Connect with us

ព័ត៌មានជាតិ

លោក ចូ បៃដិន បើកកិច្ចសន្ទនាតាមទូរស័ព្ទ ជាលើកដំបូង ជាមួយលោក ពូទីន, រឿងរសើបចំនួនពីរត្រូវបានលើកឡើង

វ៉ាស៊ីនតោន៖ តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទជាលើកដំបូង ក្នុងនាមជាប្រធានាធិបតីអាមេរិក ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោក ចូ បៃដិន បានលើកឡើងនូវបញ្ហារសើបចំនួនពីរ នោះគឺការចាប់ខ្លួន និងដាក់សម្ពាធលើមេបក្សប្រឆាំងរុស្ស៊ី លោក ណាវ៉ាល់នី (Alexei Navalny) ព្រមទាំងសន្ធិសញ្ញានុយក្លេអ៊ែរ (New START) រវាងមហាអំណាចយោធាទាំងពីរ ដែលនឹងត្រូវផុតកំណត់នៅក្នុងខែកុម្ភៈខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១។

សម្រាប់ភាពវិជ្ជមាននៅក្នុងកិច្ចសន្ទនាខាងលើនេះ គឺមេដឹកនាំទាំងពីរលោក ចូ បៃដិន និងលោក វ៉្លាឌីមៀ ពូទីន បានព្រមព្រៀងគ្នាក្នុងការបញ្ជូនក្រុមការងាររៀងៗខ្លួន ដើម្បីរៀបចំបន្តសុពលភាពសន្ធិសញ្ញានុយក្លេអ៊ែរ New START ដែលនឹងមានរយៈពេល ០៥ឆ្នាំបន្ថែមទៀត គិតចាប់ពីឆ្នាំ២០២១នេះតទៅ។ ជុំវិញកិច្ចសន្ទនាតាមទូរស័ព្ទនេះ វិមានរដ្ឋាភិបាលរុស្ស៊ីក្រឹមឡាំង (Kremlin) បានគូសបញ្ជាក់ថា «នៅរយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ភាគីទាំងពីរនឹងបំពេញតាមនីតិវិធីដែលចាំបាច់ ដើម្បីបន្តដំណើរការ (សន្ធិសញ្ញា New START) ទៅមុខទៀត»

គួរបញ្ជាក់ថា លោក ចូ បៃដិន ធ្លាប់បានអះអាងតាំងតែពីអំឡុង យុទ្ធនាការឃោសនាបោះឆ្នោត កាលពីឆ្នាំ២០២០មកម្ល៉េះថា លោកនឹងបង្កើនការដាក់សម្ពាធលើរុស្ស៊ីឡើងវិញ ខណៈដែលអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា បានបន្ធូរដៃដាក់រុស្ស៊ី។ យ៉ាងណាក៏ដោយ លោក ពូទីន ដែលបានថ្លែងអបអរលោក បៃដិន ក្រោយការឈ្នះឆ្នោតនោះ ធ្លាប់បានលើកឡើងថា ការធ្វើឲ្យទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីវិលទៅរកភាពប្រក្រតីឡើងវិញ គឺជាផលប្រយោជន៍សម្រាប់ប្រទេសទាំងសងខាង​ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook