(បាត់ដំបង)៖ ប្រជាកសិកររស់នៅក្នុងស្រុកមោងឬស្សី នៃខេត្តបាត់ដំបង បានបង្ហាញនូវការសប្បាយរីករាយក្រោយតម្លៃស្រូវបង្កើនរដូវប្រភេទអូអឹមនៅឆ្នាំនេះបានហក់ឡើងខ្ពស់ជាងឆ្នាំកន្លងទៅ ហើយទិន្នផលក៏ទទួលបានច្រើន។

ប្រជាកសិកររស់នៅក្នុងភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះបានលើកឡើងថា តំបន់ពួកគាត់មិនសូវអំណោយផលក្នុងការធ្វើស្រូវបង្កើនរដូវខ្លាំងណាស់ណានោះទេ ព្រោះនៅឆ្ងាយពីប្រភពទឹក ហើយស្ទឹងគោករាក់លឿនមិនមានទឹកដក់យូរខែ និងមួយវិញទៀតតែងជួបបញ្ហាគ្រោះរាំងស្ងួត ហើយកាលពីចុងឆ្នាំ២០២០ ក៏បានរងគ្រោះដោយទឹកជំនន់លិចលង់ស្រូវអស់ជាច្រើនហិកតាផងដែរ ។

ប្រជាកសិករដដែលបានបន្តថា រយៈពេលកន្លងទៅសម្រាប់ទិន្នផលស្រូវប្រមូលបាន គឺពេលលក់ទៅជារៀងរាល់ឆ្នាំមានចុះមានឡើង ដែលពេលខ្លះក្នុងមួយតោនលក់បានត្រឹមតែ ៧០ ទៅ ៨០ម៉ឺនរៀលប៉ុណ្ណោះ និងពេលខ្លះតម្លៃធ្លាក់ស្ទើរតែមិនអាចទទួលយកបានផងកាលពីឆ្នាំចាស ប៉ុន្តែដោយឡែកនៅឆ្នាំថ្មីនេះ ស្រូវប្រភេទអូអឹមដែលពួកគាត់កំពុងប្រមូលផលកាលពីដើមឆ្នាំបានហក់ឡើងខ្ពស់មិនធ្លាប់មាន ដោយក្នុងមួយតោនតម្លៃឡើងដល់ជាង ១លានរៀល តែប៉ុន្មានថ្ងៃចុងក្រោយនេះមានការធ្លាក់ចុះបន្តិចវិញ។

បើទោះបីជាតម្លៃស្រូវនៅប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះបន្តិចមែន ក៏ប៉ុន្តែពួកគាត់អាចទទួលយកបាន តែសំណូមពរធ្វើយ៉ាងណាកុំអោយថាទៅមុខទៀតតម្លៃស្រូវចុះជាងហ្នឹងទៀតទៅបានហើយ។
គួរបញ្ជាក់ថា សម្រាប់ខេត្តបាត់ដំបង នៅដើមឆ្នាំនេះ ក្រៅពីស្រូវប្រភេទអូអឹម ក៏មានស្រូវបង្កើនរដូវប្រភេទផ្សេងៗទៀត ដូចជា សែនក្រអូប និងអ៊ីអ៊ាជាដើម ក៏តម្លៃហក់ឡើងខ្ពស់ផងដែរ ៕