(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចបន្តឲ្យនាំចូលផលិតផលជលផលពីប្រទេសវៀតណាមឡើងវិញ ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែងក្នុងស្រុក ហើយការសម្រេចឲ្យនាំចូលផលិតផលជលផលពីប្រទេសវៀតណាមឡើងវិញ ក្រោយពីក្រសួងប្រកាសផ្អាកបានប្រមាណជា១ខែ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្រសួងនៅតែបន្តការអនុញ្ញាតឱ្យនាំចូលផល ផលិតផលជលផល ជាពិសេសត្រីចំនួន៤ ប្រភេទ ដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្អោ ដើម្បីតម្រូវការជាក់ស្តែងក្នុងស្រុក ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ហើយក្រសួង នឹងបន្តពិគ្រោះយោបល់ជាមួយសមាគមវារីវប្បករនៅកម្ពុជា អាជីវករនាំចេញ នាំចូលផល ផលិតផលជលផល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីកសាង និងទទួលស្គាល់លិខិតបទដ្ឋានបច្ចេកទេស។

បើតាមលិខិតក្រសួងដដែល តាមរយៈយន្តការគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា ក្រសួងសហការជាមួយក្រសួងពាក់ព័ន្ធ នឹងបន្តដោះស្រាយបញ្ហាប្រឈមរបស់វារីវប្បករ ដើម្បីអភិវឌ្ឍវិស័យវារីវប្បកម្ម និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់វារីវប្បករ ស្របតាមគោលការណ៍ពាណិជ្ជកម្មសេរី ព្រមទាំងធានាដល់ការការពារសុខភាព មនុស្ស សត្វ បរិស្ថាន និងជំរុញកំណើនពាណិជ្ជកម្ម។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ កន្លងទៅ ក្រសួងកសិកម្ម បានចេញសេចក្តី ប្រកាសព័ត៌មាន ដែលជាការជូនដំណឹងអំពីការព្រមព្រៀងគ្នា ដោយស្ម័គ្រចិត្តរវាងសមាគមវារីវប្បករនៅកម្ពុជា និងអាជីវករនាំចេញនាំចូលផល ផលិតផលជលផល ក្នុងការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលត្រីចំនួន៤ប្រភេទ រួមមាន ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្អៅ ពីក្រៅប្រទេស ហើយសេចក្តីប្រកាសព័ត៌មាននោះ ធ្វើឡើងដោយយោងលើអនុសាសន៏ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានណៃនាំឲ្យប្រើប្រាស់ឳកាសមាស ក្នុងការដាំដុះ ចិញ្ចឹមត្រី និងសត្វ ដើម្បីឈានទៅដល់ការកាត់បន្ថយការនាំចូល៕
