(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា តាមរយៈរបាយការណ៍ នៃការនាំអង្ករចេញប្រចាំខែមករា ឆ្នាំ២០២០១ បានបញ្ជាក់ថា នៅក្នុងខែដំបូង នៃឆ្នាំ២០២១ កម្ពុជានាំចេញអង្ករសរុបបានជាង ៣ម៉ឺន៤ពាន់តោន ដែលមានការធ្លាក់ចុះជាង ៣២% ដោយសារបញ្ហាខ្វះកុងតឺន័រដឹកនិងការដឹកជញ្ជូនតាមកប៉ាល់»។

តាមរបាយការណ៍ដដែលបានប្រាប់ឲ្យដឹងទៀតថា ការនាំចេញអង្កររបស់កម្ពុជា នៅក្នុងខែមករា ឆ្នាំ២០២១ គឺមានទិសដៅចំនួន ២៨ប្រទេស សម្រេចបានជារួម ៣៤ ២៧៣ តោន គិតជាទំហំទឹកប្រាក់ចំនួន ៣០.៧៦លានដុល្លារសហរដ្ឋអាមេរិច។
តែយ៉ាងណាចំនួននេះគឺមានការថយចុះជាចំនួន ៣២.០៧% ដែលជាពិសេសគឺទីផ្សាររបស់ប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុប បានធ្លាក់ចុះជិត ៦០% ខណៈដែលទីផ្សារប្រទេសចិន នៅតែបន្តមានភាពវិជ្ជមាន ពោលគឺកើតឡើងជិត៨% បើប្រៀបធៀបនឹងខែមករា ឆ្នាំមុន។
ការធ្លាក់ចុះនៃការនាំចេញអង្ករ ក្នុងខែមករានេះ ជាពិសេសទៅកាន់ប្រទេសសមាជិកសភាពអឺរ៉ុប ដែលមានការធ្លាក់ចុះដល់ទៅជិត៦០% គឺ បណ្តាលមកពីមូលហេតុចម្បង គឺបញ្ហាការដឹកជញ្ជូនតាមកប៉ាល់ ដោយកង្វះទូកុងតឺន័រសំរាប់អង្ករដែលជាទំនិញធ្ងន់ មិនមានកន្លែងផ្ទុកគ្រប់គ្រាន់ (Shipping Space) របស់កប៉ាល់ដឹកជញ្ជូនពីកំពង់ផែក្រុងព្រះសីហនុ(Pre-courier) ទៅប្តូរនៅកប៉ាល់មេទៅអ៊ឺរ៉ុប (Mother Vessel) និងតម្លៃទៀតសោតបានឡើងខ្ពស់ ដល់ទៅ៥ ដង នៃតម្លៃឆ្នាំមុន។

ដោយឡែកចំពោះទីផ្សារប្រទេសចិន បានកាន់កាប់ចំណែក ៤៧.១៥% នៃការនាំចេញសរុប ដែលគិតជាបរិមាណគឺមានចំនួន ១ ៦១៦៣ តោន និងមានការកើនឡើង៧.៧% បើធៀបនឹងខែមករា ឆ្នាំ២០២០។ ចំពោះប្រភេទអង្ករនាំចេញក្នុងខែមករា ឆ្នាំ២០២១នេះ ឃើញថា ៨៧.៦៣% គឺជាចំណែករបស់អង្ករក្រអូប ដែលរួមមានទាំងក្រអូបប្រណីត សែនក្រអូប អង្ករសរីរាង្គផ្កាម្លិះជាដើម៕