Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង បញ្ជាកុំឱ្យក្រុមពន្លត់អគ្គីភ័យ តថ្លៃបាញ់ទឹកជាមួយពលរដ្ឋរងគ្រោះ

ភ្នំពេញ៖ ពីពិធីទិវាអន្ដរជាតិរម្លឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៥ សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ហាមមិនឱ្យក្រុមពន្លត់អគ្គីភ័យ តថ្លៃបាញ់ទឹកជាមួយពលរដ្ឋរងគ្រោះ ដោយសារភ្លើងឆេះផ្ទះឡើយ។

សម្ដេច ស ខេង ចាត់ទុកសកម្មភាពអន្តរាគមន៍ របស់មន្ត្រីជំនាញពន្លត់អគ្គិភ័យ ដែលតថ្លៃតម្លៃបាញ់ទឹកជាមួយម្ចាស់ផ្ទះនេះ ជាទង្វើខុសឆ្គង និងគ្មានក្រមសីលធម៌ វិជ្ជាជីវៈ។ សម្ដេច ស ខេង បានបញ្ជាឱ្យគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទាំងអស់ ត្រួតពិនិត្យលើបញ្ហានេះ ដោយមិនត្រូវឱ្យមានករណីតថ្លៃជាមួយពលរដ្ឋរងគ្រោះទៀតឡើយ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្លែងនៅថ្ងៃទី២ កុម្ភៈនេះថា៖« ករណីមួយទៀតនោះ គឺនៅពេលឡានទឹកទៅដល់កន្លែងកើតហេតុហើយ បែរជាមន្ត្រីមួយចំនួនមិនធ្វើការជួយពន្លត់ភ្លាមៗនោះទេ ប៉ុន្តែពួកគាត់ទៅតថ្លៃជាមួយម្ចាស់ផ្ទះដែលជាជនរងគ្រោះជាមុនសិន ដែលការប្រព្រឹត្តបែបនេះជាការខុសឆ្គង។ ដូច្នេះហើយ មន្ត្រីនៅគ្រប់កន្លែងជាពិសេសទីប្រជុំជន និងទីក្រុងត្រូវមើលចំណុចទាំងនេះឡើងវិញ»។
សម្រាប់ករណីរថយន្តពន្លត់អគ្គីភ័យ មិនអាចចូលទៅបាញ់ទឹកនៅទីតាំងសំណង់អនាធិបតេយ្យ ដែលមានផ្លូវតូចចង្អៀត និងមិនអំណោយផលក្នុងការជួយសង្គ្រោះនោះ គឺជាបញ្ហាមួយហើយ។ ប៉ុន្តែសម្រាប់ករណីយកការពន្លត់អគ្គីភ័យ មកធ្វើអាជីវកម្មនេះ គឺជារឿងមិនគួរគប្បីនោះទេ។ សម្ដេច ស ខេង បន្ថែមបែបនេះ។
«ឡានរបស់រដ្ឋ ប្រេងរបស់រដ្ឋ មន្ត្រីស៊ីប្រាក់ខែរដ្ឋ បើទោះបីជាប្រាក់ខែតិចតួចក្តី ក៏ប៉ុន្តែមន្ត្រីមិនត្រូវបំពេញបេសកម្មដោយយកកាតព្វកិច្ចនេះជាអាជីវកម្មរបស់ខ្លួននោះទេ»។ នេះជាការលើកឡើងរបស់រដ្ឋមន្រ្តីមហាផ្ទៃ ដែលបានបន្ថែមថា បើពលរដ្ឋកំពុងតែរងគ្រោះហើយ បែរជាមន្ត្រីចរចាថ្លៃសេវាពន្លត់អគ្គីភ័យនោះ គឺច្បាស់ណាស់ពួកគេគ្មានប្រាក់បង់ទេ ក្នុងពេលទ្រព្យសម្បត្តិកំពុងត្រូវបានភ្លើងឆេះ។
ដើម្បីទប់ស្កាត់បញ្ហានេះ សម្ដេច ស ខេង បញ្ជាឱ្យគណៈបញ្ជាការឯកភាព សិក្សាផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់មន្ត្រីដែលចុះបំពេញបេសកកម្ម ដើម្បីកុំឱ្យពួកគេទៅតថ្លៃ ជាមួយពលរដ្ឋដែលកំពុងតែរងគ្រោះ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook