Connect with us

កងកម្លាំងប្រដាប់អាវុធ

រាជធានីភ្នំពេញប្រកាសជាទីក្រុងអស់មីនបន្ទាប់ពីខេត្តកែប និងខេត្តព្រៃវែង

រាជធានីភ្នំពេញប្រកាសជាទីក្រុងអស់មីនបន្ទាប់ពីខេត្តកែប និងខេត្តព្រៃវែង

……………………………………………………………………………………………………………….

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅរសៀលថ្ងៃទី២២កញ្ញានេះបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការប្រកាសរាជធានីភ្នំពេញអស់មីន។

លោក មានចាន់ យ៉ាដា អភិបាលរង តំណាង ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា៖រាជធានី ភ្នំពេញកាលពី៤៣ឆ្នាំ មុនគឺជាទីក្រុងខ្មោច ប្រជាពលរដ្ឋត្រូវបានជម្លៀសទៅជនបទគ្មានសល់ អ្វីៗត្រូវបានកម្ទេចរាប់ទាំងជីវិតមនុស្ស។ រាជធានីភ្នំពេញបានឆ្លងកាត់ភ្លើងសង្គ្រាម និង ឧបសគ្គជាច្រើន ទម្រាំបានដូចសព្វថ្ងៃនេះ។សង្គ្រាមឈ្លប និងចលនាឧទ្ទាម បាន បង្កអសន្តិសុខសង្គម ព្រមទាំងបន្សល់ទុកនូវចម្ការមីន និងសំណល់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះរាប់លានគ្រាប់ពាសពេញផ្ទៃប្រទេស ដែលបានឆក់យកជីវិត ឬបង្កឱ្យមានពិការភាព ដល់ប្រជាពលរដ្ឋរហូតដល់សព្វថ្ងៃដែលបង្កឡើងដោយផលលំបាកនៃ សង្ក្រាម និងគ្រាប់មីន។

លោកបន្តថា៖ផ្អែកតាមទិន្នន័យស្រាវជ្រាវមូលដ្ឋានឆ្នាំ២០១២របស់អាជ្ញាធរមីនកម្ពុជា រាជធានីភ្នំពេញមានចម្ការមីនចំនួន១២៦កន្លែង ស្មើនឹងផ្ទៃដីសរុប ៦.៣៣៥.២៣៨ ម៉ែត្រការ៉េដែលមានខណ្ឌចំនួន៤គឺខណ្ឌ៖ជ្រោយចង្វា,ព្រែកព្នៅ,ពោធិសែនជ័យ និងខណ្ឌសែនសុខ។អ្វីដែលគួរឱ្យ សោកស្តាយ ជាទីបំផុតនោះគឺ គិតត្រឹមឆ្នាំ២០២១ នៅរាជធានីភ្នំពេញមានអ្នករង គ្រោះសរុបចំនួន២០៤នាក់ក្នុងនោះបាត់បង់អាយុជីវិតចំនួន៧២នាក់,ពិការ៥នាក់ និងរបួសចំនួន១២៧នាក់ ដែលនេះគឺជាផលប៉ះពាល់សង្គមចាំបាច់ត្រូវបន្តខិតខំ ដោះស្រាយ និងជាកត្តារាំងស្ទះដល់ការអភិវឌ្ឍទីក្រុងរបស់យើង។

នាឱកាសនោះ ឯកឧត្ដមលី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាព កំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានលើកឡើងដែរថា៖ការគំរាមកំហែងដោយសារមីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះគឺមានភាពស្មុគស្មាញ និងបានបន្សល់ទុកនូវទុក្ខសោកជាច្រើន ដល់ប្រជាពលរដ្ឋយើងនិងបន្ទច់បង្អាក់សកម្មភាពអភិវឌ្ឍន៍របស់យើងថែមទៀត។ជាមួយគ្នានេះ កម្ពុជាបានប្តេជ្ញាលប់បំបាត់គ្រាប់មីន ឱ្យអស់ ត្រឹមឆ្នាំ២០២៥តាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានថ្លែងអបអរសាទរដល់រាជធានីភ្នំពេញ ដែលត្រូវបានប្រកាសជារាជធានីអស់មីន ក្រោមការដឹកនាំ របស់ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គឺជាមូលដ្ឋានដែនដីទី៣បន្ទាប់ពីខេត្តកែប,និង ខេត្តព្រៃវែង ដែលត្រូវបានបញ្ចប់ វត្តមានគ្រាប់មីនចុងក្រោយដែលយើងបានដឹង។

លោកជំទាវក៏បានកោតសរសើរដល់វិរ:យុទ្ធជន យុទ្ធនារីដោះមីនដែលបានលះបង់ដល់អាយុជីវិតក្នុងបុព្វហេតុដោះមីនរំដោះផ្ទៃដីបង្កបង្កើនផល និងដីលំនៅឋានជូនប្រជាពលរដ្ឋ។លោកជំទាវក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ព្រមទាំងប្រទេសជាមិត្តដែលបានរួមចំណែកជួយដល់កម្ពុជាក្នុងការកំចាត់មីន និង យុទ្ធភណ្ឌ័ មិនទាន់ផ្ទុះដើម្បីឈានទៅសម្រេចគោលដៅកម្ពុជាអស់គ្រាប់មីននៅឆ្នាំ២០២៥។លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ថ្លែងទៀតថា៖បើយើងមើលទៅក្រោយ៤៣ឆ្នាំមុន រាជធានីភ្នំពេញជាទីក្រុងខ្មោច ស្ងាត់ជ្រងំហើយបាន បន្សល់ទុកនូវស្លាកស្នាមសង្គ្រាមពិសេសគឺគ្រាប់មីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះនេះតែម្តង៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook