Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ថោង ខុន ណែនាំប្រធានមន្ទីរ ទេសចរណ៍ ខេត្តក្រចេះ រួមសហការគ្នា ក្នុងការការពារ និងអភិរក្សសត្វផ្សោត

(ភ្នំពេញ)៖ ដោយបានលើកឡើង អំពីការយកចិត្ត ក្នុងការអូសទាញ វិនិយោគ និងការអភិវឌ្ឍន៍ តំបន់ទេសចរណ៍ដែលមានស្រាប់ ក្នុងខេត្តក្រចេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានធ្វើការណែនាំ បន្ថែមដល់ ប្រធានមន្ទីរ ទេសចរណ៍ ខេត្តក្រចេះ ដែលទើបតែងតាំងថ្មី ត្រូវរួមសហការការពារ និងអភិរក្សសត្វផ្សោត និងធនធានធម្មជាតិ ឲ្យបានគង់វង្ស ដូចពាក្យស្លោកខ្មែរយើង បានដាក់មានផ្សោត ទើបមានទេសចរណ៍គ្មានផ្សោត គឺគ្មានទេសចរណ៍ ។

នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួង ទេសចរណ៍ បានចូលរួមជាអធិបតី ក្នុងពិធីផ្ទេរតំណែង ប្រធានមន្ទីរ ខេត្តក្រចេះ ក្នុងនោះលោក ចាន់ សុគន្ធី ត្រូវបានតែងតាំង ជាប្រធានមន្ទីរ ទេសចរណ៍ថ្មី នៃខេត្តក្រចេះ ខណដែល លោក ជួប រតនា អតីតប្រធានមន្ទីរ ត្រូវបានតែងតាង ជាប្រធាននាយកដ្ឋាន ផែនការអភិវឌ្ឍន៍ ក្រសួងទេសចរណ៍ ។

ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងនាឱកាសនោះ ដោយបានរម្លឹកថា ខេត្តក្រចេះមានរមណីយដ្ឋាន ទេសចរណ៍ទាំងអស់១៨កន្លែង ក្នុងនោះរមណីយដ្ឋានប្រវត្តិសាស្ត្រ ចំនួន៥កន្លែងដូចជា វត្តសរសរ១០០, ភ្នំសំបុក, វត្តវិហារបុរាណ រការកណ្តាល, ភ្នំសុពណ៌កាឡី និងប្រាសាទប្រាំ ដែលសុទ្ធសឹង ជារមណីយដ្ឋានប្រវត្តិសាស្ត្រ ដ៏គួរឲ្យទាក់ទាញ ។

ចំណែករមណីយដ្ឋាន ធម្មជាតិ១២កន្លែង ទៀតនោះដែលរួមមាន ទាំង អន្លង់ផ្សោតគឺ រមណីយដ្ឋានទឹកជួរទន្លេមេគង្គ កាំពី, កោះសុក្រម, ព្រែកជ្រៃមុំាង ឆ្នេរខ្សាច់ រការកណ្តាល, តាព្រហ្ម, សហគមន៍ អេកូទេសចរណ៍ កោះទ្រង់, សហគមន៍ អេកូទេសចរណ៍កោះផ្តៅ, សហគមន៍អេកូទេសចរណ៍ កោះសាមសិប, សហគមន៍ អេកូទេសចរណ៍ ព្រហ្មចារីយ៍ជ្រោយបន្ទាយ និងរមណីយដ្ឋានវប្បធម៌ធម្មជាតិ ព្រៃគគីរភ្នំព្រះ ខណ ដែលតំបន់រមណីយដ្ឋាន ទាំងអស់នោះមានសក្តានុពល បំផុតសម្រាប់ខេត្តក្រចេះ ។

ឯកឧត្តម បន្តថា អ្វីដែលពិសេស និងជាភាពទោល ( Unigue ) សម្រាប់ខេត្តក្រចេះ នោះគឺសត្វផ្សោត ទន្លេមេគង្គ ដែលកំពុងទាក់ទាញភ្ញៀវទេសចរណ៍ ទាំងជាតិនិងអន្តរជាតិ ។ ឯកឧត្តម រដ្ឋមន្ត្រី បញ្ជាក់ថា មកដល់ពេលនេះតំបន់នោះ មានសត្វផ្សោតវ័យជំទង់ ចំនួន៨៩ក្បាល ដែលរស់នៅក្នុង ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ខណដែលខេត្តក្រចេះ មានប្រមាណពី៦៥ទៅ៧០%ឯណោះ ។

ឯកឧត្តម ថោង ខុន បានក្រើនរម្លឹកម្តងទៀត ដល់ប្រធានមន្ទីរទេសចរណ៍ថ្មី ត្រូវធ្វើយ៉ាងណាខិតខំ សហការគ្នាក្នុងការការពារ និងអភិរក្សសត្វផ្សោត និងធនធានធម្មជាតិ ដ៏មានតម្លៃទាំងអស់ ឲ្យបានគង់វង្ស សំខាន់ការពារសត្វផ្សោតដូចពាក្យស្លោកដែលយើងបានដាក់ចេញគឺមានសត្វផ្សោតទើបមានទេសចរណ៍គ្មានសត្វផ្សោតគឺគ្មានទេសចរណ៍។

ទន្ទឹមនោះឯកឧត្តម រដ្ឋមន្ត្រី ក៏បានឲ្យដឹងផងដែរថា ក្រៅពីសត្វផ្សោតខេត្តក្រចេះក៏នៅមានផ្លែឈើនិងផលិតផលដ៏ទាក់ទាញច្រើនទៀតដូចជា ផ្លែក្រូចថ្លុងកោះទ្រុង ក្រឡានថ្មគ្រែ កោះ ឆ្នេរខ្សាច់រួមទាំងសក្តានុពលអេកូទេសចរណ៍តាមដងទន្លេមេគង្គថែមទៀត ។ ក្នុងនោះអ្វីគួរឲ្យកត់សម្គាល់គឺខេត្តក្រចេះធ្លាប់រៀបចំពិធីបុណ្យទន្លេលើកទី១ ហើយទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិប្រមាណ២០ម៉ឺននាក់ ។

ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងបញ្ជាក់បន្ថែមថា ការរីកចម្រើននៃវិស័យទេសចរណ៍ក្នុងខេត្តក្រចេះកន្លងមក គឺមានការចូលរួមចំណែកយ៉ាងសំខាន់ពីអតីតប្រធានមន្ទីរ និងមន្ត្រីក្រោមឱវាទដែលបានជួយជំរុញការអភិវឌ្ឍន៍ទេសចរណ៍ខេត្តក្រចេះឲ្យមានការរីកចម្រើនជាលំដាប់ និងបានបន្សល់ទុកនូវស្នាដៃគួរឲ្យកត់សម្គាល់មួយចំនួនធំផងដែរ ។

ឯកឧត្តម បន្តថា ការផ្លាស់ប្តូរមុខតំណែង ប្រធានមន្ទីរទេសចរណ៍ ខេត្តក្រចេះ នាពេលនេះគឺ ដោយសារភាពចំបាច់និងឆ្លើយតបទៅនឹង សភាពការណ៍ថ្មីពិសេស ដើម្បីបន្តប្រសិទ្ធភាព ការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ ខេត្តក្រចេះ ឲ្យមានគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព។

នាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ក៏បានផ្តល់អនុសាសន៍ មួយចំនួនសម្រាប់ ប្រធានមន្ទីរទេសចរណ៍ថ្មីខេត្តក្រចេះ បន្តការងារដឹកនាំ គ្រប់គ្រងក្នុងនោះត្រូវចេះរួមសាមគ្គី សហការគ្នាក្នុងមន្ទីរ និងសហការជាមួយរដ្ឋបាលខេត្ត វិស័យឯកជនជម្រុញ ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងខេត្តសំដៅទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook