Connect with us

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ជំរុញឲ្យបញ្ជ្រាបការអប់រំច្បាប់ចរាចរណ៍ផ្លូវគោក តាំងពីថ្នាក់មត្តេយ្យសិក្សា

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានជំរុញឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងអប់រំ យុវជន និងកីឡា ត្រូវបញ្ជ្រាបការអប់រំច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ក្នុងកម្មវិធីសិក្សាតាំងពីថ្នាក់មត្តេយ្យ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២០ និងទិសដៅបន្ដឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ការដែលត្រូវបង្រៀនច្បាប់ចរាចរណ៍ផ្លូវគោក តាំងពីថ្នាក់មត្តេយ្យមកនេះ គឺដើម្បីឲ្យយុវជនជំនាន់ក្រោយ បានស្វែងយល់កាន់តែច្បាស់អំពីច្បាប់ និងមានគំនិតចាក់ឫសជ្រៅក្នុងការគោរពច្បាប់ចរាចរណ៍។

បើតាមសម្ដេចក្រឡាហោម ស ខេង នាថ្ងៃអនាគតកម្ពុជា នឹងមានផ្លូវខ្វាត់ខ្វែងកាន់តែច្រើនមិនថាតែនៅទីក្រុង ឬក៏ជនបទនោះទេ ដូច្នេះចាំបាច់បំផុតត្រូវតែយល់ដឹងអំពីច្បាប់ចរាចរណ៍។ សម្ដេចបន្ថែមទៀតថា នៅពេលបង្រៀនតាំងពីក្មេងបែបនេះ គឺមិននាំឲ្យខាតពេលបង្រៀននៅថ្នាក់ខ្ពស់នោះទេ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «មែនទែនយើងត្រូវបង្រៀនតាំងពីមត្ដេយ្យ យើងត្រូវមើលឲ្យបានវែងបន្ដិច ព្រោះស្រុកយើងបន្ដិចទៀត នឹងមានផ្លូវខ្វាត់ខ្វែង មិនថាទីក្រុង មិនថាជនបទ។ អនាគតកូនចៅយើងនឹងបានផលពីផ្លូវនោះ តែប្រសិនបើមិនចេះច្បាប់ចរាចរណ៍ជារឿងមួយផ្សេង»

ក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា បច្ចុប្បន្នការបង្រៀនអំពីច្បាប់ចរាចរណ៍ គឺចាប់ផ្ដើមឡើងពីកម្រិតបឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា ប៉ុន្ដែសម្ដេចថា ប្រសិនបើបង្រៀនតាំងពីថ្នាក់មត្តេយ្យ ម្ល៉េះមិនខានដែលត្រូវបង្រៀនម្ដងទៀត នៅថ្នាក់ឧត្តមសិក្សានោះឡើយ។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏ជំរុញឲ្យបន្ដយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចែកស្ទីកឃ័រចំណាំផ្លាត និងមួកសុវត្ថិភាពដល់អ្នកបើកបរទោចក្រយានយន្ដ ព្រមទាំងបន្ដសិក្សាត្រួតពិនិត្យតំបន់ដែលមានគ្រោះថ្នាក់ញឹកញាប់ និងកែលម្អទីតាំងទាំងនោះផងដែរ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook