របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ បានបង្ហាញនូវគោលដៅថ្មីច្បាស់លាស់របស់កម្ពុជាពាក់ព័ន្ធនឹងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានចំនួនប្រមាណ ៦៤,៦លានតោន នៃសមមូលឧស្ម័នកាបូនិកក្នុងមួយឆ្នាំ ត្រឹមឆ្នាំ២០៣០។

របាយការណ៍ខាងលើនេះ ត្រូវបានប្រកាសដាក់ឲ្យផ្សព្វផ្សាយជាផ្លូវការ ក្រោមអធិបតីភាព លោក សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។
នាឪកាសនោះ លោក សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ទោះបីកម្ពុជា ជាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច ហើយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ត្រឹមតែមួយភាគប្រាំបី ក្នុងមនុស្សម្នាក់ៗ បើធៀបទៅនឹងមធ្យមភាគនៃការ បញ្ចេញនៃពិភពលោកក៏ដោយ ក៏កម្ពុជា កំណត់គោលដៅដោយមានមហិច្ចតា ក្នុងការកាត់បន្ថយតាមវិស័យ និងដាក់ចេញនូវសកម្មភាពបន្ស៉ាំដែលមានភាពស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។
លោក ក៏បានអះអាងបន្តថា របាយការណ៍ Updated NDC របស់ប្រទេសកម្ពុជានេះ ក៏បានបង្ហាញពីការប្តេជ្ញាចិត្ត និងតម្រូវការសម្រាប់ទសវត្សរ៍បន្ទាប់ ដើម្បីធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យនៃសង្គមមួយដែលមានការបញ្ចេញកាបូនតិច មានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាពថែមទៀត។

គួរបញ្ជាក់ថា របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ បានបង្ហាញនូវគោលដៅថ្មីច្បាស់លាស់របស់កម្ពុជាពាក់ព័ន្ធនឹងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានចំនួនប្រមាណ ៦៤,៦លានតោន នៃសមមូលឧស្ម័នកាបូនិកក្នុងមួយឆ្នាំ ត្រឹមឆ្នាំ២០៣០ ឬស្មើនឹង៤១,៧ភាគរយ ដែលក្នុងនោះ ៥៩,១% មកពីវិស័យព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត។
ក្នុងនោះដែរ ប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិបានឯកភាពរក្សាឱ្យបាននូវកំណើនកម្តៅផែនដីឱ្យនៅកម្រិតទាបជាង ២អង្សាសេ និងបន្តឱ្យនៅត្រឹម ១,៥អង្សាសេ បើប្រៀបធៀបទៅនឹងកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម ដើម្បីកាត់បន្ថយនូវហានិភ័យ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។
យ៉ាងណា ដើម្បីសម្រេចតាមគោលដៅនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏បានស្នើឡើងនូវសកម្មភាពបន្ស៊ាំអាទិភាពរបស់ខ្លួន សរុបមានចំនួន៨៦សកម្មភាព ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឱ្យកាន់តែមានប្រសិទ្ធភាព៕