Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីចិនសន្យាគាំទ្រពេញទំហឹងចំពោះការអភិវឌ្ឍន៍នៅកម្ពុជា

(ភ្នំពេពញ) ៖លោកនាយករដ្ឋមន្ត្រី Li Keqiang បាននិយាយកាលពីថ្ងៃពុធ ថា ប្រទេស ចិននឹងគាំទ្រកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍កសិកម្មរបស់ខ្លួន ជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជា និងគម្រោងសំខាន់ៗ ព្រមទាំងជួយពន្លឿនឧស្សាហូបនីយកម្មរបស់ខ្លួន។

លោក Li បាន​ធ្វើ​ការ​កត់សម្គាល់​​នៅ​ពេល​ជួប​ជាមួយ​សម្តេចតេជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា។ លោកនាយករដ្ឋមន្ត្រីកំពុងធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ-១៩ ក៏នឹងចូលរួមកិច្ចប្រជុំជាបន្តបន្ទាប់ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានៅរដ្ឋធានីភ្នំពេញក្នុងប្រទេសកម្ពុជា។

លោក​បាន​បន្ត​ថា ចិន និង​កម្ពុជា​មាន​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី​យ៉ាង​ស៊ីជម្រៅ មាន​ការ​ទុក​ចិត្ត​ខាង​នយោបាយ​ទៅ​វិញ​ទៅ​មកកម្រិតខ្ពស់ ហើយ​សម្រេច​បាន​លទ្ធផល​ជា​ផ្លែផ្កា​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​លើ​គ្រប់​វិស័យ។

លោក Li បាននិយាយថា ប្រទេសចិននឹងជួយកម្ពុជាបោសសម្អាតមីន និងកម្មវិធីនានាពាក់ព័ន្ធនឹងការសាងសង់ផ្លូវ ការថែទាំសុខភាព និងការផ្គត់ ផ្គង់ទឹក ដើម្បីជួយកម្ពុជាលើកកម្ពស់សុខុមាលភាពប្រជាជន។

លោកក៏បានអំពាវនាវឱ្យប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ និងវប្បធម៌ និងបង្កើនចំនួនជើងហោះហើរត្រង់។ លោក Li បាននិយាយថា ប្រទេសចិនក៏ស្វាគមន៍និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិនផងដែរ។

នាយករដ្ឋមន្ត្រីបាននិយាយថា ប្រទេសទាំងអស់ មិនថាទំហំប៉ុនណាក៏ដោយ គឺមានភាពស្មើគ្មា ប្រទេសចិនគាំទ្រកម្ពុជាក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌរបស់ខ្លួន និងគាំទ្រក្នុងការដើរតួនាទីកាន់តែលេចធ្លោនៅក្នុងឆាកអន្តរជាតិ និងតំបន់។

លោក Li បាននិយាយថា ប្រទេសចិនមានឆន្ទៈរក្សាការផ្លាស់ប្តូរ និងទំនាក់ទំនងកម្រិតខ្ពស់យ៉ាងជិតស្និទ្ធជាមួយកម្ពុជា គាំទ្រគ្នាទៅវិញទៅមកលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗ ព្រមទាំងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងរឹងមាំនៃភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-កម្ពុជា។

លោកបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាដែលមានស្ថិរភាព និងវិបុលភាព មានសារសំខាន់ក្នុងការការពារស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ ក៏ដូចជាការលើកកម្ពស់ទំនាក់ទំនងរបស់ប្រទេសចិនជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ផងដែរ។

លោក Li បាននិយាយថា ប្រទេសចិនគាំទ្រយ៉ាងរឹងមាំនូវការរួបរួម និងមជ្ឈភាពរបស់អាស៊ាន គាំទ្រកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលដឹកនាំដោយអាស៊ាន និងការដើរតួនាទីកាន់តែធំក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសរបស់លោកប្រ កាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនតែមួយ ហើយមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរជាមួយប្រទេសចិនលើវិស័យដូចជា ពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម និងថាមពល។

លោកបានបន្តថា កម្ពុជាគោរពគោលការណ៍នៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ស្តីពីការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់ ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសចិន ដើម្បីធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធក្រោមក្របខណ្ឌពហុភាគី។

បន្ទាប់ពីជំនួបទ្វេភាគី លោក Li និងសម្តេចតេជោ ហ៊ុន សែន បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងការប្រែប្រួលអាកាសធាតុ។

ពួកគេក៏បានចូលរួមពិធីសម្ពោធជាផ្លូវការនូវផ្លូវល្បឿនលឿនភ្នំពេញ-ព្រះ សីហនុ ដែលជាគម្រោងដំបូងគេនៅកម្ពុជាក្រោមកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook