Connect with us

ព័ត៌មានទាន់ហេតុការណ៍

លោក ខៀវ សុភ័គ បំភ្លឺថា ពុំមានកងសន្តិសុខអាមេរិកស្នើសុំសិទ្ធិបាញ់ ប្រសិនមានពលរដ្ឋ លើកទូរសព្ទថតសំដៅមក ក្បួនរថយន្តរបស់ប្រធានាធិបតីអាមេរិកមក កម្ពុជាឡើយ !

ភ្នំពេញ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន តាមទូរសព្ទនាល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ថា , ពុំមានករណីកងសន្តិសុខអាមេរិកស្នើសុំសិទ្ធិកម្ពុជាបាញ់ប្រសិនមានពលរដ្ឋលើកទូរសព្ទថតសំដៅមកក្បួនរថយន្តរបស់ប្រធានាធិបតីអាមេរិកមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានឡើយ។

ការបំភ្លឺរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ គឺធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយសារសំឡេងតាមប្រព័ន្ធតេឡេក្រាមថា កងកម្លាំងអាមេរិកបានស្នើសុំសិទ្ធិបាញ់ពីរាជរដ្ឋាភិបាលកម្ពុជាថាប្រសិនមានពលរដ្ឋធ្វើដំណើរតាមក្បួន ឬជិះវ៉ាក្បួនរថយន្តរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងគណៈប្រតិភូអាមេរិកដែលធ្វើដំណើរមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា នោះកងកម្លាំងអាមេរិកនឹងបាញ់ដោយពុំមានការលើកលែងឡើយ។ ជាមួយគ្នានេះស្នើសុំសិទ្ធិបាញ់ ប្រសិនពលរដ្ឋហ៊ានលើកទូរសព្ទថតដោយសង្ស័យថាជាអាវុធក្នុងអំឡុងក្បួនរបស់ប្រធានាធិបតីអាមេរិកមកកម្ពុជា ។ ឆ្លើយតបមកអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងថា៖ «មិនមានព័ត៌មាននេះទេ។ នេះជាព័ត៌មានមិនពិត។ តាមពិតទៅវាគ្មានអ៊ីចឹងទេ បើរឿងពិតមែនហ្នឹងខ្មែរយើងយល់ព្រមទេ? ជាធម្មតាការងារអ៊ីចេះ (ធានាសុវត្ថិភាពគណៈប្រតិភូអាមេរិក) គេក្តាប់បានអស់ហើយ មុននឹងធ្វើគេដឹងអស់ហើយ គេប្រការមុន»។ ដើម្បីធានាសុវត្ថិភាពគណៈប្រតិភូជាតិ និងអន្តរជាតិ រាជរដ្ឋាភិបាលបានត្រៀមកងកម្លាំងចម្រុះជាង ១ម៉ឺននាក់នៅចាំល្បាត និងការពារនៅតាមដងផ្លូវដែលមានក្បួនរថយន្តគណៈប្រតិភូ និងនៅបរិវេណសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

គូសបញ្ជាក់ថា លោកប្រធានាធិបតី ចូ បៃឌិន នឹងមកបំពេញទស្សនាកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ។ បន្ទាប់មកលោកប្រធានាធិបតីអាមេរិកនឹងបន្តចូលរួមកិច្ចប្រជុំកំពូល G20 ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានៅប្រទេសឥណ្ឌូណេស៊ី។
ដោយឡែក ខាងអង្គភាព BTV បានបញ្ជាក់ថា, ទូរទស្សន៍ព័ត៌មាន BTV សូមអភ័យទោសចំពោះ កំហុសឆ្គងក្នុងការចេញផ្សាយនូវខ្លឹមសារព័ត៌មានដែលមានចំណងជើងថា «កងសន្តិសុខអាមេរិក ព្រមានបាញ់ប្រសិនបើអ្នកណាលើកទូរស័ព្ទថតពេលក្បួនលោក ចូ បាយដិន នៅតាមផ្លូវ»។

សូមបញ្ជាក់ថា ៖ការផ្សាយព័ត៌មានលើប្រព័ន្ធអនឡាន (Website Facebook & Telegram) នៅរសៀលថ្ងៃទី ៩ វិច្ឆិកានេះ នាំឲ្យមានការ យល់ច្រឡំពីសាធារណៈជន និងអាចនាំឲ្យមានការបារម្ភអំពីបញ្ហានេះ ខណៈដែលពេលនេះសមត្ថកិច្ចគ្រប់ផ្នែកកំពុងមានការយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនគណៈប្រតិភូនានា ហើយក៏កំពុងមានការចូលរួមសហការយ៉ាងល្អប្រសើរពីសំណាក់អ្នកដំណើរ និងបងប្អូន ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ។កំហុសឆ្គងខាងលើនេះដោយសារអ្នកយកព័ត៌មានរបស់ BTV ម្នាក់បានទទួលពីប្រភពមិនអាច យកជា ការបាន(សំឡេងចែកចាយតៗគ្នា)តាមប្រព័ន្ធទំនាក់ទំនងសង្គម។ ម្យ៉ាងទៀតការពុំបានស្តាប់គ្រប់ជ្រុងជ្រោយ និងខ្វះការផ្ទៀងផ្ទាត់ ជាមួយប្រធានអង្គភាព ឬស្ថាប័នមានសមត្ថកិច្ច ហើយសម្រេចបង្ហោះផ្សាយលឿនដោយពុំឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវពីអ្នកគ្រប់គ្រងការងារ គឺជាចំនុចដែលនាំឲ្យមានការសរសេរប្រាសចាកពីខ្លឹមសារដើម។

អាស្រ័យហេតុនេះ សូមសាធារណៈជនកុំមានការភ័ណ្ឌច្រឡំ។ ចំពោះប្រព័ន្ធផ្សព្វផ្សាយ(អនឡាញ)មួយចំនួន ស្នើបញ្ឈប់ការដកស្រង់ ឬយោងជាប្រភពព័ត៌មានសម្រាប់ផ្សព្វផ្សាយបន្ត។ សូមអរគុណ !

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook