Connect with us

ព័ត៌មានសេដ្ឋកិច្ច

នៅដើមឆ្នាំ២០២១ ក្រុមហ៊ុន Hyundai Agro មានផែនការនាំចេញផ្លែស្វាយកែវរមៀតស្រស់ឲ្យបានចំនួន ១ ០០០ តោនទៅកាន់ទីផ្សារកូរ៉េ

(ភ្នំពេញ)៖​ បើតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា នៅដើមឆ្នាំ២០២១ ក្រុមហ៊ុន Hyundai Agro (Cambodia) មានផែនការនាំចេញផ្លែស្វាយកែវរមៀតស្រស់ឲ្យបានចំនួន ១ ០០០ តោនទៅកាន់ទីផ្សារកូរ៉េ។

បើយោងលើខ្លឹមសារដែលមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានកសិកម្ម និងទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យកូរ៉េស្តីពី “លក្ខខណ្ឌតម្រូវអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់” គឺតម្រូវឲ្យមានការចុះត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តបច្ចេកទេសក្នុង ចម្ការស្វាយជារៀងរាល់ឆ្នាំមុនរដូវប្រមូលផល។ ហេតុនេះ នាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ បានចាត់មន្រ្តីជំនាញឲ្យចុះទៅវាយតម្លៃលក្ខខណ្ឌបច្ចេកទេសពាក់ព័ន្ធនឹងចម្ការស្វាយ និងម៉ាស៊ីនប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment -VHT) នៅតាមក្រុមហ៊ុននីមួយៗដែលបានដាក់ពាក្យស្នើសុំ។ ទទួលបានលទ្ធផលនៃការចុះវាយតម្លៃ អគ្គនាយកដ្ឋានកសិកម្មបានផ្ញើរបាយការណ៍ជូនទៅទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យនៃប្រទេសកូរ៉េដើម្បីពិនិត្យ និងសម្រេច។

សូមបញ្ជាក់ជូនថា នៅឆ្នាំ២០២០ កម្ពុជានាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិមានចំនួនទឹកប្រាក់ជាង ២៤លានដុល្លារ កើនឡើងជាង៤០ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ជាមួយគ្នានេះកម្ពុជាអាចបង្កើតទីផ្សារនាំចេញទៅកាន់ប្រទេសកូរ៉េផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook