Connect with us

ព័ត៌មានជាតិ

ជាថ្មីម្តងទៀតប្រជាជនមីយ៉ាន់ម៉ាបាតុកម្មទាមទារអោយមានការដោះលែងលោកស្រីអង់សានស៊ូជី

ប្រជាជនមីយ៉ាន់ម៉ា  អាទិត្យនេះ នៅតែបន្តធ្វើបាតុកម្ម ដើម្បីទាមទារអោយរដ្ឋាភិបាលដឹកនាំពួកយោធាមីយ៉ាន់ម៉ា ដោះលែង លោកស្រី  អង់សាន ស៊ូជី ដែលត្រូវបានពួកយោធាចាប់ខ្លួន នៅក្នុងរដ្ឋប្រហារមួយកាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមកនេះ ដោយពួកគេមានគ្នាប្រមាណជាង ១,០០០នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុងយ៉ាងហ្គន (Yangon)។

ពលរដ្ឋមីយ៉ាន់ម៉ាម្នាក់ ដែលចូលរួមក្នុងសកម្មភាពតវ៉ាខាងលើ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP យ៉ាងដូច្នេះថា «យើងនឹងបន្តប្រឹងប្រែងដើរឆ្ពោះទៅមុខ ហើយបន្តទាមទាររហូតទាល់តែយើងទទួលបានលទ្ធិប្រជាធិបតេយ្យមកវិញ… បរាជ័យរបបយោធាផ្តាច់ការ» ។ ចលនាបាតុកម្មនេះ បានចាប់ផ្តើមឡើងកាលពីថ្ងៃសៅរ៍ម្សិលមិញ ជាមួយវត្តមានប្រជាជនមីយ៉ាន់រាប់ពាន់នាក់ បន្ទាប់ពីរដ្ឋប្រហារយោធា បានផ្ទុះឡើងកាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយពួកគេក៏បានទាមទារឲ្យដោះលែង លោកស្រី ស៊ូជី ផងដែរ។

គួរបញ្ជាក់ថា បាតុកម្មតវ៉ាខាងលើកើតមានឡើង តបតាមការអំពាវនាវរបស់ គណបក្សសម្ព័ន្ធជាតិដើម្បីប្រធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ដែលជំរុញឱ្យប្រជាជនមីយ៉ាន់ម៉ា ក្រោកឈរឡើងធ្វើបាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារដោយយោធា និងចំពេលរដ្ឋាភិបាលថ្មីរបស់យោធា បានបិទខ្ទប់បណ្ដាញទំនាក់ទំនងសង្គមនានាដូចជា Facebook, Twitter និង Instagram ដោយសំអាងលើហេតុផលរក្សាស្ថេរភាពជាតិ។

យោធាមីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់អគ្គមេបញ្ជាការលោក មីន អោង ហ្លេង បានសម្រេចធ្វើរដ្ឋប្រហារយ៉ាងដូច្នេះ ដោយអះអាងថា ជាវាការឆ្លើយតបទៅនឹងការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលខ្លួនចាត់ទុកជាការបោះឆ្នោតមានការលួចបន្លំ ខណៈលទ្ធផលនៃការបោះឆ្នោតនោះ បានបង្ហាញថា គណបក្សលោកស្រី ស៊ូជី ជាអ្នកឈ្នះយ៉ាងភ្លូកទឹកភ្លូកដី។

ក្រោយរដ្ឋប្រហារដែលបានរងការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ យោធាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ហើយប្រគល់អំណាចគ្រប់យ៉ាងលោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង ព្រមទាំងសន្យាថា នឹងរៀបចំការបោះឆ្នោតសកលថ្មីមួយដោយសេរី និងយុត្តិធម៌ នៅក្រោយការបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន។ ទោះជាយ៉ាងណា កាលបរិច្ឆេទជាក់លាក់នៃការរៀបចំការបោះឆ្នោតនោះ នៅមិនទាន់មានការបញ្ជាក់ឡើយ។

សូមជំរាបថា កាលពីថ្ងៃសៅរ៍កន្លកនេះ ប្រជាជននមីយ៉ាន់ម៉ារាប់ពាន់នាក់បាននាំគ្នាចុះតាមដងផ្លូវ ធ្វើបាតុកម្មតវ៉ានៅក្នុងទីក្រុងរ៉ង់ហ្គូន​ ដើម្បីថ្កោលទោសរដ្ឋប្រហារ និងទាមទារឱ្យយោធាដោះលែងលោកស្រី អោង សាន ស៊ូជី ជាបន្ទាន់ ដែលនេះជាការធ្វើបាតុកម្មលើកដំបូងបំផុត ចាប់តាំងពីទង្វើដែលអន្តរជាតិចោទថាជារដ្ឋប្រហារយោធា បានផ្ទុះឡើងកាលពីថ្ងៃចន្ទសប្ដាហ៍នេះ។

នៅក្នុងការតវ៉ា គេសង្កេតឃើញ ក្រុមបាតុករបានលើកផ្ទាំងបដាសរសេរអក្សរមីយ៉ានម៉ា ដែលមានន័យថា «ប្រឆាំងនឹងរបបយោធាផ្ដាច់ការ» ហើយពួកគេក៏បានស្រែកច្រៀងជាមួយពាក្យស្លោកថា«យោធាផ្ដាច់ការបរាជ័យៗ… ប្រជាធិបតេយ្យឈ្នះៗ» ព្រមទាំងអំពាវនាវទាមទារឱ្យយោធាដោះលែងលោកស្រី អោង សាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោកស្រី ឱ្យមានសេរីភាពឡើងវិញផងដែរ។

គួរបញ្ជាក់ថា បាតុកម្មតវ៉ាខាងលើកើតមានឡើង តបតាមការអំពាវនាវរបស់ គណបក្សសម្ព័ន្ធជាតិដើម្បីប្រធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ដែលជំរុញឱ្យប្រជាជនមីយ៉ាន់ម៉ា ក្រោកឈរឡើងធ្វើបាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារដោយយោធា និងចំពេលរដ្ឋាភិបាលថ្មីរបស់យោធា បានបិទខ្ទប់បណ្ដាញទំនាក់ទំនងសង្គមនានាដូចជា Facebook, Twitter និង Instagram ដោយសំអាងលើហេតុផលរក្សាស្ថិរភាពជាតិ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook