Connect with us

កងកម្លាំងប្រដាប់អាវុធ

អាស៊ាន-កាណាដា នឹងជំរុញការស្តារសេដ្ឋកិច្ច ក្នុងតំបន់ទាំងពីរឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩

ប្រធានអាស៊ានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា គឺជាការបោះជំហាន ជាវិជ្ជមាន ដំបូងស្របតាមទិសដៅ ដែលនឹងជំរុញការស្តារសេដ្ឋកិច្ច ក្នុងតំបន់ទាំងពីរឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។

ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាណាដា នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម ចាស្ទីន ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា និងជាសហប្រធាន នៃកិច្ច ប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ទំនាក់ទំនងអាស៊ាន-កាណាដា ។

សម្តេចតេជោថ្លែងថា ក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះ ជាមួយនឹងប្រាជ្ញាស្មារតី និងបំណងប្រាថ្នារួមដ៏មុតមាំ ក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ទាំងពីរ។ ក្នុងភាពជាដៃគូដ៏យូរអង្វែង នឹងបាននាំមកនូវសមិទ្ធផលលេចធ្លោលើគ្រប់វិស័យ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះ ស្រាយបញ្ហាប្រឈម ទាំងក្នុងតំបន់ និងលើសកលលោក ជាពិសេសការលើកកម្ពស់សុខុមាលភាព និង ជីវភាព រស់នៅរបស់ប្រជាជន ។

ក្នុងនាមជាប្រធានអាស៊ាន សម្តេចតេជោ បានវាយតម្លៃខ្ពស់ ចំពោះសំណើរបស់កាណាដា ក្នុងការពង្រីក ទំនាក់ទំនងរវាងអាស៊ាន និងកាណាដា ទៅជាដៃគូយុទ្ធសាស្រ្ត ដែលជាទិសដៅដ៏ប្រសើរ សម្រាប់ការជំរុញ ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កាណាដា ឱ្យកាន់តែស្អិតល្មួត និងស៊ីជម្រៅថែមទៀត ។

ហេតុនេះ ការបើកការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា នាពេលថ្មីៗនេះ គឺជា ការបោះជំហានជាវិជ្ជមានដំបូង ស្របតាមទិសដៅនេះ ដែលនឹងជំរុញការស្តារសេដ្ឋកិច្ច ក្នុងតំបន់ទាំងពីរ ឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នាពេលនេះ អាចប្រមូលផ្តុំនូវមតិយោបល់ និងអនុសាសន៍ ប្រកបដោយប្រាជ្ញាស្មារតី និងទស្សនៈវិស័យល្អៗ សម្រាប់ ការជំរុញបន្ថែមទៀត នូវសន្ទុះយ៉ាងលឿននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីផ្តល់ផលប្រយោជន៍ ឱ្យកាន់តែច្រើន សម្រាប់ប្រជាជនប្រទេសទាំងពីរក្នុងទសវត្សរ៍ខាងមុខទៀត។

សូមបញ្ជាក់ថា ប្រទេសកាណាដាបានក្លាយជាដៃគូសន្ទនាអាស៊ានក្នុងឆ្នាំ ១៩៧៧ ហើយក្លាយជាដៃគូសន្ទនា សហការលើបញ្ហានយោបាយនិងសន្តិសុខ សមាហរណកម្មតំបន់ ផលប្រយោជន៍សេដ្ឋកិច្ច កិច្ចសន្ទនាអន្តរ ជំនឿ ឧក្រិដ្ឋកម្មឆ្លងដែន និងប្រឆាំងភេរវកម្ម ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងវិស័យផ្សេងៗ ទៀត។
ពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសកាណាដានៅអាស៊ីអាគ្នេយ៍កំពុងពង្រីកយ៉ាងឆាប់រហ័ស មិនត្រឹមតែក្នុងបរិមាណប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងវិស័យជាច្រើន រួមមានប្រេង និងឧស្ម័ន ការជីកយករ៉ែ បច្ចេកវិទ្យាខ្ពស់ ទូរគមនាគមន៍ កសិ-អាហារ សេវាកម្មហិរញ្ញវត្ថុ អាកាសចរណ៍ និងទំនិញប្រើប្រាស់។ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ កាណាដា និងអាស៊ានបានចាប់ផ្តើមការចរចាឆ្ពោះទៅរកកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីកាណាដា-អាស៊ាន (FTA)។

ប្រទេសកាណាដា និងអាស៊ានគឺជាភាគីនៃសេចក្តីថ្លែងការណ៍រួមកាណាដា-អាស៊ានស្តីពីពាណិជ្ជកម្ម និង ការវិនិយោគ ដែលផ្តល់វេទិកាមួយសម្រាប់ប្រទេសកាណាដា និងសមាជិកអាស៊ាន ដើម្បីផ្លាស់ប្តូរព័ត៌មាន ស្តីពីឱកាសពាណិជ្ជកម្ម ការវិនិយោគ និងពង្រឹងការចូលរួមពាណិជ្ជកម្ម៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook