Connect with us

កងកម្លាំងប្រដាប់អាវុធ

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ផ្ដល់ជូនប្រជាពលរដ្ឋជាង១ពាន់គ្រួសារ នៅឃុំស្រអែម ស្រុកជាំក្សាន្ត

ព្រះវិហារ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយ សារទឹកជំនន់ ចំនួន១,២៨៨ គ្រួសារ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , ឯកឧត្តម អភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា ខេត្តព្រះវិហារ ទទួលរងនូវគ្រោះទឹកជំនន់ ធ្វើឱ្យប៉ះពាល់តាមបណ្តា ក្រុង ស្រុក និងតំបន់មួយចំនួនរងការលិចលង់ ខូចខាតដំណាំកសិកម្ម ប៉ះពាល់ផ្ទះសំបែង និងហេដ្ឋារចនាសម្ព័ន្ធផងដែរ ក្នុងនោះរួមមាន៖ ប៉ះពាល់លំនៅឋានប្រជាពលរដ្ឋចំនួន ២២៩គ្រួសារ ក្នុងនោះ ជម្លៀស ប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពចំនួន១២៣គ្រួសារ។

ប៉ះពាល់ដំណាំស្រូវ ១០,៩២៣ហិកតា ខូចខាត ៥,០៥៧ហិកតា និងដំណាំរួមផ្សំ ៨,០២០ហិកតា ខូចខាត ៤,៣៣៨ហិកតា និងប៉ះពាល់ ហេដ្ឋារចនាសម្ព័ន្ធ ចំនួន ០៦ក្រុង ស្រុក ផ្លូវជនបទមួយចំនួនទទួលរងការខូចខាត ប៉ះពាល់សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមួយចំនួនទៀត។ ជាការឆ្លើយតបចំពោះផលប៉ះពាល់ដោយទឹកជំនន់ខាងលើ អាជ្ញាធរខេត្ត ក្រុង ស្រុក មន្ទីរជំនាញ កងកម្លាំងប្រដាប់អាវុធ កាកបាទក្រហមខេត្ត និងអង្គការដៃគូ បាននាំយកអំណោយមនុស្សធម៌ផ្ដល់ជូនគ្រួសាររងគ្រោះផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារថា សម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ចំពោះពលរដ្ឋកម្ពុជាគ្រប់ៗរូប។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានរួមគ្នា ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលទឹកជំនន់។ ឯកឧត្តម បានមានប្រសាសន៍ថា មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច ជាពិសេសរាល់ពេលដែលពលរដ្ឋមានទុក្ខលំបាក។ជាមួយគ្នានេះឯកឧត្តមក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ទាំងអស់ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឱ្យទទួលបានជោគជ័យ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook