Connect with us

ព័ត៌មានទាន់ហេតុការណ៍

ចិនដាក់ឲ្យដំណើរការ «ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរដំបូង ជាផ្លូវការ» ដើម្បីកាត់បន្ថយការពឹងផ្អែកលើ បច្ចេកវិទ្យាពីលោកខាងលិច

ប៉េកាំង៖ ប្រទេសចិននៅថ្ងៃសៅរ៍នេះបានប្រកាសថា រ៉េអាក់ទ័រនុយក្លេអ៊ែរ ហ័រឡុង ១ (Hualong One) មួយគ្រឿងដំបូង បានចាប់ផ្តើមធ្វើប្រតិបត្តិការ នៅក្នុងវិស័យពាណិជ្ជកម្មហើយ ដោយវាជាបច្ចេកវិទ្យារ៉េអាក់ទ័រនុយក្លេអ៊ែរ ដែលចិនបានអភិវឌ្ឍឡើងដោយខ្លួនឯង ដើម្បីបន្ថយការពឹងផ្អែកលើបច្ចេកវិទ្យា របស់ប្រទេសលោកខាងលិច។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១។

ក្រុមហ៊ុនបច្ចេកវិទ្យានុយក្លេអ៊ែរចិន CNNC បានឲ្យដឹងថា ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ Hualong One លេខ ៥ (No. 5) ដែលស្ថិតនៅស្ថានីយនុយក្លេអ៊ែរ ហ្វូឈីង (Fuqing) ក្នុងខេត្ត ហ្វូចៀន (Fujian) ភាគខាងកើតប្រទេសចិន បានចាប់ផ្តើមផលិតថាមពលអគ្គិសនីសម្រាប់លក់ហើយ ក្រោយធ្វើប្រតិបត្តិការសាកល្បងរយៈពេល ០៧ថ្ងៃកន្លងទៅនេះ។

គួរបញ្ជាក់ថា រ៉េអាក់ទ័រនុយក្លេអ៊ែរខាងលើ ត្រូវបានតភ្ជាប់ទៅក្នុងបណ្តាញផ្គត់ផ្គង់អគ្គិសនីនៃប្រទេសចិន កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយដំណើរការសាងសង់រយៈពេលជាង ៥ឆ្នាំ។ វាមានសមត្ថភាពផលិតអគ្គិសនីបាន ១០ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំៗ។ ប្រភេទរ៉េអាក់ទ័រនេះមានអាយុកាលប្រើប្រាស់បាន ៦០ឆ្នាំ ដែលស្របតាមស្តង់់ដាសុវត្ថិភាពខ្ពស់បំផុតរបស់ពិភពលោក ខណៈរ៉េអាក់ទ័រ Hualong One ទី ២ ត្រូវគេរំពឹងថា នឹងសង់រួចរាល់ក្នុងឆ្នាំនេះដែរ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook