Connect with us

កងកម្លាំងប្រដាប់អាវុធ

ការចែករំលែកម្ហូបអាហារ និងនំចំណីដល់ទុរគតជនក្នុងរដូវភ្ជុំបិណ្ឌ

ការចែករំលែកម្ហូបអាហារ និងនំចំណីដល់ទុរគតជនក្នុងរដូវភ្ជុំបិណ្ឌ

………………………………………………………………………………………………………………………

បុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីសាសនា ដែលធំជាងគេមួយរបស់ប្រជាជនខ្មែរយើងដែលបានប្រារឰធ្វើពីថ្ងៃ១រោចដល់ថ្ងៃ១៥រោចខែភទ្របទ ជារៀងរាល់ឆ្នាំ ត្រូវនឹងខែកញ្ញា ឬតុលា។ប្រជាពលរដ្ឋខ្មែរ តែងតែរៀបចំធ្វើម្ហូបអាហារប្រគេនព្រះសង្ឃនៅតាមទីវត្តអារាមនានា នៅទូទាំងរាជធានីខេត្តក្នុងប្រទេសកម្ពុជា។ការនាំយកចង្ហាន់ពីគ្រប់ទីកន្លែងចូលទៅក្នុងវត្តអារាមនៅថ្ងៃតែមួយ ធ្វើឲ្យមានមតិមួយចំនួនលើកឡើងថា ធ្វើឱ្យម្ហូបអាហារ សម្បូរហូរហៀរ ដែលជាការធ្វើបុណ្យដ៏ខ្ជះខ្ជាយ និងប៉ះពាល់ដល់បរិស្ថានជាដើម។

រយៈពេល១៥ថ្ងៃចាប់ពីថ្ងៃដាក់បិណ្ឌទីមួយរហូតដល់ថ្ងៃភ្ជុំធំ មិនថាឡើយតែប្រជាពុទ្ធបរិស័ទ ទាំងនៅទីក្រុង ឬនៅតាមទីជនបទនោះទេ មានការមមាញឹកជាខ្លាំងក្នុងការនាំយកចង្ហាន់ និងទេយ្យទានផ្សេងៗ ទៅប្រគេនចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅតាមទីវត្តអារាម។

នៅតាមវត្តភាគច្រើនមានចង្ហាន់ពេញបរិបូណ៌ហួសពីតម្រូវការសម្រាប់ ឆាន់និងទទួលទាននៅក្នុងវត្ត។ គេសង្កេតឃើញថា មានព្រះសង្ឃនៅតាមវត្តមួយចំនួន បានយកអាហារដែលពុទ្ធបរិស័ទប្រគេននោះ ទៅចែកជូនចំពោះជនក្រីក្រគ្មានទីជម្រក ឬទីពឹង កុមារកំព្រា ចាស់ជរា ជនពិការ លោកតាធាក់ស៊ីក្លួ និងអ្នកជំងឺដែលទៅទទួលព្យាបាលនៅមន្ទីរពេទ្យមួយចំនួន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តផ្សេងទៀតដែលសកម្មភាពទាំងនេះបង្ហាញពីវប្បធម៌នៃការចែករំលែក និងការចេះជួយគ្នាក្នុងគ្រាអត់ឃ្លាន។

ព្រះគ្រូពោធិរតនវង្សា សួន សឿន ជាព្រះចៅអធិការវត្តជោតរតនសីលាកោះនរា ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញមានពុទ្ធដីកាថា៖ក្នុង រដូវកាលបុណ្យភ្ជុំបិណ្ឌ ប្រសិនបើជាថ្ងៃបិណ្ឌចំថ្ងៃចុងសប្តាហ៍នោះ នឹងមានពុទ្ធបរិស័ទច្រើន ហើយចង្ហាន់ និងទេយ្យទានផ្សេងៗក៏បរិបូណ៌សម្បូរពោរពាស។

ជារៀងរាល់ឆ្នាំនៃបុណ្យភ្ជុំបិណ្ឌ ព្រះសង្ឃក្នុងវត្តនិងគណៈកម្មការវត្ត បានសម្រេចចាត់ចែងចែករំលែកម្ហូបអាហារ គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈផ្សេងៗខ្លះយកទៅជូនចាស់ជរា មណ្ឌលកុមារកំព្រា ប្រជាពលរដ្ឋក្រីក្រ អ្នកសុំទាន ជនពិការ និងជនទុរគតដែលរស់នៅក្នុងរាជធានីភ្នំពេញ ឬតាមបណ្ដាខេត្តផ្សេងៗទៅតាមតិច ឬច្រើនដោយមធ្យោបាយផ្សេងៗដែលអាចធ្វើទៅបាន។ព្រះចៅអធិការវត្តមានពុទ្ធដីកាបន្តថា៖វត្តជោតរតនសិលាកោះនរា ក៏តែងតែយកទេយ្យទានម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគនានាទៅឲ្យកាកក្រហមកម្ពុជាដើម្បីជាកម្លាំងមនុស្សធម៌ថែមទៀតផង។

ព្រះគ្រូពោធិរតនវង្សា សួន សឿន ៖«វត្តជោតរតនសិលាកោះនរា ការទទួលទេយ្យទាន ក៏ដូចជាចង្ហាន់បិណ្ឌបាតដែលញាតិញោមយកមកប្រគេនព្រះសង្ឃនៅក្នុងឱកាសដាក់បិណ្ឌភ្ជុំបិណ្ឌនេះគឺបរិបូណ៌ដោយថ្ងៃ។ជាថ្ងៃធម្មតាគឺល្មមព្រះសង្ឃឆាន់ និងល្មមភ្ញៀវដែលបានចូលរួមមិនបរិបូណ៌ច្រើនពេកនោះទេ។

 

ដោយឡែកនៅថ្ងៃសៅរ៍ឬអាទិត្យ មានពុទ្ធបរិស័ទអញ្ជើញមកពីគ្រប់ទិសទី មានចង្ហាន់បរិបូណ៌ហើយចង្ហាន់ដែលទទួលបានពីពុទ្ធបរិស័ទបរិបូណ៌ច្រើននេះ អាត្មាបានចាត់ចែងគណៈកម្មការរៀបចំ ដោយនៅក្នុងនោះមួយផ្នែកសម្រាប់ផ្គត់ផ្គង់ព្រះសង្ឃឆាន់ មួយផ្នែកសម្រាប់ជូនភ្ញៀវញាតិញោមពុទ្ធបរិស័ទដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យ និងមួយចំណែកក៏បានលុយលោកយកទៅចែកជូនប្រជាពលរដ្ឋដែលគាត់មកព្យាបាលកូននៅមុខមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ ព្រមទាំងវេចខ្ចប់ជាកញ្ចប់ៗជូនតាៗធាក់ស៊ីក្លូ និងអ្នកសុំទានតាមផ្លូវមួយចំនួនផងដែរ។

ការបង្កើតវប្បធម៌ចែករំលែកក្នុងរដូវកាលភ្ជុំបិណ្ឌនេះ ព្រះពោធិរតនវង្សា មានពុទ្ធដីកាថា៖ ការធ្វើបុណ្យដាក់ទានមិនប្រកាន់បុគ្គលនោះទេ។ ការយកសម្ភារៈនិងបាយទឹកនំចំណីបន្លែផ្លែឈើ ទៅចែកជូនជនក្រីក្រនោះ គឺជាការសាងបុណ្យកុសលដ៏ល្អវិសេសវិសាលសម្រាប់បច្ចុប្បន្នជាតិ និងអនាគតជាតិ។ ហើយបើកាលណាយើងបានធ្វើឲ្យមនុស្សនៅជុំវិញខ្លួនយើងមានសេចក្តីសុខ មានភាពរីករាយ នោះនឹងបញ្ជាក់ពីការមានក្តីសន្តោសប្រោសប្រណីឲ្យគ្នាទៅវិញទៅមកជាក់ជាមិនខាន។

មិនតែប៉ុណ្ណោះការធ្វើបុណ្យដាក់ទាន មិនទាមទារទាល់តែពុទ្ធបរិស័ទយកបាយម្ហូបទៅវត្តប្រគេនចំពោះព្រះសង្ឃនោះទេ ប៉ុន្តែឲ្យតែមានចិត្តជ្រះថ្លាចំពោះព្រះពុទ្ធសាសនា និងធ្វើអំពើល្អជាមួយមនុស្សជុំវិញខ្លួន ដោយការគោរព និងការផ្តល់តម្លៃចំពោះអ្នកដទៃ គឺជាការបានសាងបុណ្យកុសលដ៏ល្អសម្រាប់ជីវិត និងសង្គមជាតិ។

ព្រះគ្រូចៅអធិការវត្តជោតរតនសីលាកោះនរាមានពុទ្ធដីកាបន្ថែមថា៖ បើតាមព្រះពុទ្ធបានសម្តែងថាការធ្វើទានចំពោះអ្នកក្រលំបាក ឬខ្វះខាតនេះនឹងបានអានិសង្ឃ៥យ៉ាង។ ព្រះគ្រូពោធិរតនវង្សា សួន សឿន ៖«ទីមួយ អ្នកឲ្យទានរមែងជាទីស្រឡាញ់ពេញចិត្តនៃអ្នកផងទាំងឡាយទាំងពួងច្រើនគ្នាដែលនៅជិតខាងឬឆ្ងាយ។

ទី២ ពួកសប្បុរសរមែងរាប់អានសង្គ្រោះនូវបុគ្គលដែលមានសទ្ធាធ្វើទានដោយការស្វែងរកប្រយោជន៍ និងប្រាថ្នាចង់បាននូវសេចក្តីសុខចម្រើនគ្រប់ប្រការ។ទី៣ កិត្តិសព្ទកេរ្តិ៍ឈ្មោះពីរោះ រមែងសាយភាយគ្រប់ទិសទីទាំងពួង ទាំងមនុស្សនិងទេវតារមែងឲ្យពរសព្វសាធុកា។ទី៤

 

អ្នកឲ្យទាននោះចូលទៅកាន់ក្នុងចំណោមបរិស័ទណាមួយដើម្បីមានសេចក្តីក្លៀវក្លា អង់អាច មិនអាប់ឱន។ទី៥ អ្នកឲ្យទានលុះបែកធ្លាយរាងកាយឃ្លាតចាកលោកនេះទៅ រមែងទៅកើតនៅឋានសួគ៌ ឬក៏ទៅកើតជាមនុស្សដែលមានត្រកូលខ្ពង់ខ្ពស់ បរិបូរណ៌ទៅដោយភោគទ្រព្យ។»

ព្រះគ្រូសូត្រឆ្វេងព្រះនាម ឃឹម រ៉ាម៉ន គង់នៅវត្តវាលស្បូវ នៃខណ្ឌច្បារអំពៅបានមានពុទ្ធដីកាថា៖ ម្ហូបអាហារដែលនៅសេសសល់ច្រើន ក្រោយពីពលរដ្ឋប្រគេនព្រះសង្ឃនៅថ្ងៃភ្ជុំបិណ្ឌ ព្រះសង្ឃបានយកទៅចែករំលែកបន្តដល់ពុទ្ធបរិស័ទ ដែលខ្វះខាតអាហារ ដែលមានការហូបចុកមិនគ្រប់គ្រាន់ ដើម្បីជាការចែកទានបន្តបានអានិសង្ឃដល់ម្ចាស់ទាន។

ព្រះគ្រូមានពុទ្ធដីកាបញ្ជាក់ថា៖ ម្ហូបអាហារនំចំណី គ្រឿងហូបចុកទាំងឡាយដែលបានទទួលជាសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទក្នុងការធ្វើទាន ដូច្នេះប្រសិនបើទានទាំងនោះបានដល់ព្រះសង្ឃហើយ ក៏មានការចែករំលែកបន្តដល់អ្នកដែលខ្វះខាតទៀតនោះពិតជាល្អខ្លាំងណាស់។ការចែករំលែកអាហារគ្នាក្នុងពិធីបុណ្យកាន់បិណ្ឌនេះ គឺដើម្បីបង្ហាញគំរូល្អដល់ពុទ្ធបរិស័ទដទៃផ្សេងទៀត ក្នុងន័យបណ្ដុះគំនិតចែករំលែកគ្នា ចេះធ្វើទាន និងចេះបង្កើតក្តីអាណិតអាសូរចំពោះគ្នា និងគ្នា។

 

ព្រះគ្រូ ឃឹម រ៉ាម៉ន ៖«ទាក់ទងអំពីបញ្ហាភ្ជុំបិណ្ឌនៅក្នុងវត្តវាលស្បូវនេះគឺមានញាតិញោមជាពុទ្ធបរិស័ទជាច្រើនដែលគាត់បានយកទេយ្យទានមានចង្ហាន់បិណ្ឌបាត យកមកវេរប្រគេនព្រះសង្ឃនៅក្នុងវត្តវាលស្បូវ។ បន្ទាប់ពីគាត់យកចង្ហាន់វ័នជនប្រគេនព្រះសង្ឃរួចរាល់ ហើយបន្ទាប់ពីព្រះសង្ឃទទួលភត្ត ពេលថ្ងៃត្រង់រួចចប់សព្វគ្រប់ ព្រះសង្ឃក៏បានបែងចែកនូវចង្ហាន់ទាំងអស់នោះទៅដល់ក្មេងកំព្រា មនុស្សចាស់ជរា ទុរគត ដោយពួកគាត់អាចមកទទួលទានបាន។យើងបានចែករំលែកអ្នកដទៃទៀតដែលគាត់ខ្វះខាតអាហារបរិភោគ យើងក៏បានបែងចែកគ្រប់ច្រកល្ហកផងដែរ។»

ព្រះគ្រូសូត្រឆ្វេង បានមានពុទ្ធដីកាបន្តថា៖ នៅពេលដែលរដូវកាលបិណ្ឌភ្ជុំបានបញ្ចប់ សម្រាប់វត្តវាលស្បូវតែងតែសហការជាមួយអាជ្ញាធរភូមិ-សង្កាត់ក្នុងការបែងចែកនូវទេយ្យទានផ្សេងៗរបស់ពុទ្ធបរិស័ទយកទៅជូនឲ្យចំអ្នកដែលខ្វះខាតពិតប្រាកដ។ម៉្យាងវិញទៀតវត្តនៅតែបន្តបែងចែកដល់អ្នកដែលបានមកស្នើសុំជំនួយពីវត្ត។បើតាមព្រះគ្រូ ឃឹម រ៉ាម៉ន មានពុទ្ធដីកាបញ្ជាក់ថា៖ សព្វថ្ងៃនេះនៅក្នុងវត្តក៏មានសមណសិស្សប្រមាណជាង ៨០ អង្គដែរដែលកំពុងសិក្សារៀនសូត្រ ដូច្នេះហើយការជួយឧបត្ថម្ភរបស់ប្រជាពុទ្ធបរិស័ទគ្រប់ទិសទីមិនត្រឹមជួយទ្រទ្រង់ដល់ពុទ្ធសាសនានោះទេ ថែមទាំងបានជួយដល់សមណសិស្សនិស្សិតបួសរៀនទៀតផង។

ព្រះគ្រូ ឃឹម រ៉ាម៉ន ៖«ហើយម្យ៉ាងទៀតនោះនៅពេលដែលពិធីបុណ្យភ្ជុំត្រូវបានបញ្ចប់យើងមានគម្រោងចែកនូវទេយ្យទាន ទៅដល់ជនខ្វះខាត ទុរគតជន ឬក៏ទៅដល់សង្កាត់ដើម្បីឲ្យគាត់ជួយចាត់ចែងរកអ្នកដែលខ្វះខាតពិតប្រាកដ។ម្យ៉ាងទៀតយើងក៏មានចែកដល់ប្រជាការពារផង ជាលក្ខណៈកញ្ចប់ៗអមជាមួយថវិកាខ្លះៗជូនគាត់ជាការលើកទឹកចិត្ត ក្នុងការជួយខ្នះខ្នែងការពារសណ្តាប់ធ្នាប់ក្នុងវត្ត។ម្យ៉ាងទៀតសល់ប៉ុន្មានយើងបែងចែកបន្តទៀតចំពោះអ្នកដែលខ្វះខាតនៅពេលមានការស្នើសុំ ហើយអ្នកដែលខ្វះខាតយើងនឹងជូនគាត់បន្តទៅទៀត»។ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នៅកម្ពុជាមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃ០១រោចដល់ថ្ងៃ១៥រោចខែភទ្របទ ។

 

ពិធីបុណ្យនេះមានអត្ថន័យជ្រាលជ្រៅក្នុងសង្គមខ្មែរតាំងពីបុរាណកាលមក គឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជនដែលបានចែកឋានទៅកាន់បរលោកមានឪពុក ម្តាយ ជីដូន ជីតា ញាតិមិត្ត និងបុព្វបុរសដែលបានពលីជីវិតដើម្បីប្រទេសជាតិជាដើម ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក៏បានបង្ហាញឱ្យឃើញពីការរឹតចំណងសាមគ្គីភាពជួបជុំញាតិមិត្តនៅតាមទីវត្តអារាមដែលជាស្រុកកំណើតរៀងៗខ្លួន។

មួយវិញទៀតនោះ បុណ្យភ្ជុំបិណ្ឌជាបុណ្យជួបជុំបងប្អូនញាតិផៅសន្ដានគ្រប់ទិសទីចូលរួម សម្ដែងនូវសេចក្ដីសាទររីករាយ គ្រប់ៗគ្នា និងអ្វីដែលសំខាន់នោះ កាលណាមនុស្សយើងមានសទ្ធាជ្រះថ្លា ក្នុងការធ្វើបុណ្យដាក់ទាននោះ វាជាបច្ច័យមួយ ជួយធ្វើឲ្យមនុស្សយើងមានចិត្ដស្ងប់ រំលស់នូវភាពសៅហ្មងគ្រប់ៗគ្នា។មិនតែប៉ុណ្ណោះបានបង្ហាញពីការរួមគ្នាក្នុងការថែរក្សាប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិឲ្យនៅឋិតថេរគង់វង្សផងដែរ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook