Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ បញ្ជាក់ពី លទ្ធផលតំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបានក្រោយថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០

(ភ្នំពេញ)៖ ក្នុងឱកាសបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅព្រឹកថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នោះ មានអណ្តូងទី១ ដំណើរការបានរយៈពេល ៣៣ថ្ងៃ ផលិតបាន ៤០,៧៨៨បារ៉ែល ដោយក្នុងមួយថ្ងៃ បូមបានប្រមាណ ១,២៣៦បារ៉ែល ។

សម្តេចតេជោ បានបន្តថា តាមការវាយតម្លៃកម្ពុជាអាចចម្រាញ់ប្រេងបានចន្លោះពី ៧,០០០ ទៅ ៧,៥០០បារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជានេះជាចំនួនមួយតិចតួចនៅឡើយ តែជាការបោះជំហ៊ានមួយល្អលើវិស័យប្រេងនៅកម្ពុជា។ ដូច្នេះប្រេងមិនទាន់អាចជះឥទ្ធិពលដល់សេដ្ឋកិច្ចបានទេនៅក្នុងដំណាក់កាលទី១នេះ ទោះបីជាកម្ពុជាបានទទួលតំណក់ប្រេង លើកដំបូង កាលពីចុងឆ្នាំ២០២០ ក៏ដោយ ប៉ុន្តែវាជាការចាប់ផ្តើមមួយដ៏ល្អ នៃដំណើរការឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា។

គួររម្លឹកផងដែរថា កាលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងការជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ អំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។

សម្តេចបានបន្តថា ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះកម្ពុជា បានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈ និងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងនៅកម្ពុជា។

សម្តេចតេជោ បានបញ្ជាក់ថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈសម្បត្តិគ្រប់យ៉ាងឱ្យយើងមានដំណក់ប្រេងលើកដំបូងនៅកម្ពុជានាថ្ងៃទី ២៩ ធ្នូ ២០២០ នេះ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook