Connect with us

ព័ត៌មានទាន់ហេតុការណ៍

ភ្លេងជាតិ​អ៊ុយ​ក្រែន​បន្លឺ​ឡើង​នៅ​ទីក្រុង​ឃើ​សុន ​បន្ទាប់ពីរុស្ស៊ីបរាជ័យ យ៉ាងអាម៉ាស់

(​ទីក្រុងគៀវ​) ៖ សំឡេងភ្លេងជាតិ​អ៊ុយ​ក្រែន​បាន​បន្លឺ​ឡើង​នៅ​កណ្តាល​ទីក្រុង​ឃើ​សុនឡើវិញ (Kherson) ខណៈ​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បានប្រកាស​ទីក្រុង​នេះ​ជា “​របស់​យើង​” បន្ទាប់​ពី​រុស្ស៊ី​បានប្រកាស​បញ្ចប់​ការដក​ខ្លួន​ទ័ព​ចេញពី​ទីក្រុង​ធំ​ក្នុង​តំបន់​ឃើ​សុន​ នេះតាមព័ត៌មានដែលអង្គភាព សារព័ត៌មានកម្ពុជាសន្តិភាព ទទួលបាននៅ ព្រឹក ថ្ងៃ សៅរ៍​ ទី ១២ ខែ វិច្ឆកា ឆ្នាំ​២០២២។​

បើតាមប្រធានាធិបតី ​លោក​ហ្សេ​លេន​ស្គី​បាន​សរសេរ​នៅលើ Telegram ដោយ​បង្ហោះ​វីដេអូ​មួយ ដែល​ហាក់​បង្ហាញ​កងទ័ព​អ៊ុយ​ក្រែន​ប្រមូលផ្តុំ​គ្នា​ជាមួយ​អ្នក​ស្រុក​ថា “​រហូតមកទល់​ពេលនេះ​អ្នកការពារ​របស់​យើង​គឺ​នៅ​​ជាយក្រុង ប៉ុន្តែ​អង្គភាព​ពិសេស​បាន​ស្ថិតនៅក្នុង​ក្រុង​រួច​ទៅ​ហើយ​”​។​

​លោក អង់ឌ្រី ហ្សូ​ឡូប (Andriy Zholob) មេបញ្ជាការ​នៃ​អង្គភាព​ពេទ្យ​ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល ៥០ គីឡូម៉ែត្រ​ពី​ទីក្រុង​ឃើ​សុន បាន​និយាយថា “​យើង​ឃើញ​ក្មេងៗ​រត់​មក​ជួប​យើង​ហើយ​​ស្វាគមន៍​យើង​”​។​

​លោក​បាន​បន្ថែមថា “​យើង​បានឃើញ​ទឹកមុខ​ញញឹម​ស្រស់ស្អាត ផ្កា កន្សែង​ប៉ាក់ ដែល​យើង​បង្ហាញ​នៅ​លើ​យានជំនិះ​របស់​យើង​”​។​

​សភា​អ៊ុយ​ក្រែន​បាន​ផ្សព្វផ្សាយ​វីដេអូ​នៃ​ការចាក់​ភ្លេងជាតិ​នៅ​ទីលាន​កណ្តាល​ក្នុង​ទីក្រុង​ឃើ​សុន​និង​ហ្វូងមនុស្ស​តូច​មួយ​ប្រមូលផ្តុំ​គ្នា​ជុំវិញ​ភ្នក់ភ្លើង​ក្នុង​ស្បៃ​រាត្រី​មុនពេល​កាមេរ៉ា​ពង្រីក​លើ​ទង់​​ជាតិ​អ៊ុយ​ក្រែន​ដែល​បង្ហូត​លើ​អគារ​រដ្ឋាភិបាល​។

​ចំណងជើង​ក្នុង​វីដេអូ​នោះ​សរសេរថា “​ភ្លេងជាតិ​អ៊ុយ​ក្រែន​នៅ​កណ្តាល​ក្រុង​ឃើ​សុន​” បានបន្លឺឡើងវិញហើយ​។​

​សូមបញ្ជាក់ថា​ នៅក្នុង​ខេត្ត​មី​កូឡាអ៊ីវ (Mykolaiv) ក្បែរ​នោះ ដែល​រុស្ស៊ី​ដណ្តើម​យក​មិន​បាន ប៉ុន្តែ​បាន​រង​ការវាយប្រហារ​ជាច្រើន​ខែ​នោះ អភិបាលខេត្ត​លោក វី​តា​លី គីម (Vitaliy Kim) បាន​និយាយថា តំបន់​ទាំងមូល លើកលែង​តែ​ជ្រោយ​គី​មបឺន (Kinburn) នៅ​ភាគខាងត្បូង បាន​ត្រឡប់​ទៅរក​ការគ្រប់គ្រង​របស់​អ៊ុយ​ក្រែន​វិញ​ហើយ​។​

​លោក​គីម​បាន​សរសេរ​នៅលើ Telegram ថា “​ឥឡូវនេះ វា​ផ្លូវកា​រហើយ ៖ តំបន់​មី​កូឡាអ៊ីវ​ទាំងមូល (​លើកលែង​តែ​ជ្រោយ​គី​មបឺន​) ត្រូវ​បាន​រំដោះ​” មកវិញហើយ៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook