(ព្រះវិហារ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឱ្យក្រសួងស្ថាប័នដែលក្រុមការងារដឹកនាំដោយក្រសួងបរិស្ថាន ចុះសិក្សាដើម្បីរៀបចំឯកសារ ត្រៀមដាក់តំបន់ទេសចរណធម្មជាតិភ្នំត្បែង ចូលក្នុងបញ្ជីត្រៀមបេតិកភណ្ឌធម្មជាតិពិភពលោក របស់អង្គការយូណេស្កូ។
ការបញ្ជាក់បែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២នេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមអ្នកសារព័ត៌មានចម្រុះស្ថាប័ន ចុះទៅទស្សនាឧទ្យានបេតិកភណ្ឌធម្មជាតិភ្នំត្បែង ភ្នំត្នោត – ភ្នំពក និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី ២៩ – ៣១ ខែមករាឆ្នាំ ២០២១ ដោយមានឧបត្ថម្ភគាំទ្រពីគម្រោងUSAID ព្រៃឡង់បៃតង និង អង្គការ WCS។

នាឪកាសទស្សនាឧទ្យានបេតិកភណ្ឌធម្មជាតិភ្នំត្បែងនោះដែរ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបញ្ជាក់ផងដែរ ក្នុងចំនោមទីតាំងតំបន់ធម្មជាតិចំនួន៤កន្លែង រួមមានទី១៖ ព្រែកកាំពី, ទី២៖ ដែនជម្រកសត្វព្រៃព្រែកប្រសព្វ, ទី៣៖ តំបន់សហគមន៍ការពារធម្មជាតិត្មាតប៉ើយ»និងទី៤៖ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលកន្លងមកត្រូវបានក្រសួងបរិស្ថាន ព្រមអន្តរក្រសួងបានសិក្សា ក៏ដូចជាចងក្រងឯកសារដើម្បីត្រៀមជាបញ្ជីត្រៀមស្នើសុំដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូហ្នឹង។បច្ចុប្បន្ន អ្នកជំនាញបានឯកភាពគ្នាជ្រើសយកតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដាក់ចូលក្នុងបញ្ជីត្រៀមបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ»។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ឲ្យដឹងថា មូលហេតុចំបង់ចំនួន៣ ដែលអ្នកជំនាញជ្រើសរើសភ្នំត្បែង ដាក់ចូលក្នុងបញ្ជីត្រៀមបេតិកភណ្ឌពិភពលោក ដោយសារតែទីតាំងនេះទី១៖ ជាកន្លែងទីសក្ការៈបូជាដ៏ស័ក្តិសិទ្ធខ្លាំង ហើយនៅតែមានជំនឿមកដល់បច្ចុប្បន្ន ទី២៖មានសក្តានុពលធនធានធម្មជាតិ ជីវចម្រុះ ប្រភេទសត្វកម្រ និងឈើព្រណិតជាច្រើន និងទី៣៖ ជាទីតាំងទេសចរណ៍ដ៌មានសក្កានុពល។

លោកក៏បានឱ្យដឹងដែលថា រហូតមកដល់ពេលនេះ ក្រុមអ្នកបច្ចេកទេ បានធ្វើការងារចងក្រងនូវឯកសារមួយចំនួនហើយ និងកំពុងតែបន្តបន្ថែមទៀត ដើម្បីសិក្សានៅក្នុងតំបន់តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងនេះ ដើម្បីរៀបចំឱ្យបាននូវឯកសារទាំងឡាយណាឱ្យបានគ្រប់ជ្រុងជ្រោយ និងពេញលេញដើម្បីស្នើចូលដាក់ចូលក្នុងបញ្ជីត្រៀមបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នាឱកាសនេះដែរលោក នេត្រ ភក្ត្រា បានឱ្យដឹងថា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងនេះ គឺជារមណីយដ្ឋានទេសចរធម្មជាតិមួយដែលមានសម្រស់ទេសភាពទឹកជ្រោះដ៏ស្រស់បំព្រង ហើយក៏ជាទីកន្លែងជម្រកដ៏សុខសាន្តសម្រាប់សត្វកម្រ ខណៈសព្វថ្ងៃតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង កំពុងបានក្លាយទៅជាតំបន់លំហែកាយមួយដ៏ពេញនិយម និងល្បីឈ្មោះសម្រាប់ខេត្តវិហារ ហើយមានប្រជាប្រិយភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ថា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង បានបង្កើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយចំណាររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំបន់បេតិកភណ្ឌភ្នំត្បែង មានផ្ទៃដីប្រមាណ ២ម៉ឺន ៥ពាន់ហិកតា មានភូមិសាស្ត្រជាប់ស្រុកចំនួនបួន គឺស្រុកសង្គមថ្មី, ស្រុកគូលែន, ស្រុករវៀង និងក្រុងព្រះវិហារ។ តំបន់បេតិកភណ្ឌមួយនេះ មានភាពល្អឯកលើសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ទឹកជ្រោះចំនួន៣ដំណាក់តាំង ពីកំពូលរហូតជើងភ្នំ និងមានទេសភាពចំការចេករបស់ប្រជាពលរដ្ឋតាមដងផ្លូវទៅកាន់ភ្នំត្បែង ដែលមានកម្ពស់ប្រមាណ៤០០ម៉ែត្រ ដែលអ្នកធ្វើដំណើរត្រូវឆ្លងកាត់កាំជណ្តើរ១៣៨០កាំ។ មិនត្រឹមតែប៉ុណ្ណោះ ភ្នំត្បែងគឺជាទីតាំងប្រវត្តិសាស្ត្រដែលពលរដ្ឋកម្ពុជាគោរពបូជា ទីសក្ការៈ ទាំងនោះរួមមាន ថ្មបីដុំជាដើម។
បច្ចុប្បន្នតំបន់បេតិកភណ្ឌភ្នំត្បែង បានក្លាយជាទីចាប់អារម្មណ៍ របស់ភ្ញៀវ ទេសចរណ៍ ជាពិសេស យុវជន ក្នុងការកំសាន្តចុងសប្តាហ៍ដោយការបោះតង់ជាក្រុម និងជាលក្ខណៈគ្រួសារជាដើម៕

