ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡាបានឱ្យដឹង ថានិសិ្សតដែលទទួលសញ្ញាបត្រនាពេលនេះមានចំនួន ៦,៤១១នាក់ក្នុងនេះមាននារី៣,៥៦០នាក់ ក្នុងនោះមាននិស្សិតថ្នាក់បរិញ្ញាប័ត្រ ៥,១៥៨ នាក់ នារី ៣,១៣២ នាក់, និស្សិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ចំនួន ១,២៤៦នាក់នារី ៤២៨ នាក់ និងថ្នាក់បណ្ឌិតចំនួន ០៧ នាក់។ ក្នុងចំណោមនិស្សិតជ័យលាភីថ្ងៃនេះនិស្សិតជ័យលាភីថ្នាក់បរិ ញ្ញាប័ត្រចំនួន៩៦ភាគរយ,ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ៩៩.៥ ភាគរយ, និងថ្នាក់បណ្ឌិត១០០ភាគរយកំពុងមានការងារធ្វើរៀងៗខ្លួនដោយឡែកថ្នាក់បរិញ្ញាប័ត្រចំនួន៩៦ភាគរយមានចំនួន១០.៥ ភាគរយបាននិងកំពុងធ្វើអាជីវកម្មដោយខ្លួនឯង។
លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា៖ បច្ចុប្បន្នសាកលវិទ្យាល័យកំពុងបណ្តុះបណ្តាលនិស្សិតសរុប ១៣,៥២០ នាក់ នារី ៨,៤៧៩ នាក់ លើមុខជំនាញចំនួន២៣ចែកចេញជា៣កម្រិតរួមមានថ្នាក់បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត។
ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់របស់ក្រសួងអប់រំយុវជន និងកីឡា បានឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍធនធានមនុស្ស សាកលវិទ្យា ល័យជាតិគ្រប់គ្រងបាន និងកំពុងពិនិត្យ វាយតម្លៃនូវសមិទ្ធផលការងារដែលសម្រេចបាន និងចំណុចកែលម្អដើម្បី កសាងផែនការយុទ្ធសាស្រ្តជំហានទី៣ (២០២៤-២០២៨)ដោយផ្តោតទៅលើ៖
១, ពង្រឹង និងពង្រីកគុណភាពបណ្តុះបណ្តាលស្របតាមនិន្នាការថ្មីនៃទីផ្សារ ពលកម្មឧស្សាហកម្ម៤.០
២,លើកកម្ពស់សកម្មភាពស្រាវជ្រាវ និងនវានុវត្តន៍ថ្មីៗ
៣,ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងភាពជាដៃគូនៃកិច្ចការបណ្តុះបណ្តាល
៤, លើកកម្ពស់អភិបាលកិច្ចល្អ
ជាមួយគ្នានេះសាកលវិទ្យាល័យក៏បានកែសម្រួលកម្មវិធីបណ្តុះបណ្តាលឱ្យឆ្លើយតបពេញលេញតាមស្តង់ដាជាតិ និងអន្តរជាតិ ព្រមទាំងបានអភិវឌ្ឍកម្មវិធីសិក្សាជំនាញថ្មីៗ បន្ថែមសម្រាប់ថ្នាក់បរិញ្ញាប័ត្រ, ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតឱ្យមានសញ្ញាប័ត្រទ្វេ (Dual program) ជាមួយសាកលវិទ្យាល័យដៃគូ ដែលសិក្សាជាភាសាអង់គ្លេស។
ជាពិសេសនាពេលថ្មីៗនេះសាកលវិទ្យាល័យ ទើបតែអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាល និងបំពាក់សម្ភាររូបវន្ត ប្រកបដោយបច្ចេកវិទ្យាទំនើបជាទម្រង់ Digital Platform ដើម្បីបម្រើដល់ការបំពេញ ការងាររបស់បុគ្គលិក,ការសិក្សាស្រាវជ្រាវ,ការបង្រៀន និងការរៀនរបស់សាស្រ្តាចារ្យ, និស្សិតសំដៅឆ្លើយតបការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងបរិបឧស្សាហកម្ម៤.០ និងការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល៕