Connect with us

ព័ត៌មានជាតិ

ស្រុកមួយចំនួនរបស់ខេត្តសៀមរាប បានកំពុងជន់លិចដោយជំនន់ទឹកភ្លៀង

 ខេត្តសៀមរាប៖  ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នានៅប៉ែកខាងលើ និងក្នុងភូមិសាស្រ្តខេត្តសៀមរាប បានបង្កឱ្យស្រុកមួយចំនួនរបស់ខេត្តសៀមរាប បានកំពុងជន់លិច។

យោងតាមរបាយការណ៍ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សៀមរាប លេខាធិការដ្ឋានបានបង្ហាញថា គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ២៩០៦គ្រួសារ ក្នុងភូមិចំនួន១៥០ភូមិ នៃឃុំចំនួន៣១ ក្នុងស្រុកចំនួន៨ រួមមាន៖ ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកពួក ស្រុកសូទ្រនិគម និងស្រុក ប្រាសាទបាគង បង្កឱ្យមានផល ប៉ះពាល់ ដំណាំស្រូវពង្រាចំនួន ៦ ១២៥ហិកតា ប៉ះពាល់ ដំឡូងមីចំនួន ១ ៥៧៨ហិកតា និងបានជន់លិចផ្ទះប្រជាពលរដ្ឋ សាលារៀន មណ្ឌលសុខភាព វត្ត និងផ្លូវមួយចំនួនផងដែរ។

លោក លុក ផុស អភិបាលស្រុកអង្គរជុំ បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះថា គិតត្រឹមព្រឹកថ្ងៃទី២២នេះ ទឹកបានធ្លាក់មកពីប៉ែកខាងលើខ្លាំងធ្វើឱ្យ ស្រុកអង្គរជុំបានកំពុងជន់លិចសាលារៀន មន្ទីរពេទ្យ ផ្សារ ផ្ទះប្រជាពលរដ្ឋមួយចំនួន និងសាលាស្រុកអង្គរជុំ។ សម្រាប់អ្នកជំងឺដែលសម្រាកនៅមន្ទីរពេទ្យស្រុកអង្គរជុំ ក៏ត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យស្រុកពួកអស់ហើយ ចំណែកសត្វគោ ក្របី របស់ប្រជា ពលរដ្ឋបានយក ទៅទីទោលសុវត្ថិភាពអស់ហើយដែរ សម្រាប់ប្រជាពលរដ្ឋដែលមាន ផ្ទះខ្ពស់ៗ គឺស្នាក់នៅ ធម្មតា។ លោកបន្តថា ជំនន់ទឹកភ្លៀងនេះ ឱ្យតែដល់រដូវវស្សាតែងតែជួបស្ទើររាល់ឆ្នាំទៅ ហើយឱ្យតែនៅផ្នែកខាងលើមានភ្លៀងធ្លាក់ខ្លាំង ទឹកតែងតែហូរធ្លាក់មកដល់ស្រុកអង្គរជុំ។

ចំណែកមន្រ្តីរដ្ឋបាលស្រុកក្រឡាញ់ក៏បានឱ្យដឹងដែរថា នៅព្រឹកថ្ងៃទី២២នេះ ទឹកហូរ ធ្លាក់មកពីស្រុកអង្គរជុំ បានដល់ឃុំមួយចំនួនរបស់ស្រុកក្រឡាញ់ហើយ បានកំពុងជន់លិចទី ធ្លាសាលារៀន ផ្លូវ និងផ្ទះប្រជាពលរដ្ឋមួយចំនួនដែរ។

សូមបញ្ជាក់ថា ៖ ពាក់ព័ន្ធករណីទឹលជំនន់នេះ អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះកូនតូចកុំឱ្យលេងទឹក ប្រយ័ត្នចំពោះសត្វមានពិស៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook