Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថានសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅភ្នំគូលែន

​សៀមរាប៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅ​ថ្ងៃទី២៧ ខែមករា បាន​កាត់ខ្សែបូស​ម្ពោធដាក់​ឱ្យប្រើប្រាស់​ជា​ផ្លូ​វកា​រនូវស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង ៣២គីឡូវ៉ាត់ជាមួយប្រព័ន្ធផ្ទុកថាម​ពល(អា​គុ​យ​)៨៧គីឡូវ៉ាត់ម៉ោង នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អានភ្នំគូលែន ក្នុងខេត្តសៀមរាប។

ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន តំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធ តំណា​ងអា​ជ្ញា​ធ​រ​ខេត្តសៀមរាប តំណាងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍និងមន្រ្តីឧទ្យានុរក្ស និងប្រជាសហគ​មន៍មួយចំ​នួន​​ទៀ​ត។

លោក ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថាសមិទ្ធផលថ្មីសម្រាប់ខេត្តសៀមរាប ដែល​ជា​ខេត្តគោលដៅទេសចរណ៍ វប្បធម៌ និងធម្មជាតិ ដូចនេះការប្រើប្រាស់ថាមពលស្អាត មិនប៉ះពាល់ដល់បរិស្ថាន គឺជាចំ​ណុ​ច​ចាប់ផ្ដើមគំរូដល់រមណីដ្ឋានដទៃនៅក្នុងខេត្តសៀមរាប ក៏ដូចជាខេត្តដទៃទៀត ដែលមិនមានបណ្ដាញអគ្គិសនីជាតិ។

លោកស្រី Sonali Dayaratne តំណាងកម្មវិធីអភិវឌ្ឍន៍អង្គសហប្រជាជាតិប្រចាំកម្ពុជា UNDP បានវាយតម្លៃខ្ពស់​ចំពោះ​ស​មិទ្ធផលដែលជួយឱ្យបរិស្ថានស្អាត ការការពារ និងអភិរក្សធនធានជីវៈចម្រុះ និងការគាំ​ទ្រចំ​ពោះគោ​លជំហរកម្ពុជាក្នុ​ងកា​រ​ឆ្លើយត​បនឹងការប្រែប្រួលធាតុអាកាសធាតុ។

ក្នុងឱកាសនោះ លោក សាយ សំអាល់ មានប្រសាសន៍ចាត់ទុកថា ស្ថានីយផលិតថាមពលពីពន្លឺព្រះអាទិត្យ​នេះគឺជាម​ជ្ឈ​មណ្ឌ​លទី១ ​នៅក្នុងប្រទេសកម្ពុជា ដែលបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់​ក្នុងការពង្រឹងការចូលរួមដល់មជ្ឈម​ណ្ឌល​ស្រា​វ​​ជ្រាវនិងអភិរក្សកេ​សរកូល សុខ អាន ភ្នំគូលែន ធ្វើការកំណត់អត្តសញ្ញាណ និងរក្សានូវពូជកេសរកូលព្រៃ រុក្ខជាតិ និ​ង​សត្វ​ក្នុងស្រុក ជាពិសេសប្រភេទដែលកំពុងរងគ្រោះថ្នាក់ ប្រភេទកម្ររ និងប្រភេទជិតផុតពូជ សំដៅធានាដល់និ​រន្តភា​ព​នៃ​ធ​នធានជីវៈចម្រុះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានបានចាត់ទុកសមិទ្ធផលនៅថ្ងៃនេះ គឺជាការបោះជំហានថ្មីមួយបន្ថែមទៀត សម្រាប់កា​ររៀប​ចំ​ហេដ្ឋា​រចនាសម្ព័ន្ធគាំទ្រដទៃទៀតនាពេលអនាគត សំដៅអភិវឌ្ឍ​មជ្ឈមណ្ឌលនេះឱ្យ​ដើរតួនាទីជាមូ​លដ្ឋាននៃកិ​ច្ចស​ហ​​ប្រតិបត្តិការ ការសិក្សាស្រាវជ្រាវលក្ខណៈវិទ្យាសាស្រ្ត ការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យា ការលើកកម្ពស់ការ​យល់ដឹ​ង​អំ​​ពី​សារៈប្រយោជន៍នៃធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ការអភិវឌ្ឍដោយនិរន្តរភាព និងការរស់នៅដោយចីរភាពនៅកម្ពុជា។

លោក សាយ សំអាល់ បានលើកឡើងផងដែរថា មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នឹងរួម​ចំ​ណែកធ្វើពិពិធកម្មសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសទេសចរណ៍ផ្សារភ្ជាប់នឹងវប្បធម៌-ធម្មជាតិ និងជួយបង្កើ​នជម្រើ​សមុ​ខ​របរ ប្រភព​ចំណូលបន្ថែម និងលើកកម្ពស់ជីវភា​ពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះបានមួយកម្រិតបន្ថែមទៀត ស្រប​តាម​គោ​ល​នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក តាំង ម៉េងអៀង ប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បា​ន​ឱ្យ​ដឹងថា គំនិតផ្តួចផ្តើមក្នុងការដំឡើងប្រព័ន្ធថាមពលសូឡាសម្រាប់ក្រសួងបរិស្ថាន ទទួលបាន​ការគាំទ្រ​ទាំងផ្នែ​ក​ហិរ​ញ្ញ​វត្ថុ​និងបច្ចេកទេសពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍមួយចំនួន។ ប្រព័ន្ធស្ថានីយ​ផលិត​ថា​មព​លអគ្គិ​សនីដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ អាចផលិតថាមពលបានក្នុងរង្វង់ ១៥០គីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ។ ប្រព័ន្ធអ​គ្គិ​សនីនេះបានផ្តល់ប្រយោជន៍ដល់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ឬម៉ាស៊ីនបូមទឹកបានរៀងរាល់ថ្ងៃ។

គួរបញ្ជាក់ថា ក្រុមការងារនាយកដ្ឋានជីវៈចម្រុះ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍ដោយចីរភាពបាននឹ​ងកំពុ​ង​ប​ន្ត​ប្រមូល​ប្រភេទកេសរកូលព្រៃពីតំបន់ភ្នំគូលែន និងតំបន់ដទៃទៀតដើម្បីកត់ត្រា និងកំណត់​អត្តសញ្ញាណបន្ថែមទៀត៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook