Connect with us

កងកម្លាំងប្រដាប់អាវុធ

ក្រសួងព័ត៌មានផ្តល់អាហារូបករណ៍ចំនួន៣០កន្លែង ជូនក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្រិតឧត្តមសិក្សា

ក្រសួងព័ត៌មាន បានផ្តល់អាហារូបករណ៍ចំនួន៣០កន្លែង ជូនក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្រិតឧត្តមសិក្សា ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសការលើកកម្ពស់សមត្ថភាពមន្ត្រីរាជការ។
អនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការផ្តល់អាហារូបករណ៍របស់ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ជូនដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានធ្វើពិធីចុះហត្ថលេខាដោយ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ទទួលបន្ទុកអាហារូបករណ៍នៃក្រសួងព័ត៌មាន និងឯកឧត្តម ហេង ណន រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នាសាលប្រជុំទីស្តីការ ក្រសួងព័ត៌មាន ។
ឯកឧត្តម សុខ ប្រសិទ្ធិ មានប្រសាសន៍លើកឡើងថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ គឺក្រសួងព័ត៌មាន នឹងផ្តល់ជូនអាហារូបករណ៍ចំនួន ៣០កន្លែង ជូនក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្រិតឧត្តមសិក្សានៅតាមសាកល វិទ្យាល័យមួយចំនួន ដែលក្លាយជាឱកាសដ៏ល្អបន្ថែមទៀតរវាង ក្រសួងទាំងពីរក្នុងនាមជាសេនាធិការនៃរាជរដ្ឋាភិបាល លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការលើកកម្ពស់សមត្ថភាពមន្ត្រីរាជការតាមរយៈការទទួលបានអាហារូបករណ៍ ដើម្បីបន្តការសិក្សាលើជំនាញនានា។
ឯកឧត្តម បន្ដថា ការផ្តល់ជូនអាហារូបករណ៍នេះដោយមានការអនុញ្ញាតពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ដែលបានបង្ហាញអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នទាំងពីរ ក្នុងការចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាចំណុចអាទិភាពនៃយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក វិស័យព័ត៌មាន និងផ្សព្វផ្សាយ បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តតួនាទីស្របតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចូលរួមចំណែកក្នុងកសាងជាតិមាតុភូមិ។ ក្រសួងព័ត៌មាន បានបង្កើតគណៈកម្មការទទួលបន្ទុក អាហារូបករណ៍ ដើម្បីសម្របសម្រួលទទួលអាហារូបករណ៍ ពីសាកលវិទ្យាល័យ និងស្ថាប័ននានាទាំងក្នុង និងក្រៅប្រទេសសម្រាប់ជូនមន្ត្រីរាជការក្នុងក្រសួង។ ទន្ទឹមនឹងនេះ គណៈកម្មការទទួលបន្ទុកអាហារូបករណ៍ ក្រសួងព័ត៌មាន ក៏មានទស្សនៈវិស័យក្នុងការផ្តល់អាហារូបករណ៍ជូនមន្ត្រីរាជការនៃក្រសួងដទៃទៀតផងដែរ។
ក្រោមការដឹកនាំរបស់ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ តែងយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងឡាយ សំដៅជំរុញ និងអភិវឌ្ឍន៍វិស័យព័ត៌មាន និងផ្សព្វផ្សាយនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការលើកកម្ពស់ធនធានមនុស្ស បច្ចេកទេស សម្ភារៈ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។
ឯកឧត្តម ហេង ណន មានបានថ្លែងអំណរគុណ យ៉ាងជ្រាវជ្រៅចំពោះសណ្តានចិត្តរបស់ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ក្នុងការផ្តល់អាហារូបករណ៍ជូន ក្រសួងឧស្សាហកម្ម ដែលនឹងផ្តល់ឱកាសដល់មន្ត្រីរាជការដែលចូលនិវត្តន៍ និងកូនចៅរបស់ពួកគាត់មានឱកាសបន្ថែមក្នុងការទទួលបានចំណេះជំនាញបន្តទៀត៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook