Connect with us

កងកម្លាំងប្រដាប់អាវុធ

មេដឹកនាំអាស៊ានអបអរសាទរចំពោះខួប២០ឆ្នាំ របស់ DOC ដែលនេះបញ្ជាក់ថា បញ្ហាសមុទ្រចិនខាងត្បូងកំពុងមានភាពស្ងប់ស្ងាត់

ភ្នំពេញ៖ មេដឹកនាំអាស៊ានបានសម្តែងការអបអរសាទរចំពោះខួប២០ឆ្នាំ នៃការចេញសេចក្តីថ្លែងការណ៍ ក្រមប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង ហៅកាត់ថា DOC ដែលនេះបញ្ជាក់ពីសញ្ញាថា បញ្ហាសមុទ្រចិនខាងត្បូងមានសភាពស្ងប់ស្ងាត់ មិនបានក្លាយជារបៀបវារៈក្ដៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឡើយ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបាន ធ្វើឡើងនារាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម គង់ ភោគ រដ្ឋលេខាធិការក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានមានប្រសាសន៍ថា ថ្វីដ្បិតតែរឿងសមុទ្រចិនខាងត្បូងនៅតែជារឿងសំខាន់ក្នុងតំបន់ ប៉ុន្មានឆ្នាំនេះសមុទ្រចិនខាងត្បូងស្ងប់ស្ងាត់ ធម្មតាទេ គ្មានជម្លោះអ្វីទេ ប៉ុន្តែក៏មានតិចតួច មិននាំដល់ការប៉ះទង្គិចគ្នានោះដែរ។

សំឡេង៖ «បញ្ហានេះភាគីពាក់ព័ន្ធទាំងអស់បានបង្ហាញនូវអាកប្បកិរិយាថា ជារឿងដែលត្រូវការពេលវេលា ដែលត្រូវដោះសា្រយដែរ ។ អ៊ីចឹងអ្វីដែលពួកគាត់ត្រូវធ្វើ បច្ចុប្បន្នគឺការកសាងជំនឿទុកចិត្ត កន្លែងណាដែល អាចសហការគ្នា ឧទាហរណ៍ដូចជា បញ្ហាបរិស្ថានសមុទ្រ ការវិវត្តបញ្ហាសន្តិសុខ បទល្មើសសមុទ្រជាដើម ពួកគាត់អាចធ្វើការជាមួយគ្នាបាន ហើយឆ្នាំនេះ អាស៊ានបានចេញសេចក្តីថ្លែងការណ៍អបអរសាទរ ខួប២០ ឆ្នាំ នៃការបង្កើត DOC ថែមទៀត។»។

ឯកឧត្តមបន្តថា កាលឆ្នាំ២០០២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន លើកដំបូង អាស៊ាន-ចិន បានចេញ សេចក្តីថ្លែងការណ៍ក្រមប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូងហៅកាត់ថា DOC ដើម្បីដោះស្រាយ បញ្ហាសមុទ្រចិនខាងត្បូងនេះ បានន័យថា របៀបរបបនៃការបញ្ចៀសការប៉ះទង្គិចគ្នា គឺផ្តើមចេញពីកម្ពុជា។
ពាក់ព័ន្ធទៅនឹងការចរចា ស្តីពីក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង ហៅកាត់ថា COC វិញ ប្រទេសកម្ពុជា រួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញធ្វើយ៉ាងណាឱ្យមានការចរចាគ្រប់ភាគីពាក់ព័ន្ធឱ្យបានចប់សព្វគ្រប់ ខណៈដែលពង្រាង COC នេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨មកម៉្លេះ ប៉ុន្តែត្រូវបានរាំងស្ទះមិនបានពិភាក្សា គ្នាមួយរយៈដោយសារបញ្ហាកូវីដ-១៩។

ឯកឧត្តម គង់ ភោគ បញ្ជាក់ថា ការពិភាក្សាបញ្ហានេះ ទាមទារឱ្យមានការជួបប្រជុំដោយផ្ទាល់ មិនអាចធ្វើការ ពិភាក្សាពីចម្ងាយតាមរយៈប្រព័ន្ធវីដេអូបានទេ។ តែយ៉ាងណាក្តី បន្ទាប់ពីកូវីដបានធូរស្រាលហើយ ភាគីពាក់ព័ន្ធ ខិតខំជំរុញឱ្យមានសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង(COC) មួយ ដែលអាចទទួលយកបាន ដើម្បីបញ្ចប់ជម្លោះទាំងស្រុង។

សូមបញ្ជាក់ថា ប្រទេសដែលពាក់ព័ន្ធទៅនឹងបញ្ហាសមុទ្រចិនខាងត្បូងនេះ រួមមានប្រទេសចិន ហ្វីលីពីន វៀតណាម ប្រ៊ុយណេ និងប្រទេសម៉ាឡេស៊ី ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook