ក្រោយពីការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់មីយ៉ាន់ម៉ា រួចមកពេលនេះ ពេលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាថ្មី បានបង្គាប់ឱ្យក្រុមហ៊ុនទូរស័ព្ទដៃចល័ត និងក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៉ិនធើណិតទាំងអស់ នៅក្នុងប្រទេសរបស់ខ្លួន បិទការចូលកាន់បណ្ដាញទំនាក់ទំនងសង្គម Twitter និង Instagram កាលពីថ្ងៃសុក្រកន្លងមកនេះ ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រុមហ៊ុនទូរសព្ទចល័តធំមួយនៅក្នុងប្រទេសនេះគឺក្រុមហ៊ុន (Telenor) បានអះអាងថា យោធាបានបង្គាប់ឱ្យក្រុមហ៊ុនខ្លួនបិទបណ្ដាញទំនាក់ទំនង សង្គមទាំងពីរខាងលើ រហូតដល់មានការជូនដំណឹងជាថ្មី។ យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍ ក៏បានបិទបណ្ដាញទំនាក់ទំនងសង្គម Facebook ផងដែរ រហូតដល់ថ្ងៃទី០៧ ខែកុម្ភៈ ក្រោមហេតុផលដើម្បីរក្សាស្ថិរភាព។ យ៉ាងណាក៏ដោយ ក្រសួងការទូរគមនាគមន៍ និងព័ត៌មានវិទ្យាមីយ៉ាន់ម៉ាមិនទាន់ធ្វើការអត្ថាធិប្បាយអ្វី ឆ្លើយតបទៅនឹងការអះអាងរបស់ក្រុមហ៊ុន Telenor ឡើយ។
គួរបញ្ជាក់ថា ការសម្រេចចិត្តខាងលើរបស់យោធា កើតមានឡើង បន្ទាប់ពីប្រជាជនមីយ៉ាន់ម៉ាមួយចំនួន បានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជាពិសេស Facebook ដើម្បីរិះគន់យោធា និងអំពាវនាវឱ្យមានបាតុកម្មតវ៉ាដោយសន្តិវិធី រហូតទាល់តែលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបង្ហាញថា គណបក្សលោកស្រី អោង សាន ស៊ូជី ជាអ្នកឈ្នះភ្លូកទឹកភ្លូកដី។
យើងនៅចាំបានថា យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានចាប់ឃុំខ្លួនលោកស្រី ស៊ូជី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតនៃរដ្ឋាភិបាលលោកស្រី ដោយថែមទាំងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេលមួយឆ្នាំទៀតផង យោធាមីយ៉ាន់ម៉ាបានឱ្យដឹងថា លោកស្រី ស៊ូជី ដែលកំពុងជាប់ឃុំក្នុងផ្ទះមានសុខភាពល្អធម្មតា ខណៈលោកស្រី កំពុងប្រឈមមុខនឹងបទចោទប្រកាន់ពីបទកាន់កាប់វិទ្យុទាក់ទង ឬអាយកូមខុសច្បាប់ ហើយបទចោទនេះទៀតសោត អាចឱ្យលោកស្រីជាប់ពន្ធនាគារ ០៣ឆ្នាំ ប្រសិនបើត្រូវបានគេកាត់ទោសមែននោះ
ន្រ្តីយោធាជាន់ខ្ពស់របស់ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា លោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ឃុំឃាំងនៅឯគេហដ្ឋានរបស់លោកស្រី នៅមានសុខភាពល្អធម្មតាទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី០៥ ខែកម្ភៈ ឆ្នាំ២០២១។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃសុក្រនេះ មន្ត្រីយោធាមីយ៉ាន់ម៉ា លោក Kyi Toe បាននិយាយថា«ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Win Myint និងទីប្រឹក្សារដ្ឋ លោកស្រីអ៊ុង សានស៊ូជី ដែលកំពុងជាប់ឃាំងក្នុងផ្ទះ នៅមានសុខភាពល្អធម្មតាទេ»។
គួរបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី មិនត្រូវបានគេមើលឃើញជាសាធារណៈ ចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះមកម្លេះ បន្ទាប់ពីយោធាមីយ៉ាន់ម៉ា បានចាប់ឃុំខ្លួនលោកស្រី និងមន្ត្រីជានខ្ពស់ជាច្រើនរូបទៀត។ លោកស្រី ត្រូវបានប៉ូលិសចោទប្រកាន់ ពីបទគ្រប់គ្រងគ្រោះមហន្តរាយជាតិ និងច្បាប់នាំចេញ និងនាំចូលរបស់សភាមីយ៉ាន់ម៉ា ដែលនឹងត្រូវឃុំខ្លួនក្នុងផ្ទះ រហូតដល់ថ្ងៃទី១៥ ខែនេះ៕