Connect with us

កងកម្លាំងប្រដាប់អាវុធ

រាជរដ្ឋាភិបាលកម្ពុជាបន្តខិតខំបង្កើនការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាស័ម្ពន្ធ ទាំងរូបវន្តនិងឌីជីថល

រាជរដ្ឋាភិបាលកម្ពុជាបន្តខិតខំបង្កើនការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាស័ម្ពន្ធ ទាំងរូបវន្ត និងឌីជីថល ដើម្បីទាក់ទាញការវិនិយោគ ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ាន ឆ្នាំ ២០២២ នៅ ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្រាប់កម្ពុជា, ដើម្បីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ប្រកបដោយភាពធន់, ចីរភាព និង បរិយាប័ន្ន, រាជរដ្ឋាភិបាលបានអនុម័តនូវ “ច្បាប់ស្ដីពីវិនិយោគ» ថ្មីមួយ និង បានដាក់ចេញនូវ “ក្រប ខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» ។

រាជរដ្ឋាភិបាលក៏បាន និង កំពុងបន្តខិតខំបង្កើនការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ, ទាំងរូបវន្ត និង ឌីជីថល; លើកកម្ពស់គុណភាពសេវាឡូជីស្ទីក, បង្កើនប្រសិទ្ធភាពនៃការ ផ្តល់សេវាសាធារណៈ, ជំរុញការអភិវឌ្ឍជំនាញ និង ការធ្វើទំនើបកម្មប្រព័ន្ធសន្តិសុខសង្គម ជាដើម ។ សម្តេចតេជោ បញ្ជាក់ថា វិស័យឯកជនមានតួនាទីកាន់តែសំខាន់ និង មិនអាចខ្វះបាន ក្នុងការចូលរួមជាមួយអាស៊ាន ដើម្បីជំរុញកិច្ចអភិវឌ្ឍតំបន់ ប្រកបដោយបរិយាប័ន្ន ភាពធន់ និង ចីរភាព។

«វិស័យឯកជនមានតួនាទីកាន់តែសំខាន់ និង មិនអាចខ្វះបាន ក្នុងការចូលរួមជាមួយ អាស៊ាន ដើម្បីជំរុញកិច្ចអភិវឌ្ឍតំបន់ ប្រកបដោយបរិយាប័ន្ន ភាពធន់ និង ចីរភាព ដូចជា៖ទី(១). ការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគ ជាពិសេស ការជំរុញការវិនិយោគ ផ្ទាល់ពីបរទេសបន្ថែមទៀត ក៏ដូចជាការទាញប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីតំបន់អាស៊ាន ដែលមានស្រាប់។ទី (២). ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល ការស្រាវជ្រាវ និង អភិវឌ្ឍន៍ និង ការលើកកម្ពស់នវានុវត្តន៍។ទី (៣). ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និង ចំណេះធ្វើ ការបណ្តុះបណ្តាលជំនាញឡើងវិញ (Re-skilling) និង ការលើកកម្ពស់ជំនាញបន្ថែម (Upskilling)។ទី (៤). ការលើកកម្ពស់កិច្ចអភិវឌ្ឍ ប្រកបដោយភាតរភាពបរិស្ថាន និង ការជំរុញឌីជីថលភាវូបនីយកម្ម ជាមួយនឹងការលើកកម្ពស់ ការកាត់បន្ថយគម្លាតឌីជីថល។ទី (៥). ការបំពេញបន្ថែមនូវតម្រូវការផ្នែកហិរញ្ញវត្ថុ សម្រាប់ការ ស្តារឡើងវិញនូវកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព»។

សម្តេច តេជោ បានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជាបានគាំទ្រយ៉ាងពេញ ទំហឹង ចំពោះកិច្ច ប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ាន ។ កម្ពុជានឹងប្តេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធ រួមគ្នាជាមួយនឹងប្រទេសសមាជិកអាស៊ាន និង ដៃគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍ សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ, ចីរភាព, បរិយាប័ន្ន និង ភាពប្រកួតប្រជែងខ្ពស់ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook