមួយនឹងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយទីមួយក្នុងក្របខ័ណ្ឌ ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ក្នុងការអនុវត្តការងារជាក់ស្តែង តាមណែនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយបានឆ្វៀលផ្ទៃដីព្រលាន យន្តហោះទុកសម្រាប់ការសាងសង់ឡើងវិញនាពេលខាងមុខ ទំាងនៅស្រុកសង្កែ និងក្រុងបាត់ដំបង។

លោកបានបន្តថា ប្រសិនបើប្រជាពលរដ្ឋទៅដាំដុះឬធ្វើ ស្រែទៅដល់ដីកន្លែងព្រលាន នោះ នៅពេលដែលចេញប្លង់កម្មសិទ្ធិ គឺរដ្ឋមិនចេញប្លង់ឱ្យទេ ហើយប្រជាពលរដ្ឋក៏បានទទួលស្គាល់និងផ្តិតមេដៃអនុវត្តតាមកិច្ចសន្យានេះហើយដែរ។

លោកអភិបាលរងបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះប្រជាពលរដ្ឋ ធ្វើស្រែ ធ្វើចំការនៅក្នុងដីព្រលានយន្តហោះស្ទើរតែទំាងស្រុង ហើយពួកគាត់នៅតែមានបំណងទាមទារឱ្យរដ្ឋដោះស្រាយគោលនយោបាយ ខណៈដែលដោយពួកគាត់បានដឹងហើយថា ទីតំាងនេះជាដីរបស់រដ្ឋ ជាទ្រព្យសម្បត្តិសាធារណៈ ដូច្នេះ រដ្ឋមិនចេញបណ្ណកម្មសិទ្ធិជូនឡើយ ។

លោកបានបន្ថែមថា អ្វីដែលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលឱ្យជួយសិក្សាបន្ថែម គឺតាំងពីសម័យសង្គមរាស្រ្តនិ យមមក គឺពាក់ព័ន្ធនឹងលូរំដោះទឹកភ្លៀងដែលចេញពីក្រុងកាត់តាមព្រលាន ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សំណូមពរឱ្យសិក្សាដើម្បីបង្វែរចេញពីទីនោះ ។

គួររំលឹកថា ព្រលានយន្តហោះខេត្តបាត់ដំបង បានបើកដំណើរការដំបូង កាលពីឆ្នាំ១៩៦៧ ហើយត្រូវបានបិទដំណើរការទាំងស្រុងត្រឹម ឆ្នាំ១៩៧៥ ខណៈដែលរបបខ្មែរក្រហមកាន់កាប់អំណាច ។ ក្រោយពីរបបខ្មែរក្រហមបានដួលរលំ ព្រលានយន្តហោះខេត្តបាត់ដំបងនេះ ក៏ត្រូវបើកដំណើរការឡើងវិញ ប៉ុន្តែបម្រើឱ្យតែវិស័យអាកាសចរ ណ៍យោធាប៉ុណ្ណោះ ក្រោយ មកទៀតនាអំឡុងឆ្នាំ១៩៩១ ចំណតអាកាសយានដ្ឋាននេះបានបិទដំណើរការរហូត មកដល់បច្ចុប្បន្ន ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook