Connect with us

កងកម្លាំងប្រដាប់អាវុធ

កម្លាំងចម្រុះស្រុកសេសានជួយប្រមូលផលស្រូវកសិករនៅភូមិបានបុង ឃុំភ្លុក កម្លាំងចម្រុះស្រុកសេសានជួយប្រមូលផលស្រូវកសិករនៅភូមិបានបុង ឃុំភ្លុក

ស្ទឹងត្រែង៖ ការងារប្រមូលផលស្រូវកសិករក្នុងស្រុកសេសានសម្រេចបានជាង១០០០ហិកតាហើយ កិច្ចការងារនេះអាជ្ញាធរស្រុកបានដឹកនាំកម្លាំងចុះជួយបន្ថែមដើម្បីពន្លឿនការងារច្រូតកាត់ឱ្យទាន់រដូវកាល។

ក្នុងសកម្មភាពជួយប្រមូលផលស្រូវរបស់កសិករ នៅភូមិបានបុង ឃុំភ្លុកស្រុកសេសានខេត្តស្ទឹងត្រែង ថ្ងៃទី ០៥ វិច្ឆិកាឆ្នាំ ២០២២ លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថា កម្លាំងចម្រុះថ្នាក់ស្រុក ចំនួនជាង ៣០ នាក់ ជួយច្រូតស្រូវប្រជាកសិករ នៅក្នុងពេលដែលពួកគាត់ខ្វះខាតកម្លាំងប្រមូលផល ។ហើយនេះក៏ជាការ ពន្លឿនដល់ការងារប្រមូលផលស្រូវ ឱ្យទាន់រដូវកាលផង និងបាន បញ្ចៀសពីការខូចខាត ដោយសារសត្វចង្រៃស៊ីបំផ្លាញដូចជាសត្វកណ្តុរជាដើម។

លោកបន្តថា ឆ្នាំនេះផលស្រូវកសិករ ទទួលបានទិន្នផលល្អជាងឆ្នាំកន្លងមក ដោយសារតែ ទឹកភ្លៀងអំណោយផល តាំងពីដើមរដូវរហូតមកដល់ចុងរដូវ ថ្វីដ្បិតតែនៅស្រុកសេសាននេះ ស្រូវស្រែមួយចំនួនបានរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងកន្លងមកក៏ដោយ។

លោកបន្តថា ផលប៉ះពាល់នេះមិនខូចខាតធ្ងន់ធ្ងរនោះទេ ដូច្នេះនៅពេលប្រមូលផល សូមឱ្យបងប្អូនកសិករយើង រួសរាន់ ក្នុងការច្រូតកាត់ ហើយបើបងប្អូនកសិករមានលទ្ធភាព អាចប្រែក្លាយផ្ទៃដីដែលមានប្រភពទឹក ទៅជាផ្ទៃដីដែលពោរពេញដោយដំណាំរួមផ្សំផ្សេងៗទៀត ដើម្បីស្ដារសេដ្ឋកិច្ចស្បៀង ប្រចាំគ្រួសារឱ្យមានភាពរីកចម្រើនឡើង។

លោកស្រីបញ្ចា កសិករម្ចាស់ស្រែនៅភូមិបានបុងឃុំភ្លុក បានសំដែងការសាទរដល់ថ្នាក់ដឹកនាំស្រុក កងកម្លាំងប្រដាប់អាវុធ រួមនឹងកម្លាំងមន្ត្រីរាជការ បានមកជួយច្រូតកាត់ប្រមូលផលស្រូវកសិករ បានសម្រួលដល់ការចំណាយថវិកាក្នុងការជួលកម្លាំងមកច្រូតកាត់។

លោកស្រីថា សកម្មភាពនេះបានបង្ហាញពីការលះបង់របស់ថ្នាក់ដឹកនាំស្រុកក៏ដូចជាមន្ត្រីរាជការរបស់ យើងទាំងអស់គ្នា នៅថ្ងៃឈប់សម្រាកពីការងារ បានមកជួយការងារកសិករយើង ដោយមិនរើសអើង។

សូមបញ្ជាក់ថា នៅស្រុកសេសានខេត្តស្ទឹងត្រែង កសិករប្រមាណ ៨០% ធ្វើការងារបង្កបង្កើនផលស្រូវ ១៥% ទៀត ធ្វើដំណាំចម្ការ និង ៥% ពួកគាត់ប្រកបរបរលក់ដូរ ហើយនៅឆ្នាំ២០២២នេះ កសិករយើងអនុវត្តការងារបង្កបង្កើនផលបានជាង ៥០០០ ហិកតា បច្ចុប្បន្នប្រមូលផលស្រូវបានជាង ១០០០ហិកតាស្មើនឹង១៤% នៅសេសសល់ កំពុងតែធ្វើការប្រមូលផលបន្ត៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook