គិតពីពេលចាប់ផ្ដើមរហូតដល់ថ្ងៃទី២៨ ខែមករានេះ ផ្លូវទាំង៣៨ខ្សែនៅក្រុងសៀមរាប សាងសង់សម្រេចបាន ១០,៤៣%ហើយ។នេះបើតាមគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ បានប្រកាសឲ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

លោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួងបានឲ្យដឹងពីវឌ្ឍនភាពគិតពីពេលចាប់ផ្ដើមរហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ សម្រេចបាន ១០,៤៣% ក្នុងនោះ៖
១. ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែ សម្រេចបាន ៩,៩៣% រួមមាន៖ កងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ ចំនួន ១៣ខ្សែ ប្រវែង ២៦,៥៣គីឡូម៉ែត្រ សម្រេចបាន ១០,១០% កងវិស្វកម្មសម្ដេចតេជោ ហ៊ុនសែន សៀមរាប ចំនួន ៨ខ្សែ ប្រវែង ២៤,៤៧គីឡូម៉ែត្រ សម្រេចបាន ៨,៧៦% កងវិស្វកម្មសម្ដេចតេជោខេត្តសៀមរាប ចំនួន ៦ខ្សែ ប្រវែង ១១,៩០គីឡូម៉ែត្រ សម្រេច១៨,០៥% នាយកដ្ឋានជួលជុលនិងថែទំាផ្លូវថ្នល់នៃក្រសួងសាធារណការនិងដឹកជញ្ជូន ចំនួន ៤,៥ខ្សែ ប្រវែង ២០,៩០គីឡូម៉ែត្រ សម្រេចបាន៨,៨៧% នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លុវនៃក្រសួងសាធារណការនិងដឹកជញ្ជូន ចំនួន ៥ខ្សែ ប្រវែងសរុប ១៤,៣២គីឡូម៉ែត្រ សម្រេចបាន ៧,៧៨% និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ចំនួន១,៥ខ្សែ ប្រវែង ១១,៦២គីឡូម៉ែត្រ សម្រេចបាន៨,៩៨%។

២. ការងារសាងសង់ប្រព័ន្ធលូទឹកកខ្វក់ និងលូទឹកភ្លៀងរបស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការនិងដឹកជញ្ជូន ៤២ខ្សែ ប្រវែង៣៣,៦៤គីឡូម៉ែត្រ សម្រេចបាន២៩,៦៨%។
ទន្ទឹមនេះ ដើម្បីជាការរួមចំណែកលើកតម្កើងសោភណភាពនិងបរិស្ថានក្រុងសៀមរាបឡើងវិញ ប្រជាពលរដ្ឋ ៤២០គ្រួសារ នៃចំនួនគ្រួសារសរុប៤៣០ ស្មើ៩៧% បានស័្មគ្រចិត្តរុះរើសំណង់បណ្តោះអាសន្នរបស់ខ្លួន ចេញពីច្រាំងនិងដីចំណីស្ទឹងសៀមរាប តាមការអំពាវនាវរបស់រដ្ឋបាលខេត្ត ទៅតាំងទីលំនៅថ្មីនៅតំបន់រុនតាឯក ក្នុងនោះប្រជាពលរដ្ឋ៣១២គ្រួសារបានរុះរើរួច។
គួរបញ្ជាក់ថា គម្រោងកែលម្អផ្លូវ ៣៨ ខ្សែ បានបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានប្រវែងសរុប ១០៨ គីឡូម៉ែត្រ នឹងគ្រោងចំណាយថវិកាសរុប ១៤០ លានដុល្លារ៕
