Connect with us

កងកម្លាំងប្រដាប់អាវុធ

ម៉ាឡេស៊ីបញ្ជូនតំណាងពិសេសរបស់នាយករដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា

នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីដែលគេមើលឃើញថា អវត្តមានក្នុងកិច្ចប្រជុំលើកនេះ ដោយសារជាប់រវល់ ការបោះឆ្នោតនៅក្នុងប្រទេសនោះ ក៏បានចេញសេចក្តីប្រកាសព័ត៌មានថា បានបញ្ជូនតំណាងអ្នកនយោបាយ ជាន់ខ្ពស់របស់ខ្លួន ក្នុងតួនាទីជាតំណាងពិសេសរបស់នាយករដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូម៉ាឡេស៊ីមកចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-ទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។

ការចាត់តំណាងមកចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់របស់គ្រួសារអាស៊ាននេះ ស្របពេល ប្រទេសមីយ៉ាន់ម៉ា អវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៨-១៣ ខែវិច្ឆិកា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការបរទេសម៉ាឡេស៊ី កាលពីថ្ងៃទី១០ ខែវិច្ឆិកា បានបញ្ជាក់ថា បេសកជនតំណាងជាន់ខ្ពស់របស់ខ្លួន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកមួយ ជាមួយមេដឹកនាំ មកពីប្រទេសអូស្ត្រាលី កាណាដា ចិន ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ ក៏ដូចជាកិច្ចប្រជុំកំពូលអាស៊ានបូកបី និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា(EAS)។ នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន ម៉ាឡេស៊ី ក៏នឹងចូលរួមក្នុងកិច្ចប្រជុំអន្តរសភារបស់មេដឹកនាំអាស៊ាន ជាមួយតំណាងនៃមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) ក្រុមប្រឹក្សាយុវជនអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ច អាស៊ាន(ASEAN BAC)។

សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ការចូលរួមរបស់ម៉ាឡេស៊ីក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្តមិនងាករេរបស់ខ្លួនចំពោះអាស៊ាន រួមទាំងការលើកកម្ពស់ភាពជាកណ្តាល និងឯកភាពអាស៊ាន កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍ និងការបន្តការចូលរួម និងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា និងភាគីខាងក្រៅរបស់អាស៊ាន ចំពេលមានភាពតានតឹងភូមិសាស្ត្រនយោបាយ កាន់តែខ្លាំងឡើង នៅកម្រិត ពិភពលោក និងបញ្ហាប្រឈមនៅក្នុងតំបន់។ ម៉ាឡេស៊ី ក៏នឹងរំឭកឡើងវិញនូវជំហររបស់ខ្លួនទាក់ទងនឹង ស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា និងអំពាវនាវឱ្យមានជំហរកាន់តែម៉ឺងម៉ាត់របស់អាស៊ាន ក្នុងការពិភាក្សា នៅឯកិច្ចប្រជុំកំពូលអាស៊ាន។

ដោយឡែក ទាក់ទងនឹងការអវត្តមានរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានឯកឧត្តម គង់ ភោគ អ្នកនាំពាក្យកិច្ច ប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ឱ្យដឹងថា បើទោះបីជាអវត្តមានប្រទេសមីយ៉ាន់ម៉ា ក៏ទង់ជាតិ និងកៅអី សម្រាប់ប្រទេសមីយ៉ាន់ម៉ានៅរក្សាដដែល។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន បានព្យាយាមឱ្យតំណាងអ្នកនយោបាយ និងតំណាងអ្នកមិននយោបាយ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែរ តែមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកពហិកា។ ទោះជាយ៉ាងនេះក្តី បើទោះបីជាមិនមានវត្តមានតំណាងមីយ៉ាន់ម៉ា ក៏កិច្ចប្រជុំអាស៊ាននៅតែអាចសម្រេចកិច្ចការក្នុងរូបភាពជាកុងសង់ស៊ីសដដែល ត្បិតប្រធានអាស៊ានបាន អញ្ជើញរដ្ឋសមាជិកចូលរួមហើយ។

រាជរដ្ឋាភិបាលកម្ពុជាដែលជាប្រធានអាស៊ានឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនាពេលនេះ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់ គ្នា» ខណៈបរិបទពិភពលោកកំពុងវិវត្ត និងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន ក្នុងគោលបំណងឱ្យ មេដឹកនាំនៃប្រទេសជាសមាជិករួមគ្នាពង្រឹង និងជំរុញការអនុវត្តន៍វិធានការនានា ដែលស្ថិតក្រោមយុទ្ធសាស្ត្រ ទាំង៥ នៃក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។ ជាមួយគ្នានេះ ក៏ជំរុញការស្តារសេដ្ឋកិច្ច សហគមន៍អាស៊ាន តាមរយៈការពង្រឹងការតភ្ជាប់ទេសចរណ៍ ការលើកកម្ពស់វិទ្យសាស្រ្តនិងបច្ចេកវិទ្យា ឌីជីថល ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន ការជំរុញសមាហរណកម្ម បរិយាប័ន្ន ភាពធន់ និងភាពប្រកួតប្រជែងឱ្យខ្លាំងជាងមុន ការជំរុញការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយគ្នា និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដើម្បីជំរុញរំហូរពាណិជ្ជកម្ម បង្កើតភាព ធន់ដល់ចង្វាក់ផ្គត់ផ្គង់ និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការការពារពលករចំណាកស្រុក ការលើកកម្ពស់ការអនុវត្តន៍សេដ្ឋកិច្ចបៃតង ជាដើម៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook