Connect with us

ព័ត៌មានជាតិ

ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានក្រុមលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងមហាផ្ទៃ

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព ប្រកាសចូលកាន់មុខតំណែង ជាប្រធានក្រុមលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការនៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងមហាផ្ទៃ។

ពិធីប្រកាសឱ្យចូលកាន់មុខតំណែងនេះ បានធ្វើព្រឹត្តឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ យ៉ាងច្រើនផងដែរ។

សូបញ្ជាក់ថា សម្តេចក្រឡាហោ ស ខេង បានសម្រេចកែសម្រួលសមាសភាពលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានលោកបណ្ឌិត ស៊ាង ប៊ុនឈាង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធានក្រុមលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ និងមានអនុប្រធាន ព្រមទាំងសមាជិកចំនួន២១រូប ផងដែរ។

សូមជម្រាបថា លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយរបស់ក្រសួងមហាផ្ទៃ ស្ថិតក្រោមការដឹកនាំផ្ទាល់របស់សម្ដេចក្រឡាហោម ស ខេង ដែលមានភារកិច្ចសំខាន់ៗរួមមាន៖

*ទី១៖ កសាងផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាពត្រៀមរៀបចំ ត្រៀមបង្ការ និងសកម្មភាពឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្ដរាយទាំងដំណាក់កាលមុនពេលកើត និងក្នុងពេលកើត។

*ទី២៖ ចូលរួមសហការជាមួយបណ្ដាលកងកម្លាំងមានសមត្ថកិច្ចផ្សេងៗ ធ្វើប្រតិបត្តិការរុករកសង្គ្រោះបន្ទាន់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋរងគ្រោះ រក្សាសន្ដិភាព សណ្ដាប់ធ្នាប់សង្គមពេលមានសំណូមពរ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។

*ទី៣៖ សម្របសម្រួល និងសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដយ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន ក្នុងការដាក់ចេញអនុវត្តនូវវិធានការចាំបាច់បន្ទាន់ ក្នុងការរុករក និងសង្គ្រោះ ចំពោះគ្រោះមហន្ដរាយ ដែលបាននិងកំពុងកើតឡើង។

*ទី៤៖ កសាងផែនការត្រៀមបម្រុងទុកជាមុន អំពីផ្នែកហិរញ្ញវត្ថុ មធ្យោបាយ និងសម្ភារចាំបាច់ ដើម្បីឆ្លើយតបដោះស្រាយទាន់ពេលវេលា ចំពោះប្រតិ្តបត្តិការរុករក និងសង្គ្រោះរបស់កងកម្លាំង។

និងទី៥៖ អនុវត្តភារកិច្ចផ្សេងៗទៀត ដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ឬរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃប្រគល់ឱ្យ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook