Connect with us

ព័ត៌មានទាន់ហេតុការណ៍

នោះវីវរហើយ​!លោក ត្រាំ រងការស៊ើបពីការព្យាយាមប្តូរលទ្ធផលឆ្នោតរដ្ឋ Georgia បន្ថែមពីលើសំណុំរឿងនៅព្រឹទ្ធសភា

ការិយាល័យមន្ត្រីរៀបចំការបោះឆ្នោតរដ្ឋ Georgia បានប្រកាសបើកការស៊ើបអង្កេតលើអតីតប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះការព្យាយាមប្តូរលទ្ធផលបោះឆ្នោតក្នុងរដ្ឋនេះ។ លោក ត្រាំ ចាញ់ លោក ចូ បៃឌិន នៅរដ្ឋ Georgia ហើយស្នើឱ្យមន្ត្រីក្នុងរដ្ឋនេះ ស្វែងរកសន្លឹកឆ្នោតបន្ថែមដើម្បីឱ្យលោកឈ្នះវិញ។ ការស៊ើបអង្កេតនេះ អាចនឹងឈានដល់ការស៊ើបអង្កេតព្រហ្មទណ្ឌដោយអាជ្ញាធររដ្ឋ និងសហព័ន្ធផងដែរ។

នៅថ្ងៃទី៨ ខែកុម្ភៈ លោក Brad Raffensperger មន្ត្រីរៀបចំការបោះឆ្នោតនៅរដ្ឋ Georgia បើកការស៊ើបអង្កេតលើអតីតប្រធានាធិបតី ដូណាល់ ត្រាំ ក្រោយពេលលោក ត្រាំ បានទូរសព្ទមកលោក Raffensperger ផ្ទាល់ និងជំរុញឱ្យប្តូរលទ្ធផលបោះឆ្នោត។ ក្នុងកិច្ចសន្ទនាថ្ងៃទី២ ខែមករា លោក ត្រាំ អះអាងថា មានការបន្លំសន្លឹកឆ្នោត តែពុំបានបង្ហាញភស្តុតាងអ្វីឡើយ។

«អ្វីដែលខ្ញុំចង់ធ្វើនោះគឺ ស្វែងរកសន្លឹកឆ្នោត១១,៧៨០បន្ថែម»។ នេះជាការលើកឡើងរបស់លោក ត្រាំ ក្នុងកិច្ចសន្ទនាទូរសព្ទជាមួយលោក Raffensperger ខណៈលោកត្រូវការសំឡេងឆ្នោត១១,៧៨០បន្ថែមទៀតដើម្បីឈ្នះលោក បៃឌិន វិញ។ អ្នកជំនាញច្បាប់លើកឡើងថា លោកត្រាំ អាចនឹងបំពានច្បាប់បោះឆ្នោតចំនួន៣គឺ ការសមគំនិតក្នុងការបន្លំការបោះឆ្នោត ការញុះញង់ឱ្យប្រព្រឹត្តការបន្លំការបោះឆ្នោត និងការមានបំណងជ្រៀតជ្រែកចូលក្នុងកិច្ចការបោះឆ្នោត។

ក្នុងកិច្ចសន្ទនាដោយឡែកមួយទៀតនៅខែ ធ្នូ លោក ត្រាំ ក៏បានជំរុញឱ្យមន្ត្រីស៊ើបអង្កេតការបោះឆ្នោតជ្រៀតជ្រែកចូលលទ្ធផលបោះឆ្នោតផងដែរ។ នេះបើតាមលោក Walter Jones អ្នកនាំពាក្យការិយាល័យលេខាធិការរដ្ឋ Georgia ។ ក្រោយការស៊ើបអង្កេតនេះចប់រួចរាល់ របាយការណ៍ នឹងត្រូវបង្ហាញទៅក្រុមប្រឹក្សាបោះឆ្នោតប្រចាំរដ្ឋ។ ក្រុមប្រឹក្សានោះនឹងត្រូវពិចារណាលើសកម្មភាពផ្លូវច្បាប់ ហើយបញ្ជូនសំណុំរឿងនេះទៅរដ្ឋមន្ត្រីយុត្តិធម៌ប្រចាំរដ្ឋចាត់ការបន្ត។

ក្រោយអស់តំណែង លោក ត្រាំ អាចនឹងប្រឈម បណ្តឹងជាច្រើនទៀត ព្រោះលោកលែងមានអភ័យឯកសិទ្ធិ ដែលការពារប្រធានាធិបតីពីការកាត់ទោសដោយតុលាការ។ ការស៊ើបអង្កេតលើលោក ត្រាំដោយមន្ត្រីរដ្ឋ Georgia ធ្វើឡើងចំពេលដែលព្រឹទ្ធសភាអាមេរិក ចាប់ផ្តើមការកាត់ក្តីលោកត្រាំលើបទចោទបះបោរប្រឆាំងរដ្ឋាភិបាលអាមេរិក បន្ទាប់ពីអ្នកគាំទ្រលោកត្រាំបានអុកឡុកវិមានសភាដែលកំពុងប្រជុំបញ្ជាក់ជ័យជម្នះលោក បៃឌិន។

នៅថ្ងៃទី៨ កុម្ភៈ មេដឹកនាំសំឡេងភាគច្រើនព្រឹទ្ធសភា លោក Chuck Schumer នៃបក្សប្រជាធិបតេយ្យ និយាយថា នីតិវិធីក្នុងការកាត់ក្តីលោក ត្រាំ ទទួលបានការយល់ព្រមពីសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ រដ្ឋអាជ្ញា និងមេធាវីលោក ត្រាំ ។ នៅថ្ងៃទី៩ ខែកុម្ភៈ ព្រឹទ្ធសភានឹងពិភាក្សាពីធម្មនុញ្ញភាពនៃកាត់ក្តី បន្ទាប់មកបោះឆ្នោតអនុម័តនីតិវិធី។

នៅថ្ងៃទី១០ កុម្ភៈ តំណាងរាស្ត្រ៩រូបនៃបក្សប្រជាធិបតេយ្យ ដែលដើរតួនាទីជារដ្ឋអាជ្ញាក្នុងការកាត់ក្តី និងក្រុមមេធាវីលោក នឹងលើកអំណះអំណាង និងភស្តុតាងមកការពាររៀងៗខ្លួន។ ក្រោយមក សមាជិកព្រឹទ្ធសភាអាចលើកជាសំណួរដោយសសេរទៅរដ្ឋអាជ្ញា និងក្រុមមេធាវីបាន។ ក្នុងការកាត់ក្តីលោក ត្រាំ លើកនេះ រដ្ឋអាជ្ញាពឹងផ្អែកច្រើនលើភស្តុតាងជាវីដេអូ។ ចំណែកការកោះហៅសាក្សីវិញ អាចធ្វើទៅបានដរាបណាមានការយល់ព្រមពីព្រឹទ្ធសភា។

យោងតាមវិសោធនកម្មបន្ថែមទី១៤ នៃរដ្ឋធម្មនុញ្ញអាមេរិក បើព្រឹទ្ធសភារកឃើញថា មានទោសក្នុងការបះបោរមែន នោះលោក ត្រាំ នឹងមិនអាចឈរឈ្មោះបោះឆ្នោត ឬកាន់តំណែងក្នុងរដ្ឋាភិបាលបានទៀតឡើយ។ លោក ត្រាំ ធ្លាប់បានបង្ហាញពីបំណងក្នុងការបង្កើតបក្សនយោបាយថ្មី ដើម្បីឈរឈ្មោះប្រធានាធិបតីឆ្នាំ២០២៤។ បន្ថែមពីនេះ លោកក៏នឹងអាចបាត់បង់អត្ថប្រយោជន៍ដែលអតីតប្រធានាធិបតីទទួលបានដូចជាប្រាក់ចូលនិវត្តន៍ ការការពារ និងការទទួលបានព័ត៌មានសម្ងាត់ជាដើម៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook