(ក្រុងឡុង)៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក បិន វ៉ាល់ឡេស(Ben Wallace)បានចោទប្រកាន់រុស្ស៊ីថាប្រើយន្តហោះប្រដេញដោយធ្វេសប្រហែសក្រោយពីយន្តហោះមួយរបស់រុស្ស៊ីហោះកាត់នៅចម្ងាយតែ៤,៥ម៉ែត្រពីយន្តហោះមួយរបស់អង្គការណាតូ នេះតាមព័ត៌មានដែលអង្គភាពសារព័ត៌មាន កម្ពុជសន្តិភាព ទទួលបាននៅរសៀល ថ្ងៃ សុក្រទី ២១ ខែ តុលាឆ្នាំ ២០២២។
លោករដ្ឋមន្ត្រី វ៉ាល់ឡេសក៏បានអោយដឹងទៀតថា យន្តហោះប្រដេញមួយរបស់រុស្ស៊ីបានបាញ់កាំជ្រួចមួយដោយចៃដន្យនៅពីលើសមុទ្រខ្មៅ ដោយយន្តហោះឈ្លបយកការណ៍របស់អង់គ្លេសមួយមើលឃើញប៊ិះមានការភាន់ច្រឡំបង្ករជាការបាញ់តទាល់គ្នាទៅហើយ។
លោកបានថ្លែងនៅសភា លោកបាននិយាយថារុស្ស៊ីកំពុងប្រើយន្តហោះចម្បាំងដោយ«ធ្វេសប្រហែសនិងក្នុងរបៀបមិនចាំបាច់»ដោយរួមទាំងការហោះកៀកយន្តហោះរបស់អង្គការណាតូបំផុតហើយ«ក្នុងហេតុការណ៍មួយបើតាមខ្ញុំដឹង យន្តហោះចម្បាំងរុស្ស៊ីមួយបានហោះនៅចម្ងាយតែ១៥ហ្វីត(៤,៥ម៉ែត្រ)ពីយន្តហោះអង្គការណាតូ» តែប៉ុណ្ណោះ។
សូមបញ្ជាក់លោកវ៉ាល់ឡេសបានអះអាងថា យន្តហោះSu-27ពីរគ្រឿងរបស់រុស្ស៊ីបានស្ទាក់យន្តហោះឈ្លបយកការណ៍RC-135 Rivet Jointរបស់អង់គ្លេសមួយដែលហោះល្បាតលើដែនទឹកអន្តរជាតិទៅខាងត្បូងតំបន់គ្រីម៉េកាលពីថ្ងៃ២៩កញ្ញា នៅពេលយន្តហោះរុស្ស៊ីមួយបញ្ចេញកាំជ្រួច។
សឺហ្គេ សយហ្គូ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានបន្ទោសឧបទ្ទវហេតុនេះលើបញ្ហាបច្ចេកទេសហើយអង់គ្លេសក៏មិនជឿងថាវាជាចេតនាបង្កភាពតានតឹងដែរ។តែវាមានលេសតិចតួចណាស់ក្នុងការសម្រន់ការភ័យខ្លាចថា សង្គ្រាមអ៊ុយក្រែននឹងរាលដាលទៅជាសង្គ្រាមលោកលើកទីបីនោះព្រោះគ្មានហេតុណាដែលយើងអាចមើលឃើញដូច្នោះនោះទេ៕


