Connect with us

កងកម្លាំងប្រដាប់អាវុធ

រដ្ឋបាលរាជធានីភ្នំពេញ ពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់យ៉ាងតឹងរុឹងក្នុងអំឡុងពេលកិច្ចប្រជុំ កំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ

រដ្ឋបាលរាជធានីភ្នំពេញ ពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់យ៉ាងតឹងរុឹងដើម្បីធានាសុខសុវត្ថិភាពជូនគណៈប្រតិភូថ្នាក់ដឹកនាំបណ្តាប្រទេស និងស្ថាប័ននានា ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យរដ្ឋបាលខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានតឹងរុឹងជាទីបំផុត ដោយកុំឱ្យមាន ការធ្វេសប្រហែសឡើយ ខណៈប្រតិភូដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាប្រមុខរដ្ឋ និង ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំប្រទេសមហាអំណាចធំៗនៅលើពិភពលោក ព្រមទាំងថ្នាក់ដឹកនាំអង្គការអន្តរជាតិធំៗ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

ការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង ធ្វើឡើងនៅក្នុងកិច្ចប្រជុំ ស្តីពី ការត្រួតពិនិត្យការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ បរិស្ថាន និងរបៀបរៀបរយសាធារណៈសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែវិច្ចិកា ឆ្នាំ២០២២។

លោកកើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងដែរថា ការពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ មានគោលដៅ៣សំខាន់ រួមមានទី១ ការពារសន្តិសុខនៅសងខាងទីតាំងចំណុចខ្ពស់តាមតម្រាយផ្លូវនិងបរិវេណខាងក្រៅ , ទី២ ការពារសន្តិសុខនៅក្នុងកិច្ចប្រជុំ និងទីកន្លែងជប់លៀង និងទី៣ ការទប់ស្កាត់បាតុកម្ម កូដកម្ម និងចលាចលសង្គម។

សូមបញ្ជាក់ថា កិច្ចដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ាននេះនឹងមានការចូលរួមពីប្រតិភូជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ដូចនេះដើម្បីឱ្យកិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងពីការបញ្ចៀស ចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅតាមបណ្តាវិថីសំខាន់ៗមួយចំនួនក្នុងអំឡុងពេលគណៈប្រតិភូជាន់ខ្ពស់ ជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន មានដូចជាមហាវិថីសហព័ន្ធរុស្សី មហាវិថីព្រះនរោត្តមមហាវិថីព្រះមុនីវង្ស ផ្លូវជាតិលេខ៦ វិថីឧកញ៉ា ឃ្លាំងមឿងជាដើម។

បន្ថែមពីនេះទៀតពុំអនុញ្ញាតឱ្យចរាចរតាមដងទន្លេសាប និងទន្លេមេគង្គលើ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ហាមដាច់ខាតការបង្ហោះខ្លែង និងឧបករណ៍ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើយន្តហោះបញ្ជា(Drone) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសតាមផ្លូវហោះហើររបស់យន្តហោះ។

ដើម្បីលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ក៏ដូចជាអបអរសាទរ ដែលព្រះរាជាណាចក្រ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានឱ្យទទួលបានជោគជ័យ សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួម និងសហការឱ្យបានល្អជាមួយកម្លាំង មានសមត្ថកិច្ច ក្នុងគោលបំណងរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈបានល្អប្រសើរក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា ដើម្បីការពារប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលដែលនឹងអញ្ជើញមក ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានត្រៀមកម្លាំងសមត្ថកិច្ចប្រមាណជាងមួយម៉ឺននាក់មកពី ១៤ ស្ថាប័នពាក់ព័ន្ធ រួមទាំងរថយន្តការពារ គ្រាប់និងមានទាំងការពារផ្លូវអាកាស ផ្លូវទឹកផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook