Connect with us

កងកម្លាំងប្រដាប់អាវុធ

កម្ពុជាបានដាក់ចេញនូវគោលជំហរនិងការយល់ឃើញរួម ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមទាំងអស់ក្នុងកិច្ចប្រជុំកំពូលអាស៊ាន

អ្នកនាំពាក្យក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ បានលើកឡើងថា ក្នុងឋានៈដែល កម្ពុជាធ្វើជាប្រធានអាស៊ានគឺបានដាក់ចេញនូវគោលជំហរនិងការយល់ឃើញរួម ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមទាំងអស់គ្នាទំាងក្នុងតំបន់និងនៅពិភពលោក។

ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ បានមានប្រសាសន៍ថានៅពេលដែលកម្ពុជាចាប់ផ្តើមធ្វើជាប្រធានអាស៊ាន កម្ពុជាមានបញ្ហាប្រឈមមួយចំនួនរួចទៅហើយ ឧទាហរណ៍ដូចជា បញ្ហានៅប្រទេសមីយ៉ាន់ម៉ា បញ្ហានៅប្រទេសអ៊ុយក្រែន ហើយស្របពេលជាមួយគ្នានេះ អាស៊ានក៏កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការងើបឡើងវិញ ចេញពីផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ១៩ផងដែរ ។ ក្នុងនោះដោយសារតែបញ្ហាសង្គ្រាមនៅអ៊ុយក្រែននិងបញ្ហាសកលមួយចំនួនទៀត ក៏បានបង្កនូវភាពមិនច្បាស់លាស់ទៅដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការងើបចេញពីវិបត្តិនៃជំងឺកូវីដ១៩ ។

 


ឯកឧត្តម បានបន្តថា ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥និងកិច្ចប្រជុំពាក់ព័ន្ធ គឺមានបញ្ហានៅច្រកសមុទ្រតៃវ៉ាន់បន្ថែមទៀត ។ ដោយឡែកចំពោះបញ្ហាខ្លះ គឺចូលជាឆ្នាំ ឬដល់ទសវត្សរ៍រួចទៅហើយ ដូចជា បញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ សមុទ្រចិនខាងត្បូង ជាដើម ។ ប៉ុន្តែក្នុងពេលជាមួយគ្នា ក៏មានការងើបឡើងនូវបញ្ហាដែលមិនមែនជាសន្តិសុខប្រពៃណី ដូចជា បញ្ហាបម្រែបម្រួលអាកាសធាតុ ប៉ុន្តែជារួម រាល់បញ្ហាទាំងអស់នេះ កម្ពុជាក្នុងនាមជាប្រធានអាស៊ានបានសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួម រវាងសមាជិកអាស៊ានដទៃទៀតដើម្បីធ្វើការឆ្លើយតប ។

 


« ទោះបីជាយ៉ាងណាក៏ដោយ អាស៊ានគឺមានការគិតគូរវែងឆ្ងាយ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងអស់ ហើយអ្វីដែលសំខាន់ សម្រាប់យើង គឺត្រូវធ្វើយ៉ាងណាមានកិច្ចសហការគ្នាទៅវិញទៅមក ដើម្បីជំរុញរបៀបវារៈនិងការងារអាទិភាពទាំងអស់នោះឲ្យទៅមុខ » ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត បានចាប់ដំណើរការពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ ។ កិច្ចប្រជុំអាស៊ាននេះ បានធ្វើឡើងក្រោមប្រធានបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ។ នេះជាពេលវេលាដ៏ឧត្តុង្គឧត្តមបំផុត ដែលកម្ពុជាមានកិត្តិយសបានទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀតនាពេលនេះ និងបានទទួលប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសមួយចំនួន រួមទាំងមេដឹកនាំនៃប្រទេសមហាអំណាចក្នុងតំបន់ និងលើពិភពលោកទៀតផង ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook