Connect with us

កងកម្លាំងប្រដាប់អាវុធ

ថ្នាក់ដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ាជជែកតទល់គ្នាអំពីបញ្ហាក្នុងតំបន់ និងពិភពលោក

ថ្នាក់ដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអន្តរសភាអាស៊ាន ហៅកាត់ អាយប៉ា(AIPA) ជជែកតទល់គ្នាអំពីបញ្ហាក្នុងតំបន់ និងពិភពលោក ដែលបាននិងកំពុងកើតឡើងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សន្តិភាព និងរង្គោះរង្គើដល់ផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្ម។

ជំនួបទល់គ្នារវាងថ្នាក់ដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ា នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាបាននិងកំពុងធ្វើជាម្ចាស់ផ្ទះនេះ គឺខាងផ្នែកនីតិប្រតិបត្តិមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ជាអ្នកដឹកនាំ និងផ្នែកនីតិប្បញ្ញត្តិមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងប្រធានអាយប៉ា លើកទី៤៣ ជាអ្នកដឹកនាំសមាជិក។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងនាមប្រធានប្តូរវេនរបស់អាយប៉ា បានអន្តរាគមន៍ បន្ទាប់ពីគណៈប្រតិភូសភានៃប្រទេសជាសមាជិកបញ្ជូនធាតុចូល ដើម្បីឱ្យប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃសមាជិកអាស៊ាន បន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ លើកិច្ចការរបស់អាស៊ាននៅគ្រប់កម្រិត ក្នុងន័យឆ្ពោះទៅរកគោលបំណងរួមគឺ សន្តិភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាមួយនឹងការពន្លឿន និងជំរុញឱ្យសម្រេចបាននូវសហគមន៍អាស៊ានមួយ និងត្រៀមខ្លួនសម្រាប់ការពង្រីកអាស៊ាននាពេលអនាគត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជំនួបដោយផ្ទាល់រវាងស្ថាប័នទាំងពីរនៃសមាជិកអាស៊ានពិតជាមានសារសំខាន់ក្នុងការចែករំលែកវឌ្ឍនភាពនៃការអភិវឌ្ឍ បញ្ហាប្រឈម និងការគិតគូររួមគ្នារកដំណោះស្រាយ ដើម្បីការកសាងសហគមន៍ឱ្យមានភាពរីកចម្រើន។ សម្តេចតេជោ បន្តថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាមួយមូលបទ«អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» កម្ពុជាបានផ្តោតលើការធានាឱ្យបាននូវប្រសិទ្ធភាពរបស់អាស៊ាន ក្នុងការធានាការស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព និងបរិយាប័ន្ន។ ចំពោះមុខអាស៊ាន បាននិងកំពុងជំរុញការអនុវត្តវិធានការនានា ដែលស្ថិតក្រោមយុទ្ធសាស្ត្រទាំងប្រាំនៃក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។

ជាមួយគ្នានេះ បានជំរុញការស្តារសេដ្ឋកិច្ចសហគមន៍អាស៊ាន តាមរយៈការពង្រឹងការតភ្ជាប់ទេសចរណ៍ ការលើកកម្ពស់វិទ្យសាស្រ្តនិងបច្ចេកវិទ្យាឌីជីថល ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន ការជំរុញសមាហរណកម្ម បរិយាប័ន្ន ភាពធន់ និងភាពប្រកួតប្រជែងឱ្យខ្លាំងជាងមុន ការជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដើម្បីជំរុញរំហូរពាណិជ្ជកម្ម បង្កើតភាពធន់ដល់ចង្វាក់ផ្គត់ផ្គង់ និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការការពារពលករចំណាកស្រុក ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ជាដើម។

គួររំឭកថា កិច្ចប្រជុំរវាងថ្នាក់ដឹកនាំអាស៊ាន និងអាយប៉ា លើកទី១ ត្រូវបានចាប់ផ្ដើមអនុវត្តន៍ជាលើកដំបូង នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី១៤ នៅឆ្នាំ២០០៩ នៅខេត្តហ៊ួហ៊ីនប្រទេសថៃ ក្រោមគំនិតផ្តួចផ្តើមរបស់សភាប្រទេសសមាជិកអាយប៉ា និងអាស៊ាន សំដៅនាំយកនូវធាតុចូល ដែលជាទស្សនៈរួម ដោយផ្ដោតសំខាន់លើបញ្ហាគន្លឹះ ដែលជាការប្រឈមរួមរបស់ប្រទេសជាសមាជិករួមមានផ្នែកសន្តិភាព ស្ថិរភាព សុខុមាលភាពប្រជាជន ការអភិវឌ្ឍ គ្រោះមហន្តរាយ ជំងឺរាតត្បាត ការវិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ ជាដើម។

ទោះជាយ៉ាងនេះក្តី សម្រាប់កិច្ចប្រជុំនៅឆ្នាំនេះ គណៈប្រតិភូសភានៃបណ្ដាប្រទេសសមាជិកអាយប៉ា ដែលបានចូលរួមកិច្ចប្រជុំទល់មុខគ្នាជាមួយរដ្ឋាភិបាលអាស៊ាន មានតែចំនួន៨ប្រទេសប៉ុណ្ណោះ គឺប្រទេសព្រុយណេដារូស្សាឡឹម ឡាវ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃ និងប្រទេសវៀតណាម ដោយអវត្តមានប្រទេសមីយ៉ាន់ម៉ាដែលកំពុងមានវិបត្តិជម្លោះផ្ទៃក្នុង និងប្រទេសម៉ាឡេស៊ី ដែលជាប់រវល់ការបោះឆ្នោត៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook