Connect with us

កងកម្លាំងប្រដាប់អាវុធ

អាស៊ាននិងអង្គការសហប្រជាជាតិ បន្តរួមគ្នាខិតខំដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីជំរុញ ឱ្យមានវឌ្ឍនភាពលើការអភិវឌ្ឍប្រកបដោយចីរភាព

អាស៊ាននិងអង្គការសហប្រជាជាតិ បន្តរួមគ្នាខិតខំដោះស្រាយរាល់បញ្ហាប្រឈមនានា ដោយការ ផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានចាំបាច់នានារវាងអាស៊ាននិងអង្គការសហប្រជាជាតិ ដើម្បីពិនិត្យមើល នូវការអនុវត្តន៍សកម្មភាពបំពេញបន្ថែមទៅវិញទៅមក ដែលអាចគាំទ្រដល់ការអនុវត្តន៍ផែនការកសាង សហគមន៍អាស៊ានឆ្នាំ២០២៥ និងរបៀបវារ:ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

ថ្លែងនៅក្នុងពីធីបើកកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១២ (12th ASEAN-UN Summit) នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះ ឯកឧត្ដម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តមថ្នាក់ដឹកនាំ អាស៊ាន និងឯកឧត្ដមអគ្គលេខាធិការអាស៊ាន ខណៈកាលពីថ្ងៃទី២២ខែកញ្ញាកន្លងទៅ នៅទីស្នាក់ការ អង្គការសហប្រជាជាតិ ឯកឧត្តមអគ្គលេខាធិការបានសន្យាជាមួយសម្តេចថា នឹងធ្វើដំណើរមកកាន់ រាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំនាថ្ងៃនេះ ពិតជាស័ក្ដសិទ្ធជាមួយនឹងការសន្យារបស់ឯកឧត្ដម។

ក្នុងនាមជាប្រធានអាស៊ាន សម្តេចតេជោ បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ដែលអាចរៀបចំកិច្ច ប្រជុំកំពូលនៅក្នុងឆ្នាំនេះ ដែលនឹងផ្តល់ឱកាសយ៉ាងសំខាន់ក្នុងការចំណាយពេលដ៏ល្អជាមួយគ្នា ដើម្បី ពង្រឹងបន្ថែមទៀតនូវភាពជាដៃគូគ្រប់ជ្រុងជ្រាយ ដ៏យូរអង្វែងរវាងអាស៊ាននិងអង្គការសហប្រជាជាតិ។
សម្តេចតេជោបន្ថែមថា តំបន់អាស៊ានក៏ដូចជាសកលលោកទាំងមូល កំពុងស្ថិតនៅលើចំណុចរបត់មួយ ដោយបាននិងកំពុងជួបប្រទះនូវការប្រែប្រួល និងភាពមិនប្រាកដប្រជាកាន់តែច្រើនឡើង ដែលទាមទារឱ្យ មានភាពចាំបាច់ នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងវិស័យសំខាន់ៗ រួមមាន ការស្តារសង្គមសេដ្ឋកិច្ចឡើងវិញ ពីកូវីដ១៩ ការដោះស្រាយការគំរាមកំហែងពីការប្រែប្រួលអាកាសធាតុ ការ ការជំរុញឱ្យមានវឌ្ឍនភាព លើការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ។

ក្នុងស្មារតីនេះ ក្នុងនាមជាប្រធានអាស៊ាន សម្តេចតេជោ បានធ្វើការវាយតម្លៃខ្ពស់ចំពោះ វឌ្ឍនភាពសំខាន់ៗ នៃការអនុវត្តន៍ផែនការសកម្មភាពដើម្បីសម្រេចឱ្យបាននូវសេចក្ដីថ្លែងការណ៍រួម ស្ដីពីភាពជាដៃគូគ្រប់ ជ្រុងជ្រោយ រវាងអាស៊ាននិងអង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ២០២១ ២០២៥។ វឌ្ឍនភាពដ៏ប្រសើរនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសម្រេចបាននូវការបំពេញបន្ថែមឱ្យគ្នា ទៅវិញទៅមក រវាងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិដើម្បីរក្សាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និង ការអភិវឌ្ឍន៍សង្គម។

ទំនាក់ទំនងរបស់អាស៊ានជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ (UN) បានចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ 1970 តាមរយៈកិច្ចសហប្រតិបត្តិការដំបូងជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។ កម្មវិធីអនុតំបន់អាស៊ាន-UNDP ត្រូវបានចាប់ផ្តើមនៅឆ្នាំ 1977 ក្នុងគោលបំណងជួយអាស៊ាន ឱ្យកាន់តែ ប្រសើរឡើងជាមួយនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងកិច្ចខិតខំប្រឹងប្រែងសមាហរណកម្ម។ ប៉ុន្មានឆ្នាំមកនេះ អាស៊ានបានបង្កើតទំនាក់ទំនងការងារជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងៗ លើវិស័យ និងបញ្ហាផ្សេងៗ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុង បាងកក នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០០០ ដែលជាកិច្ចប្រជុំក្រៅសម័យប្រជុំលើកទី ១០ នៃសន្និសីទអង្គការ សហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD)៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook