Connect with us

កងកម្លាំងប្រដាប់អាវុធ

ស្រុកចំនួន៨ នៅក្នុងខេត្ត សៀមរាប កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង

ស្រុកចំនួន៨ នៅក្នុងខេត្ត សៀមរាប កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង

……………………………………………………………………………………….……..

តាមរបាយការណ៍របស់លេខា ធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឲ្យដឹងថា ក្រោយពីមានភ្លៀងធ្លាក់ជា បន្តបន្ទាប់ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២២មក ជំនន់ទឹកភ្លៀង បានបណ្តាលឱ្យមានផលប៉ះពាល់ដល់ភូមិចំនួន ១៥០ ភូមិ នៃឃុំចំនួន៣១ ក្នុងស្រុកចំនួន៨ រួមមាន ៖ ស្រុកស្រីស្នំ , ស្រុកក្រឡាញ់ , ស្រុកជីក្រែង , ស្រុកអង្គរជុំ , ស្រុកវ៉ារិន , ស្រុកពួក , ស្រុកសូទ្រ និគម និងស្រុកប្រាសាទបា គង។ ក្នុងនោះ បង្កឱ្យមាន ផលប៉ះពាល់ដល់ប្រជាពល រដ្ឋចំនួន ២.៩០៦គ្រួសារ ក្នុងនោះ លិចបរិវេណផ្ទះកម្រិតស្រាលចំនួន ១.៧៦០ខ្នង និងកម្រិតធ្ងន់ចំនួន ២៩ខ្នង ហើយមានប្រជាពលរដ្ឋចំនួន ៤ គ្រួសារ បានជម្លៀសដោយខ្លួនឯងទៅនៅជាមួយសាច់ញាតិដែលនៅជិតៗ។ ដោយឡែក ប្រជាពលរដ្ឋដទៃនៅពុំទាន់ដល់កម្រិតដែលត្រូវជម្លៀសនៅឡើយ ។

 

របាយការណ៍បញ្ជាក់ទៀតថា ក្រៅពីប៉ះពាល់ដល់លំនៅឋាន និងប្រជាពលរដ្ឋនោះ ទឹក ជំនន់នេះ បានប៉ះពាល់ដល់ស្រូវពង្រោះចំនួន ៦.១២៥ហិកតា , ដំឡូងមី ចំនួន ១.៥៧៨ហិកតា , លិចទីធ្លាសាលារៀន ៣៣កន្លែង , លិចបរិវេណមណ្ឌលសុខភាព ០៤ កន្លែង , អគាររដ្ឋបាលឃុំ, ប៉ុស្តិ៍រដ្ឋបាល ០៧កន្លែង , លិចបរិវេណវត្ត ០៦កន្លែង , លិចផ្លូវប្រវែង ៧៨.៤២៦ ម៉ែត្រ និងខូចខាតប្រវែង ២.៣៦៦ម៉ែត្រ , លិចខ្នងទំនប់,ខ្នងប្រឡាយ ប្រវែង ១៩.២២៣ម៉ែត្រ និងខូចខាតប្រវែង ៩៥ម៉ែត , លិចស្ពាន ០១កន្លែង និងខូចខាតប្រវែង ១០ម៉ែត្រ , ងាប់គោចំនួន ០១ក្បាល , ងាប់មាន់ទាសរុបចំនួន ៦៧៦ក្បាល។

ជាមួយគ្នានេះ មន្ទីរធនធាន ទឹក និងឧតុនិយមខេត្តសៀម រាប បានជូនដំណឹងដល់ប្រជា ពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងស្ទឹងស្រែង ក្នុងភូមិសាស្ត្រស្រុកស្រីស្នំ និងស្រុកក្រឡាញ់ មេត្តាត្រៀមបង្ការ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត ដើម្បីជៀស វាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។

ជាមួយគ្នានេះ សេចក្តីជូន ដំណឹងរបស់ ក្រសួងធនធាន ទឹក និងឧតុនិយម បានអំពាវ នាវដល់ប្រជាពលរដ្ឋ ឱ្យមាន ការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀងច្រើនហួសកម្រិត ចាប់ពីថ្ងៃទី២១ដល់ ២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយសារសម្ពាធខ្ពស់នៅលើប្រទេសចិន បានរុញច្រានប្រព័ន្ធសម្ពាធទាប (ITCZ) រំកិលចុះមកក្រោម អូសបន្លាយកៀកមកលើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានកម្ពុជា៕

Click to comment

Leave a Reply

Your email address will not be published.

Facebook