Connect with us

កងកម្លាំងប្រដាប់អាវុធ

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្តផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនក្នុងពិធីប្រណាំងទូកតាមបណ្តាខេត្ត និងថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការជាមួយក្រសួង ស្ថាប័ន និងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត បន្តផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនក្នុងពិធីបុណ្យប្រណាំងទូក តាមបណ្តាខេត្តនិងថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក ដើម្បីពញ្ញាក់ស្មារតីប្រជាពលរដ្ឋនិងទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងក្រុមគ្រួសារ និងសហគមន៍ ។

លោកឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិ សម្បទា នៃអគ្គលេខាធិការ ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា ចំពោះការងារផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន គឺជាការចាំបាច់មួយដែលត្រូវការ ការចូលរួមពីគ្រប់សមាសភាពទាំងអស់ក្នុងសង្គម ដែលនេះជាការងាររួមដោយមិនមែនជាការងារផ្តាច់មុខរបស់អ្នកណាម្នាក់ឬក្រុមណាមួយឡើយ ។ ដូច្នេះ គ្រប់ក្រសួង ស្ថាប័ន គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត បានផ្តល់កិច្ចសហការផ្សព្វផ្សាយ ទាំងសម្ភារ ទាំងមធ្យោបាយសម្រាប់ដំណើរការផ្សព្វផ្សាយ ។

 

លោកឧត្តមសេនីយ៍ទោ បានបន្តថា ខិតប័ណ្ណប្រឆាំងគ្រឿងញៀនជាច្រើនម៉ឺនសន្លឹក បដាប្រឆាំងគ្រឿង ញៀន ត្រូវបានចែកផ្សព្វផ្សាយតាមទីតាំង ផ្លូវសំខាន់ៗ និងផ្លូវចេញ-ចូល-ឆ្លងកាត់រាជធានី-ខេត្ត រមណីយដ្ឋាន អានសារដោយពិធីករ ពិធីការិនីក្នុងពិធីប្រណាំងទូក និងប្រគំតន្រ្តី ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គម វិទ្យុ ទូរទស្សន៍ កាសែត ផ្សាយសារអប់រំនៅលើទូរសព័្ទដៃជាដើម ។

« ហើយខេត្តដែលមានរៀបចំពិធីប្រណាំងទូក គឺយើងមានដាក់ចងនូវបដាពាក្យស្លោកតាមច្រកចេញចូលទៅតាមពិធី ក៏ដូចជាពិធីករ ពិធីការិនី ទាំងកម្មវិធីផ្សាយផ្ទាល់ពិធីប្រណាំងទូក ក៏ដូចជាពិធីការិនីនៅតាមកម្មវិធីកម្សាន្តសប្បាយ មានការប្រគំតន្ត្រីជាដើម ក៏បានផ្ញើសារទៅកាន់អ្នកចូលរួមទស្សនា ពិធីប្រណាំងទូក ក៏ដូចជាការទស្សនានូវកម្មវិធីប្រគំតន្ត្រីផ្សេងៗ ដែលរៀបចំដើម្បីអបអរសាទរក្នុងពិធីប្រណាំងទូកនៅតាមបណ្ដារាជធានីខេត្តទាំងអស់នោះ » ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ ក្នុងស្ថានភាពមមាញឹកព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ កម្ពុជាបានខកខានការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ដូច្នេះអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្តសហការជាមួយគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនក្នុងពិធីបុណ្យប្រណាំងទូកតាមបណ្តាខេត្ត និងថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីបញ្ជូនសារទៅកាន់ប្រជាពលរដ្ឋជាការពញ្ញាក់ស្មារតី និងបង្កើនការចូលរួមទប់ស្កាត់បន្ថែមទៀត ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook