(ខេត្តព្រះសីហនុ)៖ បុគ្គលឯកជនដែលកំពុងរំលោភកាន់កាប់ដីឆ្នេរសមុទ្រស្ថិតនៅពយយាយមុី និងឆ្នេរតាបារាំង ភូមិឫទ្ធី ២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយថ្មីៗនេះរដ្ឋបាលខេត្ត បានចេញសេចក្ដីជូនដំណឹងឲ្យ រុះរើ សំណង់ចេញជាបន្ទាន់។ នេះបើយោងតាមសេចក្ដីជូនដំណឹងលេខ ០៣៦/២១ សជណ ចុះថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២១ និង លិខិតរបស់គណ:កម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា លេខ ០០៥ អ/គ.អ.ឆ.ក. ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។

ជម្រាបជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តព្រះសីហនុ។ កម្មវត្ថុសំណើសុំផ្តល់កិច្ចសហការ និងចាត់តាំងតំណាងរដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក-ឃុំ ចុះអនុវត្តវិធានការចំពោះករណីនៃការទន្ទ្រានកាន់កាប់ដីចំណីឆ្នេរសមុទ្រនៅក្នុងភូមិសាស្រ្តស្រុកស្ទឹងហាវ ខេត្តព្រះសីហនុដោយយោងសារាចរណែនាំលេខ ០១ សរណន ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ។

រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឈុន ថុល នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក និងលោក ខៀវ ថា ប្រធានក្រុមត្រួតពិនិត្យបទល្មើសជលផល បានចូលរួមជាមួយគណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ស្តីពីការបិទផ្សាយសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ការរុះរើសំណង់ផ្សេងៗដែលបានសង់រំលោភលើដីចំណីឆ្នេរសាធារណៈ ស្ថិតក្នុងភូមិឫទ្ធី២ មានឆ្នេរតាបារាំង ឆ្នេរខ្សាច់ស ឆ្នេរពយតាឈួន និងឆ្នេរយាយម៉ី។ ក្រោមការដឹកនាំរបស់លោក ស៊ុន ពិសី និងលោក តុប ពេញ អភិបាលរងស្រុកស្ទឹងហាវ ព្រមទាំងមានការចូលរួមពីមន្រី្តការិយាល័យជំនាញពាក់ព័ន្ធ កងកំលាំង អាជ្ញាធរមូលដ្ឋាន ជាច្រើននាក់ទៀតផងដែរ។

ជុំវិញការរំលោភកាន់កាប់ដីឆ្នេរតំបន់ខាងលើនេះ លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា CNRO មានប្រសាសន៍ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកសូមគាំទ្រនៅចំណាត់ការរបស់រដ្ឋបាលខេត្តព្រះសីហនុ និង គណ:កម្មការជាតិគ្រប់គ្រងតំបន់ឆ្នេរសមុទ្រថ្នាក់ជាតិដែលខិតខំយកចិត្តទុកដាក់លើឆ្នេរសមុទ្រខេត្តព្រះសីហនុ ក៏ដូចជាតំបន់ផ្សេងៗឃើញថាតំបន់ពយយាយមុី និងតំបន់ឆ្នេរតាបារាំងនេះ មានបុគ្គលមួយចំនួនកំពុងគ្រប់គ្រងលើដីឆ្នេរជាទ្រព្យសម្បត្តិរបស់រដ្ឋទាំងដីឆ្នេរ និងដីចាក់លុបធ្វើជាផែនៅក្នុងសមុទ្រជាដើម។ កន្លងមក គណ:កម្មការគ្រប់គ្រងអភិវឌ្ឍថ្នាក់ជាតិចុះមកពិនិត្យ និងចាត់វិធានការរួចហើយ ដោយឲ្យកាយចេញវិញ។ ប៉ុន្តែតាំងពីឆ្នាំ២០១៩ រហូត មកដល់ឆ្នាំ២០២០ មិនទាន់មានចំណាត់ការនៅឡើយទេ។ ទើបនៅឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានចេញលិខិតលេខ ០៣៦/២១ សជណ ចុះថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២១ ដើម្បីកំណត់រុះរើ ។

លោកសូមគាំទ្រ និងសូមឲ្យការអនុវត្តមានប្រសិទ្ធភាពដើម្បីកុំឲ្យបុគ្គលមួយចំនួនមករំលោភដីសាធារណៈរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិរបស់ខ្លួនបន្តទៀត។ លោកបន្តថា ជាក់ស្ដែងពយយាយមុីនេះមិនត្រឹមរំលោភបំពានដីលើគោកប៉ុណ្ណោះទេ តែរំលោភដល់ដីក្នុងទឹកទៀត។ គាត់បានបិទរបងមិនឲ្យអ្នកផ្សេងចេញចូលបាននៅតំបន់នេះទេ នេះជាការ រំលោភបំពានដោយខុសច្បាប់លើដីសាធារណៈរបស់រដ្ឋ អញ្ចឹងទេ!ត្រូវតែមានវិធានការណ៍តាមផ្លូវច្បាប់ឲ្យបានទាន់ពេលវេលា ដើម្បីកុំឲ្យបុគ្គលនោះនៅបំពានទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋបន្តទៀត ។
លោកបានសំណូមពរដល់រដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាគណ:កម្មការគ្រប់គ្រងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ថ្នាក់ជាតិ ពង្រឹងការអនុវត្តច្បាប់តំបន់ឆ្នេរនៅតំបន់ផ្សេងៗទៀតក្នុងខេត្តទាំង៤ដែលកំពុងរងការកាន់កាប់ពីបុគ្គលមួយចំនួន និងគម្រោងអភិវឌ្ឍមួយចំនួនដែលចាក់ដីលុបសមុទ្រ និងចាក់លុបឆ្នេរសមុទ្រជាដើម។ គួរតែយើងពិនិត្យ ពិចារណា ឡើងវិញ ហើយកុំឲ្យមានការអភិវឌ្ឍលើសមុទ្រ និងឆ្នេរសមុទ្រអញ្ចឹង យើងគួរតែរក្សាទុកទ្រទ្រង់ដើម្បីភ្ញៀវ ទេសចរណ៍ជាតិ និង អន្តរជាតិ ៕