Connect with us

កងកម្លាំងប្រដាប់អាវុធ

ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្ដីចិននៅកម្ពុជាខាងមុខបង្ហាញឱ្យឃើញពីទំនាក់ទំនងដ៏ស្អិតល្មួតរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម លី ខឺឈាង (LI Keqiang) នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ នៅកម្ពុជានេះ គឺជាការបង្ហាញឱ្យឃើញពីទំនាក់ទំនងដ៏ស្អិតល្មួត និងជាទំនាក់ទំនងដែកថែបរវាងថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជន និងប្រជាជននៃប្រទេសយើងទាំងពីរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លី ខឺឈាង (LI Keqiang) នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ០៨-១១ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកបណ្ឌិត ជា មុនីឫទ្ធិ បានប្រាប់វិទ្យុជាតិកម្ពុជានៅថ្ងៃទី៥ខែវិច្ឆិកានេះថា ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែគាំទ្របេសកម្មការងាររបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមក្នុងការពង្រឹងពង្រីកចំណងទាក់ទងទ្វេភាគី ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការនានា ជាពិសេសទាក់ទងទៅនឹងផែនការសកម្មភាពការងារ៥ឆ្នាំកន្លងមកស្តីពីការកសាងសហគមន៍ចិនកម្ពុជា អនាគតរួមគ្នា។

« ដំណើរទស្សនកិច្ចនេះ ក៏ជាការបង្ហាញនូវទំនងដ៏ល្អក្នុងកម្រិតក្នុងយន្តការទ្វេភាគី និងយន្តការពហុភាគីក្នុងក្របខណ្ឌកិច្ចប្រជុំកំពូលអាស៊ានផងដែរ។ ហើយក៏ជាការចូលរួមនៅក្នុងកម្លាំងចលករដ៏សំខាន់ នៃទំនាក់ទំនងអន្តរជាតិដោយផ្អែកលើគោលការណ៍ជួយគ្នាទៅវិញទៅមក សមធម៌ និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។ ដំណើរទស្សនកិច្ចនេះ ក៏ជាសក្ខីភាពបង្ហាញពីសមិទ្ធផលរយៈពេល៩ឆ្នាំ នៃកិច្ចសហប្រតិបត្តិការលើគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ព្រមទាំងបណ្តាកិច្ចសហប្រតិបត្តិការនានាក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍសកលសន្តិសុខសកលនិងជាការចូលរួមក្នុងការកសាងបាននូវសហគមន៍ជោគវាសនារួម នៃមនុស្សជាតិផងដែរ។

មិត្តភាពកម្ពុជាចិន គឺជាមិត្តភាពដែលគួរឱ្យទុកចិត្តបំផុត ជាមិត្តភាពជួយគ្នាក្នុងគ្រាក្រ ជាមិត្តភាពដែកថែប ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាសហស្ថាបនិក នៃការកសាងបានសហគមន៍រួម នៃមនុស្សជាតិ»។បើយោងតាមក្រសួងការបរទេសបានបញ្ជាក់ថា ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តម លី ខឺឈាង នឹងថ្វាយបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្នុងព្រះបរមរាជវាំង។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម លី ខឺឈាង នឹងជួបពិភាក្សាទ្វេភាគីនៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់រួម។ នៅចុងបញ្ចប់នៃជំនួប ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួននិងក្នុងពិធីសម្ភោធជានិមិត្តរូបបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ។

ឯកឧត្តមនាយករដ្ឋមន្រ្តីចិន នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ»អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមលីខឺឈាង ក៏នឹងអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ដែលក្នុងឱកាសនោះ ឯកឧត្តម នឹងអញ្ជើញធ្វើជាអធិបតីជាមួយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់គម្រោងស្ថាបនាឡើងវិញ នៃប្រាសាទតាកែវ ផងដែរ។

សូមបញ្ជាក់ថា កម្ពុជាចិនតែងតែគាំទ្រជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈទាំងថ្នាក់តំបន់ និងឆាកអន្តរជាតិជាតិ។ ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ក្នុងអភិវឌ្ឍន៍នៅកម្ពុជា។ ហើយកម្ពុជាបានប្រកាន់ជំហរយ៉ាងច្បាស់គឺគាំទ្រគោលនយោបាយចិនតែមួយ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook