Connect with us

កងកម្លាំងប្រដាប់អាវុធ

ក្រុមអាជីវករលក់ដូរអំបុកនិងគ្រឿងរណ្តាប់សំពះព្រះខែសប្បាយរីករាយព្រោះមានអតិថិជនជួយទិញ និងគាំទ្រច្រើន

ក្រុមអាជីវករលក់ដូរអំបុកនិងគ្រឿងរណ្តាប់សំពះព្រះខែនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ បានបង្ហាញពីការសប្បាយចិត្តព្រោះមានអតិថិជនជួយទិញ និងគាំទ្រច្រើន សម្រាប់យកទៅសែនព្រេនដែលរក្សាបានទំនៀមទម្លាប់ប្រពៃណីជាតិ។

អ្នកស្រី មាស វណ្ណា ជាអាជីវករលក់អំបុកមកពីខេត្តព្រៃវែងបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែឆ្នាំនេះ ទោះបីរាជរដ្ឋាភិបាលផ្អាកក៏ពិតមែន តែបងស្រីបានយកអំបុកមកលក់នៅផ្សារកណ្តាលដោយប្រជាពលរដ្ឋបានទិញអំបុកទុកសំពះព្រះខែផងនិងទុកហូបជាលក្ខណៈគ្រួសារផង ដែលជាឱកាសល្អសម្រាប់បងស្រីរកចំណូលបន្ថែមពីការលក់អំបុកនារដូវបុណ្យអុំទូកនេះ។

អ្នកស្រីបានបន្តថា ការលក់អំបុកនេះមានរយៈពេលបីថ្ងៃមកហើយ ដោយក្នុងមួយថ្ងៃអាចលក់អស់អំបុកជិត១០០គីឡូ ដែលអំបុកមួយកំប៉ុងលក់ក្នុងតម្លៃ២០០០រៀល ហើយអាចរកចំណូលបានចន្លោះពី៣០ម៉ឺនទៅ៤០ម៉ឺនរៀល។

«ខ្ញុំយកសុខចន្ទ ជាអាជីវករម្នាក់ទៀតមកស្រុកស្អាងខេត្តកណ្ដាលបានឲ្យដឹងដែរថា លោកនិងភរិយាបានយកចេកនិងគ្រឿងរណ្តាប់សំពះព្រះខែមកលក់ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះរៀងដាច់គួរសមដោយប្រជាពលរដ្ឋមកទិញចេកនិងគ្រឿងរណ្តាប់សំព្រះខែច្រើនដែរ ដោយរកចំណូលបានជាង៥០ម៉ឺនរៀលក្នុងមួយថ្ងៃ ។

អ្នកស្រី ផល សុភាព ជាប្រពលរដ្ឋរស់នៅរាជធានីភ្នំពេញបានឱ្យដឹងថា អ្នកស្រីបានទិញអំបុក ចេកសម្រាប់អកអំបុកនិងសំពះព្រះខែ ដើម្បីរក្សាទំនៀមទម្លាប់ប្រពៃណីពីដូនតា និងទុកហូបជាមួយក្រុមគ្រួសារក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែឆ្នាំនេះ។

(សំឡេង)«បានជាអ៊ំទិញអំបុកនេះសម្រាប់ទុកទទួលព្រះខែនៅយប់នេះមួយទៀតគឺរក្សាទំនៀមទម្លាប់ពីបុរាណម៉ាកុងយើងកើតមកឃើញអ៊ីចឹង តែពីសង្គមចាស់កាលពីខ្ញុំនៅក្មេងៗទៅដាល់អំបុកនៅវត្តតែឥឡូវសម័យនេះនៅភ្នំពេញអត់មានទេ តែនៅវត្តស្រុកស្រែមានធ្វើ តែយើងនេះមានតែទិញពីផ្សារទុកទទួលព្រះខែ ដើម្បីសប្បាយរីករាយនៅពេលសំពះព្រះខែប្រពៃណីដូនតាយើងជុំគ្នា»។

សូមជម្រាបថា ពិធីបុណ្យសំពះព្រះខែ និង អកអំបុក តាមទំនៀមទម្លាប់ខ្មែរ រមែងយកថ្ងៃពេញបូរមី ថ្ងៃទី ១៥ កើត ខែកត្តិក ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធពិធី។
ចំពោះដង្វាយសែនក្នុងពិធីបុណ្យអកអំបុក និងសំពះព្រះខែ រួមមាន ៖ អំបុក ចេក ដូង ដំឡូង ត្រាវ អំពៅ និងផ្លែឈើផ្សេងៗ ជាផលានុផលដែលគេបានដាំដុះលើផែនដី និងទៀន ធូប ភ្ញីផ្កាជាដើម។

ប្រភពនៃពិធីសំពះព្រះខែ អកអំបុក តាមគម្ពីរបរមត្ថទីបនី អដ្ឋកថា ចរិយាបិដក ភាសាបាលីបានចែងថា ក្នុងភទ្ទបក្បនេះ ព្រះបរមពោធិសត្វនៃយើង ទ្រង់យោនយកកំណើតជាសសបណ្ឌិត «កំណើតជាទន្សាយ»។

នៅថ្ងៃពេញបូរមីមួយ សសបណ្ឌិតបានអធិដ្ឋានឧបោសថសីល ហើយឧទ្ទិសមំសៈជាទានបរមត្ថបារមី ដើម្បីបំពេញពោធិសម្ភារឲ្យបានត្រាស់ជាព្រះពុទ្ធ។ ព្រះឥន្ទទ្រង់ជា្របហេតុការណ៍នោះ ក៏ទ្រង់ក្រឡាខ្លួនជាព្រាហ្មណ៍ចាស់ មកសុំមំសាសសបណ្ឌិតជាអាហារសសបណ្ឌិតពោធិបានឲ្យព្រាហ្មចាស់នោះ បង្កាត់ភ្លើងភ្នក់ ហើយក្នុងពេលដែលភ្លើងកំពុងឆេះសន្ធោរសន្ធៅ សសបណ្ឌិតក៏រលាក់ខ្លួន ៣ដង ដើម្បីឲ្យសត្វល្អិតដែលជាប់នៅនឹងរោមជ្រុះចេញរួច ក៏លោតចូលទៅក្នុងភ្នក់ភ្លើងភ្លាម។

អស្ចារ្យណាស់ភ្លើងនោះពុំបានឆេះសសបណ្ឌិតសោះ ឥន្ទព្រាហ្មណ៍បានស្ទុះទៅពព្រះពោធិសត្វឡើងទៅដល់មណ្ឌលព្រះចន្ទ ហើយទ្រង់យកម្នាងសិលាគូររូបទន្សាយ ហើយឥន្ទព្រាហ្មណ៍អធិដ្ឋានថា សូមឲ្យរូបទន្សាយពោធិសត្វដែលខ្ញុំគូរនេះនៅជាប់រហូតដល់ទីបំផុតកប្ប។

ដោយអានុភាពទានបរមត្ថបារមីនៃព្រះពោធិសត្វផង និងសេចក្តីអធិដ្ឋានរបស់ព្រះឥន្ទផង រូបទន្សាយក៏ឃើញប្រាកដក្នុងមណ្ឌលព្រះចន្ទដរាបដល់សព្វថ្ងៃ។ ដោយជឿតាមរឿងនេះហើយ បានជានៅវេលាយប់ពេញបូរមី ខែកត្តិក រៀងរាល់ឆ្នាំ ខ្មែរយើងយកនំចំណី មានអំបុក និងចេកជាដើម មកបូជាព្រះចន្ទ ហៅថា ពិធីសំពះព្រះខែ អបអំបុក៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook