សៀមរាប៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន បានឱ្យដឹងថា បច្ចុប្បន្នសហគមន៍នេសាទចំនួន ១៣១ ក្នុងចំណោមសហគមន៍នេសាទ ៥១៦ កំពុងមានសក្តានុពលខ្លាំងដែលអាចបង្កើតជាសហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីរួមចំណែកលើកកម្ពស់កម្រិតជីវភាពរស់នៅតាមមូលដ្ឋានក្នុងន័យជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ។

ឮ
លោកបានថ្លែងក្នុងវេទិការជាតិអេកូទេសចរណ៍លើកទី២នៅខេត្តសៀមរាប នាថ្ងៃទី២៧ ខែមករាថា បច្ចុប្បន្នសហគមន៍នេសាទចំនួន ១៣១ ក្នុងចំណោមសហគមន៍នេសាទទាំងអស់ ៥១៦ មានសក្តានុពលដែលអាចបង្កើតជាសហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងគោលដៅជុំរុញកំណើនសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិជាចម្បង។

លោកបន្តថា ជាក់ស្តែងសហគមន៍នេសាទចំនួន ២៧ បាននិងកំពុងដំណើរការទេសចរណ៍ធម្មជាតិនៅតំបន់មាត់សមុទ្រ និងតំបន់បឹងទន្លេសាបនៅក្នុង ៩ខេត្ត រួមមានខេត្តក្រចេះ ស្ទឹងត្រែង តាកែវ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ កំពត ព្រះសីហនុ កែប និងខេត្តកោះកុង។
លោករដ្ឋមន្រ្តីបញ្ជាក់ថា៖«ដោយឡែកយើងបង្កើតសហគមន៍ព្រៃឈើនៅទូទាំងប្រទេសសរុបចំនួន ៦៣៨ ក្នុងនោះបានធ្វើផែនការគ្រប់គ្រងចំនួន១០៣ ព្រមទាំងមានតំបន់ព្រៃឈើតាមបណ្តោយដងស្ទឹង ព្រែក បឹង ក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ចម្ការឈើដាំ ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ចម្ការកសិ-រុក្ខកម្ម ចម្ការរុក្ខទិវាថ្នាក់ជាតិ និងក្រោមជាតិ ដែលអាចអភិវឌ្ឍទៅជាគោលដៅទេសចរណ៍ធម្មជាតិ កសិ-ទេសចរណ៍ និងតំបន់លំហែកម្សាន្ត»។

ក្រៅពីសហគមន៍នេសាទ និងសហគមន៍ព្រៃឈើ ក្រសួងបានបង្កើតសហគមន៍កសិកម្មបានចំនួន ១ ១៩០ និងសហភាពសហគមន៍កសិកម្មចំនួន ១១ ដែលសុទ្ធតែមានសក្តានុពលសម្រាប់បង្កើតជាតំបន់កសិ-ទេស ចរណ៍នាពេលអនាគត៕