Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន ថា កម្ពុជាមិនទាន់ពឹងផ្អែកលើវិស័យប្រេងបានទេ

រាជធានីភ្នំពេញ៖ ការទទួលបានប្រេងក្នុងដែនសមុទ្រកម្ពុជាក្នុងពេលបច្ចុប្បន្នមិនទាន់ជះឥទ្ធិពល ដល់សេដ្ឋកិច្ចកម្ពុជានោះទេ ហើយកម្ពុជាក៏មិនទាន់អាចពឹងផ្អែកលើវិស័យនេះទាំងស្រុងបានដែរ។ នេះបើតាមការថ្លៃងឲ្យដឹងពី សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសម្ពោធ បើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅព្រឹកថ្ងៃច័ន្ទទី១កុម្ភៈឆ្នាំ២០២១។

បើតាមសម្តេច ហ៊ុន សែន ក្នុងបរិការណ៍ដែលប្រេងមានតំលៃ ៥៥ដុល្លារក្នុងមួយបារ៉ែល កម្ពុជាអាចនឹងទាញចំណូលបានជិត៣០លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលនេះជាចំនួនតិចតួច បើធៀបនឹងចំណូលមិនមែនសារពើពន្ធដែលទទួលបានពីតម្លៃទិដ្ឋការនៃភ្ញៀវទេសចរណ៍ទៅទៀត។

បើតាមសម្តេចតេជោ ហ៊ុន សែន រាប់ចាប់តាំងពីថ្ងៃដំបូងដែលកម្ពុជាទទួលបានដំណក់ប្រេង របស់ខ្លួន រហូតដល់ដើមខែកុម្ភៈឆ្នាំ២០២១នេះ អណ្តូងប្រេងទី១ឈ្មោះ AO1D ផលិតបានប្រេងចំនួន ៤ម៉ឺនបារ៉ែលហើយ ចំណែកឯអណ្តូងទី២ ទើបនឹងដំណើរការបានមួយរយៈ ពោលគឺទើបនឹងទទួលបានប្រេងចំនួន ២៦៨បារ៉ែលប៉ុណ្ណោះ។ សរុបក្នុងអណ្តូងប្រេងទាំង២ កម្ពុជាទទួលបានប្រេង ចំនួនជាង ៤ម៉ឺន១ពាន់បារ៉ែលហើយ។

បន្ថែមពីលើនេះ អណ្តូងប្រេងទី៣ ទី៤ និងទី៥ ក៏នឹងចាប់ផ្តើមដំណើរការជាបន្តបន្ទាប់ដែរ ក្នុងឆ្នាំ២០២១នេះ ដែលរដ្ឋាភិបាលបានប៉ាន់ប្រមាណថា កម្ពុជាអាចទទួលបានប្រេងរង្វង់ ៧ពាន់ទៅ ៧ពាន់៥រយបារ៉ែលក្នុងមួយថ្ងៃ ពីអណ្តូងប្រេងទាំង៥៕

Click to comment

Leave a Reply

Your email address will not be published.

Facebook