Connect with us

ព័ត៌មានជាតិ

ប្រវត្តិខ្លះៗនៃការប្រារព្ឋបុណ្យមាឃបូជា

នៅថ្ងៃព្រហស្បត៍ ១៥កើត ខែមាឃ ឆ្នាំជូតទោស័ក​ ពុទ្ឋសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ខែមករា​ ឆ្នាំ២០២១នេះ​​ គឺជាថ្ងៃបុណ្យមាឃបូជា ដែលពុទ្ឋសាសនិកតែងតែប្រារព្ឋធ្វើជារៀងរាល់ឆ្នាំ។

ការប្រារព្ធពិធីបុណ្យមាឃបូជា គឺដើម្បីរម្លឹកនូវព្រឹត្តិការណ៏សំខាន់៣យ៉ាង រួមមាន ទី១ ការធ្វើចតុរង្គសន្និបាត ទី២ ព្រះពុទ្ធ សម្តែងឱវាទបាតិមោក្ខដល់ភិក្ខុ និង ទី៣ ព្រះពុទ្ធ ដាក់អាយុសង្ខារ

ចតុរង្គសន្និបាត មានន័យថា ជាការជួបជុំគ្នារបស់សាវ័កព្រះពុទ្ធ នៅក្នុងថ្ងៃតែមួយ ហើយប្រកបដោយអង្គឬហេតុ៤យ៉ាង។ អង្គឬហេតុទាំង៤ ដែលកើតឡើងក្នុងថ្ងៃជួបជុំនោះ គឺទី១ ជាថ្ងៃឧបោសថ ដែលមានព្រះច័ន្ទពេញវង់ល្អ ទី២ ជាថ្ងៃ ដែលព្រះភិក្ខុទាំង១២៥០អង្គ មកជួបជុំគ្នាក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធដោយមិនមានការណាត់ជាមុន ទី៣ ព្រះភិក្ខុទាំងអស់នោះ សុទ្ធសឹងតែជាព្រះអរហន្ត និងទី៤ ព្រះភិក្ខុទាំងអស់នោះ សុទ្ធសឹងតែជាឯហិភិក្ខុ។ ឯហិភិក្ខុ គឺសំដៅលើជនណាម្នាក់ ដែលគ្រាន់តែចូលទៅស្តាប់ធម៌របស់ព្រះពុទ្ធ ហើយក៏ក្លាយជាភិក្ខុដូចគេដែរ។ ចតុរង្គសន្និបាតនេះ មានតែម្តងប៉ុណ្ណោះក្នុងសម័យពុទ្ធកាល។

រីឯ ការសម្តែងឱវាទបាតិមោក្ខ ជាកម្រងដំបូន្មានរបស់ព្រះពុទ្ធ ដើម្បីដឹកនាំសត្វលោកទាំងអស់ឲ្យរួចផុតទុក្ខ។ ឱវាទបាតិមោក្ខ មានដូចជា សេចក្តីអត់ធន់ ការមិនធ្វើបាបទាំងពួង ការបំពេញកុសល ការញ៉ាំងចិត្តរបស់ខ្លួនឲ្យផូរផង់ ការមិនពោលពាក្យតិះដៀល និងការមិនបៀតបៀនគ្នា ជាដើម។

ក្រោយសម្តែងឱវាទបាតិមោក្ខរួចហើយ ព្រះពុទ្ធ ក៏ប្រកាសតែងតាំងភិក្ខុ២អង្គ ជាអគ្គសាវ័កកំពូលលើសភិក្ខុទាំងឡាយ។ ភិក្ខុទាំង២នោះគឺ ព្រះសារីបុត្ត ជាអគ្គសាវ័កស្តាំ ដែលមានបញ្ញាលើសគេ និងព្រះមហាមោគ្គល្លាន ជាអគ្គសាវ័កឆ្វេង ដែលមានឫទ្ធិលើសគេ។

ចំណែក ការដាក់អាយុសង្ខារ គឺជាថ្ងៃដែលព្រះពុទ្ធ កំណត់ថា ៣ខែទៅមុខទៀត ព្រះអង្គ នឹងចូលព្រះនិព្វាន ដែលជាការលាចាកលោកនេះ ដោយពុំមានការវិលត្រឡប់មកយោនយកកំណើតវិញឡើយ។ រយៈពេល៣ខែក្រោយ ព្រះអង្គ ក៏ចូលព្រះនិព្វាន ក្នុងព្រះជន្ម៨០ព្រះវស្សា។

មាឃបូជា ត្រូវបានចាត់ទុកជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំនេះ បុណ្យមាឃបូជា ត្រូវប្រារព្ធឡើង នៅថ្ងៃ១៥កើត ខែមាឃ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២0២១។ មិនមែនតែកម្ពុជានោះទេ សូម្បីតែប្រទេសដទៃ ដូចជាស្រីលង្កា មីយ៉ាន់ម៉ា និង ថៃ ជាដើម ដែលកាន់ព្រះពុទ្ធសាសនាផងនោះ ក៏ប្រារព្ធពិធីបុណ្យមាឃបូជាដែរ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook